សន្ដិសុខសង្គម

ចុះឆែកឆេររកឃើញឃ្លាំងស្តុកគ្រាប់ពូជពោតមួយកន្លែងផលិតពូជពោតរំលោភលើកម្មសិទ្ធិបញ្ញា

ដោយ: ព្រះអង្គខ្មៅ

បាត់ដំបង៖ មន្ត្រីជំនាញ និងសមត្ថកិច្ចចុះពិនិត្យ និងឃ្លុំបេឃ្លាំងស្តុកគ្រាប់​ពូជពោតមួយកន្លែងក្រោយរកឃើញបានរំលោភលើអាជ្ញាប័ណ្ណកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនស្របច្បាប់នៅតំបន់ព្រំដែន។

សមត្ថកិច្ចចុះអនុវត្តច្បាប់បានប្រាប់ឲ្យដឹងថា÷ សកម្មភាពចុះពិនិត្យ និងអនុវត្តវិធានការច្បាប់នេះធ្វើឡើងនៅព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ លើទីតាំងចំនួន ២ ក្នុងនោះមួយកន្លែងចុះពិនិត្យនៅក្នុងស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង។

លទ្ធផលជាក់ស្តែងក្នុងការចុះពិនិត្យទីតាំងស្តុកនេះមន្ត្រីជំនាញ និងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានរកឃើញឃ្លាំងមួយកន្លែងឋិតនៅក្នុងភូមិសាស្ត្រភូមិចំការល្ហុង ក្នុងឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង បានស្តុកគ្រាប់ពោតត្រៀមផលិតពូជពោតជិត ២០តោន រំលោភលើកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនស្របច្បាប់នៅតំបន់ព្រំដែនដូចគ្នា។

ជនសង្ស័យម្ចាស់ទីតាំងមានឈ្មោះសត ជម្ពូរដ្ឋា ហៅយាយ ស អាយុ ៥១ឆ្នាំ បច្ចុប្បន្នរស់នៅផ្ទះលេខ ១៤២៧ ក្រុមទី ០១ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបងនិងប្តីឈ្មោះផូ រិនដែន អាយុ ៤៥ឆ្នាំរបរ​អ្នកលក់ដូរ ទាំង ២នាក់បានគេចខ្លួន។

ប្រភពដដែលបន្ថែមថា÷ តាមការសម្រេចរបស់ព្រះរាជអាជ្ញារង លោក ទុត វីនីត បានសម្រេចដកហូតសម្ភារទាំងអស់ខាងលើដូចមាននៅក្នុង​កំណត់​ហេតុឆែកឆេរពិនិត្យជាក់ស្ដែងដើម្បីត្រួតពិនិត្យបន្តដោយរក្សាទុកវត្ថុតាងនៅក្នុងផ្ទះកើតហេតុខាងលើដោយបិទឃ្លុំបេទីតាំងទាំងមូលជាបណ្តោះ​អាសន្នតែម្តងរង់ចាំការអនុវត្តវិធានការច្បាប់បន្តពេលក្រោយ៕