សេដ្ឋកិច្ច

ជំរុញល្បឿនដឹកជញ្ជូនឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ និងពិនិត្យបញ្ហារបស់អ្នកវិនិយោគក្នុងក្រុងប៉ោយប៉ែត

ដោយ : បន្ទាយ
បន្ទាយមានជ័យ : ប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះទៅពិនិត្យដំណើរការដឹកជញ្ជូននៅច្រកព្រំដែនអន្តរជាតិស្ទឹងបត់និងតំបន់សេដ្ឋកិច្ចនៅក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដើម្បីជំរុញសកម្មភាពដឹកជញ្ជូនឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ឱ្យបានលឿនរហ័សនិងសណ្តាប់បញ្ហារបស់អ្នកវិនិយោគក្នុងក្រុងនេះដែលកំពុងជួបប្រទះ ។

នៅច្រកទ្វារអន្តរជាតិស្ទឹងបត់ លោកឧបនាយករដ្ឋ មន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ កាលពីចុងសប្តាហ៍មុននាខែកុម្ភៈ ឆ្នាំ២០២៤ បានជួបជាមួយភាគីពាក់ ព័ន្ធរួមមាន លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករតំណាងក្រសួងសាធារណការនិងដឹកជញ្ជូន តំណាងីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិជប៉ុន(ចៃកា:JICA) និងអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀត។

ការចុះមកពិនិត្យនៅច្រកស្ទឹងបត់និងជួបជជែកជាមួយអាជ្ញាធរពាក់ព័ន្ធនេះ ដើម្បីរិះរកយន្តការមួយចំនួនពន្លឿននីតិវិធីនានា់ក្នុងការដឹកជញ្ជូនទំនិញឆ្លងការព្រំដែនអន្តរជាតិស្ទឹងបត់របស់កម្ពុជា-ច្រកព្រំដែនអន្តរជាតិបានណង អៀនរបស់ថៃ។

ក្នុងឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី បានជម្រាបដល់ភាគីពាក់ព័ន្ធថា ការលើកកម្ពស់បរិយាកាស វិនិយោគ កាត់បន្ថយនីតិវិធីស្មុគស្មាញសម្រាប់ការធ្វើធុរកិច្ច គឺជាកិច្ចការ ដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត យកចិត្តទុកដាក់ខ្ពស់ដើម្បីទាក់ទាញការវិនិយោគនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល និយាយក្នុងសំដីដើមថា «សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រឹងប្រែងណាស់ក្នុងការដើរទាក់ម៉ូយ ដូច្នេះយើងគ្រប់គ្នាត្រូវតែប្រឹងប្រែងរួមគ្នាជួយរក្សានិងថែទាំម៉ូយទាំងអស់ហ្នឹងតាមរយៈការផ្តល់ ភាព ងាយស្រួលដល់ការរកស៊ីរបស់គេ»។

បន្តមកទៀត លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងប្រតិភូ បានចុះពិនិត្យច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនមួយចំនួន ដែលកំពុងដំណើរ ការនៅតំបន់សេដ្ឋកិច្ចពិសេសសានកូ និងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប។

ក្រុមហ៊ុននិងរោងចក្រទាំងនោះរួមមាន៖
១-ក្រុមហ៊ុន Nidec Die-Casting (Cambodia) Co., Ltd. ជាគម្រោងវិនិយោគផលិតសម្ភារៈអេឡិចត្រូនិកស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសសានកូ ប៉ោយប៉ែតក្នុងទុនវិនិយោគចំនួន២០,៦៣ លានដុល្លារអាម៉េរិក មានទីផ្សារនាំចេញទៅកាន់ប្រទេស ថៃ, ជប៉ុន, សិង្ហបុរី និងសហរដ្ឋអាម៉េរិក បានបង្កើតការងារចំនួន៨០៣កន្លែង។
២-ក្រុមហ៊ុន NHK Spring (Cambodia) Co., Ltd. ជាគម្រោងវិនិយោគកម្មន្ដសាលស្រោមពូកស្បែករថយន្តស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសសានកូ ប៉ោយប៉ែត ក្នុងទុនវិនិយោគចំនួន៨,១៥លានដុល្លារអាម៉េរិក មានទីផ្សារនាំចេញទៅកាន់ប្រទេសថៃ បានបង្កើតការងារចំនួន ២៣៩កន្លែង។
៣-ក្រុមហ៊ុន HGB Motors Assembly Co., Ltd. ជាគម្រោងវិនិយោគកម្មន្ដសាលផ្គុំនិងដំឡើងរថយន្តស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ប៉ោយប៉ែតក្នុងទុនវិនិយោគ៧លានដុល្លារអាម៉េរិក មានទីផ្សារលក់នៅក្នុងស្រុក បានបង្កើតការងារចំនួន ៧៦កន្លែង។

ក្រៅពីចុះពិនិត្យសង្វាក់ផលិតកម្មរួចនោះ លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល ក៏បានជួបស្តាប់នូវបញ្ហានានារបស់អ្នកវិនិយោគកំពុងប្រឈមនាពេលបច្ចុប្បន្ន ហើយសន្យាលើកយកបញ្ហានោះដាក់ជូនរាជរដ្ឋាភិបាលដើម្បីដោះស្រាយជូនពួកគេ ។

ក្នុងនោះដែរ លោកបានលើករំលឹកគោលនយោបាយពាក់ព័ន្ធ ការវិនិយោគរបស់រាជរដ្ឋាភិបាល ។ជាពិសេសរហូតដល់គំនិតផ្តួចផ្តើមបង្កើតតំបន់សេដ្ឋកិច្ចពិសេស រវាងកម្ពុជា-ជប៉ុន និងតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ថៃ ផងទៀត ៕