សេដ្ឋកិច្ច

ទិន្នផលអំបិលក្នុងខេត្តកែបឆ្នាំនេះអាចទទួលបានបរិមាណខ្ពស់ដែលមិនធ្លាប់មាន

ដោយ៖ កំចាយ
កែប÷ ការប្រមូលផលអំបិលក្នុងខេត្តកែបសម្រាប់ឆ្នាំនេះអាចទទួលបានបរិមាណខ្ពស់ដែលមិនធ្លាប់មានកន្លងមក។ ថ្នាក់ដឹកនាំខេត្តកែបបានជំរុញដល់មន្ត្រីពាក់ព័ន្ធឲ្យលើកទឹកចិត្តដល់ម្ចាស់ការដ្ឋានបន្តយកចិត្តទុកដាក់ក្នុងផលិតអំបិលដើម្បីកាត់បន្ថយការនាំចូល និងផ្តល់ការងារជូនពលរដ្ឋមូលដ្ឋាន។

នារសៀលថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៤ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យសកម្មភាពផលិតអំបិលនៅការដ្ឋានមួយចំនួនក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ។

លោក ភោគ សុខេន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកែបបានជម្រាបជូនថ្នាក់ដឹកនាំថា ការផលិតអំបិលក្នុងខេត្តកែបទទួលបានបរិមាណខ្ពស់ដោយគិតត្រឹមមុនដំណាច់ខែកុម្ភ: ឆ្នាំ២០២៤ ផលដែលប្រមូល និងដាក់ចូលក្នុងឃ្លាំងទទួលបាន៣.៩៧០តោន។

ទិន្នផលនេះបានកើនឡើងរហូតដល់១០០ភាគរយបើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ លោកប្រធានមន្ទីរបានបន្តថា ផ្អែកលើអាកាសធាតុអំណោយផលល្អ ដោយរដូវក្តៅអាចអូសបន្លាយរយ:ពេលយូរទៅមុខ មន្ទីរជំនាញរំពឹងថាអំបិលឆ្នាំនេះនឹងផលិតបានក្នុងបរិមាណខ្ពស់ដែលបណ្តាឆ្នាំកន្លងទៅមិនធ្លាប់ជួបប្រទះ។ នៅទូទាំងខេត្តកែបមានការដ្ឋានផលិតអំបិលចំនួន៧ទីតាំង ដោយឆ្នាំនេះផ្ទៃដីផលិតជាក់ស្តែងមាន៣៣១ហិកតា លើផ្ទៃដីសរុបទំហំ៤៩៧ ហិកតា។ ក្នុងនោះឃ្លាំងស្តុកអំបិលមានចំនួន៤៤ និងបានផ្ដល់ការងារជូនពលរដ្ឋចំនួន១៩៣នាក់។

មានប្រសាសន៍ក្នុងដំណើរចុះពិនិត្យខាងលើ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានណែនាំថា អាជ្ញាធរ ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធត្រូវបន្តអនុវត្តគោលនយោបាយលើកទឹកចិត្ត និងជំរុញផលិតកម្មអំបិលឲ្យបានខ្លាំងក្លាជាងមុន។ បន្ថែមលើនេះ ត្រូវលើកទឹកចិត្តដល់ម្ចាស់ការដ្ឋានបន្តផលិតអំបិលរៀងរាល់ឆ្នាំ ព្រោះនេះជាកេរដំណែលពីដូនតាដែលបានបន្សល់ទុកជាយូរលង់មកហើយ។ ម្យ៉ាងទៀត ផលិតផលអំបិលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាទំនិញយុទ្ធសាស្រ្តដ៏ចម្បងបំផុត៕