ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន លើកទឹកចិត្តសហព័ន្ធសេវាអប់រំនៅកម្ពុជាបន្តចូលរួមអភិវឌ្ឍវិស័យអប់រំជាមួយរាជរដ្ឋាភិបាល

ដោយៈសិរីមតី/ភ្នំពេញ៖ឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តឱ្យសហព័ន្ធសេវាអប់រំនៅកម្ពុជានិងសមាជិកទាំងអស់ បន្តចូលរួមអភិវឌ្ឍវិស័យអប់រំជាមួយរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡាឱ្យកាន់តែសកម្មថែមទៀត តាមរយៈការបង្កើនការវិនិយោគលើការអប់រំឱ្យកាន់តែច្រើន ដើម្បីកសាងប្រព័ន្ធអប់រំមួយដែលមានសមធម៌ គុណភាព ភាពធន់ ភាពឆ្លើយតប ទៅនឹងតម្រូវការនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា តំបន់ និងសកលលោក។

ឯកឧត្តមបណ្ឌិតបានថ្លែងដូច្នេះនៅក្នុងសន្និបាតប្រចាំឆ្នាំ២០២៣នៃសហព័ន្ធសេវាអប់រំនៅកម្ពុជានាល្ងាចថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២៤ នាមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ដែលក៏មានការប្រគល់ជូននូវបណ្ណសរសើរគ្រូឆ្នើមប្រចាំឆ្នាំ២០២៣ នៃសហព័ន្ធសេវាអប់រំនៅកម្ពុជាផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ បានបន្តលើកឡើងថា៖សន្និបាតបូកសរុបការងារឆ្នាំ ២០២៣ នេះ នឹងផ្តល់ឱកាសបន្ថែមទៀត ដើម្បីបានជួបពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា តាមរយៈការឆ្លុះបញ្ចាំងពីសមិទ្ធកម្ម នៃការវិនិយោគ ដែលយើងបានខិតខំប្រឹងប្រែងនាពេលកន្លងមក ក៏ដូចជា ដើម្បីដកស្រង់នូវឧត្តមានុវត្តន៍សម្រាប់ជាមូលដ្ឋាន ក្នុងការដោះស្រាយបញ្ហាប្រឈមនានា និងបង្កើតនូវកាលានុវត្តភាពថ្មីៗ ជាពិសេសកំណត់ទិសដៅជាអាទិភាព ក្នុងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ឱ្យស្របតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំ យុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ, និងបរិវត្តកម្មអប់រំឌីជីថល។

បច្ចុប្បន្ននេះ ក្រសួងអប់រំ យុវជន និងកីឡា បាន និងកំពុងខិតខំធ្វើកំណែទម្រង់ការអប់រំនៅកម្រិតសាលារៀន ដើម្បីឆ្ពោះទៅលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ព្រមទាំងឆ្លើយតបនឹងវិធានការគន្លឹះ៤ ដែលបានដាក់ចេញដោយ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  រួមមាន៖ (១). អភិបាលកិច្ចសាលារៀន (២). សកម្មភាពក្រៅម៉ោងសិក្សា សម្រាប់អប់រំសីលធម៌ និងចរិយាធម៌ (៣). សុខភាពសិក្សា និងទី(៤). ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ។

លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា និងអគ្គនាយករង ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានមានប្រសាសន៍ថា៖នេះគឺជាសន្និបាតប្រចាំឆ្នាំលើកទី២របស់សហព័ន្ធសេវាអប់រំនៅកម្ពុជា ក្នុងការជួបជុំសមាជិកជាង១០០ គ្រឹះស្ថានអប់រំ ដើម្បីបង្កើនទំនាក់ទំនង និងសាទរនូវសមិទ្ធផលដែលយើងទទួល បានពីការសាមគ្គីគ្នា បង្កើតជាសមាគមតាំងពីឆ្នាំ២០២០ និងអំឡុងពេល កូវីដ១៩មកម្ល៉េះ លទ្ធផលនេះ ស បញ្ជាក់យ៉ាងច្បាស់ពី សុភាសិតខ្មែរមួយពោលថា “សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់”។    សហព័ន្ធសេវាអប់រំនៅកម្ពុជា តែងតែស្តាប់ និងព្យាយាមសម្របសម្រួលបញ្ហាដែលសមាជិកបានជួបប្រទះ ជាពិសេសការផ្តល់យោបល់ ផ្តល់ព័ត៌មាន និងលើកទឹកចិត្ត គ្រឹះស្ថានដែលជាសមាជិកឱ្យគោរពតាមច្បាប់នានាផងដែរ។

