សន្ដិសុខសង្គម

ខ្មែរអ៊ីស្លាមលើកគ្នាមករំដោះមេខ្យល់ពាក់ព័ន្ធដីព្រៃខុសច្បាប់ពីក្នុងដៃសមត្ថកិច្ច

ដោយ៖សុខុម
ស្ទឹងត្រែង៖សមត្ថកិច្ចចម្រុះ ដឹកនាំដោយ លោកជា សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែងចុះឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធនាំ ប្រជាពលរដ្ឋខ្មែរអ៊ីស្លាមជាច្រើនគ្រួសារកាន់កាប់ដីព្រៃរបស់រដ្ឋដោយខុសច្បាប់នៅស្រុកសេសាន។
ក៏ប៉ុន្តែក្រោយមក ប្រជាពលរដ្ឋខ្មែរអ៊ីស្លាមជាច្រើននាក់បានលើកគ្នាមករំដោះមេខ្យល់ពីរនាក់នោះពីដៃសមត្ថកិច្ចយកទៅវិញ។


លោកស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបានប្រាប់ដល់អ្នកសារព័ត៌មាននៅថ្ងៃទី២៨កុម្ភៈ២០២៤ថា កម្លាំងសមត្ថកិច្ចអាជ្ញាធរស្រុកសេសាន ចុះបង្ក្រាបករណីការកាប់ទន្ទ្រានដីព្រៃរដ្ឋខុសច្បាប់យកធ្វើជាកម្មសិទ្ធិក្នុងតំបន់ឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង(អតីតច្រករបៀងអភិរក្សជីវៈចម្រុះតំបន់ការពារធម្មជាតិ)ស្ថិតក្នុងឃុំតាឡាត ស្រុកសេសានខេត្តស្ទឹងត្រែង ។


លោកស្រេង ជាហេង បាននិយាយបន្តថា ក្រុមការងារបានចុះដល់ចំណុចកើតហេតុបានជួបប្រជាពលរដ្ឋខ្មែរ(ខ្មែរអ៊ីស្លាម)ចំនួន២៦នាក់ ហើយក៏បានធ្វើការអប់រំផ្សព្វផ្សាយណែនាំ និងធ្វើការសាកសួរព័តមាន។ប្រជាពលរដ្ឋទាំងនោះបានឆ្លើយថា ពួកគាត់មករស់នៅលើដីនេះតាមរយៈមេខ្យល់លក់ដីទិញដី តាំងពីឆ្នាំ២០១៧មកម៉្លេះ មានប្រជាជនមករស់នៅចំនួន១២៣គ្រួសារ មាន១២៣ខ្នងផ្ទះ សុទ្ធសឹងជាខ្មែរអ៊ីស្លាមទាំងអស់ ។

ប្រជាពលរដ្ឋទាំងនោះបានប្រាប់បន្តទៀតថា ពួកគាត់ គឺមកពីខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ។ក្នុងមួយគ្រួសារមានដីចាប់ពី៥ហិកតាឡើងទៅ ។ដីព្រៃខាងលើនេះ ពួកគាត់បានទិញពីមេខ្យល់ ក្នុងតម្លៃ៣០០ដុល្លារខ្លះ និង៧០០ដុល្លារខ្លះ និងរហូតដល់២០០០ដុល្លារក្នុង១ក្បាលដី ។ប្រជាពលរដ្ឋទាំងនោះបានបង្ហើបប្រាប់ថា មេខ្យល់ដែលលក់ដីព្រៃឲ្យពួកគាត់មានឈ្មោះ សុល្យ សាម៉ា(ហៅយាយម៉ា) ឈ្មោះ ស្លះ វ៉ឺត ឈ្មោះម៉ាន សរលីហុីន ជាខ្មែរអ៊ីស្លាម ។


លោកស្រេង ជាហេង បានបន្តថា ក្រៅពីប្រជាជនខ្មែរអ៊ីស្លាមចំនួន១២៣គ្រួសារ ក្រុមការងារបានបន្តរកឃើញចំនួន៩០ខ្នងផ្ទះបន្ថែមទៀត នៅតំបន់ក្បែរៗនោះ ដែលធ្វើផ្ទះចោល ពុំមានមនុស្សរស់នៅ តែបានលួចកាប់ទន្ទ្រានដីព្រៃយ៉ាងអនាធិបតេយ្យ អស់ហើយ។


លោកប្រធានមន្ទីរបរិស្ថាន បានបញ្ជាក់ថា កម្លាំងបរិស្ថានបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់។ នៅពេលឃាត់ខ្លួននោះ ឈ្មោះសល់ ថុល បានដឹកនាំប្រជាពលរដ្ឋមកច្រើនកុះករធ្វើការរំដោះយកទៅវិញ ។ ដើម្បីជៀសវាង មានហិង្សាកើតឡើង លោកជា សុភ័ក្រ ព្រះរាជអាជ្ញរងក៏បញ្ជាឲ្យកម្លាំងបរិស្ថានដោះលែងជនសង្ស័យទាំង២នាក់ទៅវិញរង់ចាំបន្តនីតីវិធីតាមក្រោយ៕