លោកបានឱ្យដឹងថា៖សហព័ន្ធសេវាអប់រំនៅកម្ពុជា ត្រូវបានបង្កើតឡើង នាដើមឆ្នាំ២០២០ ដោយចុះបញ្ជីនៅក្រោមក្រសួងមហាផ្ទៃ ក្រោមចក្ខុវិស័យចង់ឃើញ ធនធានមនុស្សនៅប្រទេសកម្ពុជាមានចំណេះដឹង ជំនាញនិងភាពជាអ្នកដឹកនាំកាន់តែខ្ពស់ ដើម្បីអភិ​វឌ្ឍ​ប្រទេសជាតិ។ បេសកកម្មចំបងៗរបស់សហព័ន្ធសេវាអប់រំនៅកម្ពុជាមានដូចជា៖ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធន​ធាន​មនុស្ស ក្នុងវិស័យអប់រំចំណេះទូទៅ ការអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ចំណេះដឹងសហគ្រិនភាព ចំណេះដឹងហិរញ្ញវត្ថុ ចំណេះដឹងបច្ចេកវិទ្យា និងការអប់រំភាពជាអ្នកដឹកនាំ,ប្រមូលផ្តុំគ្រឹះស្ថានអប់រំបណ្តុះបណ្តាល និងដៃគូពាក់ព័ន្ធបង្កើតប្រព័ន្ធអេកូឡូស៊ីគាំទ្រសម្រាប់ការអប់រំ និងបណ្តុះបណ្តាល ដើម្បីការរីកចម្រើនលើគុណភាពធនធានមនុស្សដែលគាំទ្រ និងឆ្លើយ តបល្អតាមតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ,ស្រាវជ្រាវ និងចែករំលែកចំណេះដឹងអប់រំ ព័ត៌មានទីផ្សារការងារ តម្រូវការចំណេះជំនាញនានា ដែលប្រទេសជាតិត្រូវការនាពេលអនាគត,ពង្រឹងចំណេះដឹង និងជំនាញគ្រូបង្រៀន គ្រូបណ្តុះបណ្តាល និងអ្នកអប់រំទូទៅ ដើម្បីធានាបាននូវលទ្ធផលការសិក្សាខ្ពស់របស់សិស្សានុសិស្ស និស្សិត និងសិក្ខាកាម ។

មកដល់បច្ចុប្បន្ននេះសហព័ន្ធសេវាអប់រំនៅកម្ពុជាមានសមាជិក ចំនូន ១៣០ ស្ថាប័ន ដែលរួមមានសាលារៀនជាតិ និងអន្តរជាតិ ស្ថាប័នបណ្តុះបណ្តាល ក្រុមហ៊ុនបច្ចេកវិទ្យាអប់រំ អង្គការគាំទ្រវិស័យអប់រំ និងក្រុមហ៊ុនមួយចំនួនទៀតដែលផ្តល់សេវាគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សមានបុគ្គលិកអប់រំ និង គ្រូបង្រៀនសរុបជាងប្រាំមួយពាន់ (៦,០០០) នាក់ និងសិស្សជាងមួយម៉ឺននាក់។ ចាប់តាំងពីឆ្នាំ២០២០មក សហព័ន្ធសេវាអប់រំនៅកម្ពុជាបានបំពេញការងារជាច្រើនដោយសហការយ៉ាងជិតស្និទ្ធ ជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវះ និងបណ្តាដៃគូជាច្រើនទៀត។ក្នុងឆ្នាំបន្ទាប់ៗទៀតសកម្មភាពទាំងនេះនឹងនៅតែជាសកម្មភាពអទិភាពរបស់សហព័ន្ធសេវាអប់រំនៅកម្ពុជា។

លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា បានមានប្រសាសន៍ថា៖ដើម្បីចូលរួមចំណែកអនុវត្តផែនការយុទ្ធសាស្រ្តបញ្ចកោណទី១ ការអភិវឌ្ឍមូលធនមនុស្សរបស់រាជរដ្ឋាភិបាល សហព័ន្ធសេវាអប់រំនៅកម្ពុជាគ្រោងអនុវត្តផែនការសកម្មភាពដូចជា៖ ប្តេជ្ញាចូលរួមបង្កើនស្នាដៃក្នុងការគ្រប់គ្រងសាលារៀន និងបង្រៀនឱ្យកាន់តែមានប្រសិទ្ធិភាពដើម្បីជំរុញលទ្ធផលសិក្សាសិស្សកាន់តែប្រសើរ ដោយផ្តោតលើគុណភាពអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា,ចូលរួមជាមួយរាជរដ្ឋាភិបាល និងគាំទ្រក្នុងការធ្វើបច្ចុប្បន្នកម្ម កម្មវិធីសិក្សានៅគ្រប់កម្រិត និងការបង្កើតបរិយាកាសល្អ សម្រាប់ការសិក្សាពេញមួយជីវិត ដោយផ្តោតលើការពង្រឹងសមិទ្ធិផលដែលមានស្រាប់ និងជំរុញឱ្យមានការពង្រឹងអភិបាលកិច្ច និងប្រសិទ្ធិភាពគ្រប់គ្រង ព្រមទាំងជំរុញការចូលរួម និងភាពជាម្ចាស់ការរបស់មាតា បិតា សហគមន៍ និងវិស័យឯកជនផងដែរ,លើកទឹកចិត្ត និងជំរុញឱ្យមានការកែលម្អលើទំនើបកម្មក្នុងវិស័យអប់រំជាពិសេសឌីជីថល  ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលតាមសាលារៀន និងជំរុញក្នុងការចាប់យកមុខវិជ្ជា វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និង គណិតវិទ្យា ដែលហៅកាត់ថា STEAM,គាំទ្រនិងជំរុញលើការយកចិត្តទុកដាក់បង្កើនសីលធម៍ និងឥរិយាបថល្អដល់សិស្សានុសិស្ស,ជំរុញ និងផ្តោតលើការអភិវឌ្ឃជំនាញយុទ្ធសាស្រ្ត ជំនាញការត្រិះរិះបែបស៊ីជម្រៅ  លើកកម្ពស់ការស្រាវជ្រាវ ការអភិវឌ្ឍ និងនវានុវត្ត ព្រោះជំនាញទាំងនេះគឺពិតជាមានសារៈសំខាន់សម្រាប់ទាំងវិស័យរដ្ឋ និងឯកជន,លើកទឹកចិត្តឱ្យមានឱកាសចុះហ្វឹកហាត់ការងារកាន់តែទូលំទូលាយសម្រាប់សិស្សានុសិស្សដើម្បី ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ជកោណរបស់រាជរដ្ឋាភិបាលក្នុងការបង្កើនអត្រាការងារក្នុងស្រុក,គាំទ្រការពង្រឹងគុណភាពនៃការបណ្តុះបណ្តាលគ្រូបង្រៀន និងវិធីសាស្រ្តបង្រៀន ព្រមទាំងការបន្តលើកកម្ពស់ជីវភាព និងគុណតម្លៃ បុគ្គលិកសិក្សា គ្រប់កម្រិត,គាំទ្ររាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលជំនាញ TVET និងគួរចាប់ផ្តើមតាំងពីកម្រិតអនុវិទ្យាល័យឡើងទៅដោយអាចតម្រង់ទិស និងផ្តល់ឱកាសឱ្យសិស្សបានរកឃើញនូវជំនាញដែលពួកគេពេញចិត្ត និងសាកសមតាមសម្ថភាពរបស់ពួកគេនិងគាំទ្រគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងភាពជាដៃគូវិស័យសាធារណៈនិងវិស័យឯកជន ដែលរាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជនជា​ក្បាលម៉ាស៊ីននៃកំណើន និងជាដៃគូរសំខាន់បំផុតក្នុងការបង្កើតការងារ បង្កើតគំនិតច្នៃប្រឌិត និងនវានុវត្ត ការលើកកម្ពស់ផលិតភាព និងការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងទីផ្សារតំបន់ និងសកល។

ក្នុងឱកាសនោះដែរ ឧកញ៉ា ប៉ិច បូឡែន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាសហព័ន្ធសេវាអប់រំនៅកម្ពុជា និងអគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងពីប្រវត្តិនៃការកកើតសហព័ន្ធសេវាអប់រំនៅកម្ពុជា។លោកឧកញ៉ា មានមោទនភាពចំពោះសហព័ន្ធ ដែលបណ្តុំទៅដោយអ្នកជំនាញខ្លាំងៗនិងមានសមត្ថភាពលើវិស័យអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ និងសេដ្ឋកិច្ច ។

ប្រធានក្រុមប្រឹក្សាសហព័ន្ធសេវាអប់រំនៅកម្ពុជារូបនេះ បានថ្លែងឱ្យដឹងថា៖ដែគូ រវាងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ពិតជាផ្តល់ឱកាសជាច្រើនដល់សហព័ន្ធ ជាពិសេសបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងធនធានមនុស្ស និងចែករម្លែកចំណេះដឹង។

គួរជម្រាបផងដែរថា ក្នុងសន្និបាតសហព័ន្ធសេវាអប់រំនៅកម្ពុជានេះ មានវាគ្មិនល្បីៗក្នុងវិស័យអប់រំបានមកចែករំលែកអំពីសារៈសំខាន់នៃសូចនាករសមិទ្ធិផលគន្លឹះសម្រាប់វិស័យអប់រំ,លក្ខណៈសំខាន់ៗនៃសាលាស្តង់ដារអន្តរជាតិ,ការអភិវឌ្ឍជំនាញ/បំណិនសំខាន់ៗក្នុងរបទសង្គមទំនើប,សារៈសំខាន់នៃកិច្ចសហការវាងវិស័យសាធារណៈនិងឯកជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសហគ្រិនភាពនិងសាមគ្គីភាពក្នុងវិស័យអប់រំឯកជនដើម្បីអភិវឌ្ឍមូលធនមនុស្សកាន់តែប្រសើរ៕