សន្ដិសុខសង្គម

សត្វប្រើសមួយក្បាលរត់ចូលដល់ភូមិឋានអ្នកស្រុកបង្កការភ្ញាក់ផ្អើលទាំងយប់

កំពត÷ នាព្រលប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ អ្នកដំណើរ និងអ្នកភូមិព្រៃត្នោត ឃុំកំពង់គ្រែង ស្រុកទឹកឈូ បានប្រទះឃើញសត្វប្រើសមួយក្បាលរត់ចុះឡើងចូលក្នុងដីឡូតិ៍ទុកនៅទំនេរមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលជាទូទៅ។

ជាមួយនឹងវត្តមានសត្វព្រៃចូលស្រុកនេះ ប្រជាពលរដ្ឋបានអំពាវនាវដល់អ្នកផងនានាកុំចាប់យក ឬធ្វើបាបសត្វប្រើស១ក្បាលនេះ។ អ្នកភូមិក៏បានស្នើសុំដល់មន្ត្រីជំនាញជួយចុះអន្តរាគមន៍ដើម្បីនាំយកសត្វប្រើសនោះទៅលែងក្នុងព្រៃវិញ។

ទាក់ទិនហេតុការណ៍ខាងលើ លោក ជួន សារ៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពតបានបញ្ជាក់ថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន លោកក៏បានចុះដល់ទីតាំង និងពិនិត្យដឹងថានោះជាសត្វប្រើសឈ្មោលចុះមកពីតំបន់ភ្នំបូកគោ។ ដោយសារជារដូវក្តៅខ្វះទឹកផឹក ហើយប្រើសនេះឡើងកត្រូវការរកញីផងទើបរត់ចុះរហូតដល់ឃុំកំពង់គ្រែងដែលអ្នកភូមិបានប្រទះឃើញនោះ។

លោកនាយខណ្ឌបានបន្តថា ព្រោះតែក្តីព្រួយអំពីហេតុការណ៍មិនល្អណាមួយកើតឡើង លោកបានទំនាក់ទំនងជាមួយអាជ្ញាធរស្រុកទឹកឈូដោយស្នើសុំកម្លាំងរបស់អធិការដ្ឋាន ពិសេសនគរបាលប៉ុស្តិ៍មូលដ្ឋានជួយការពារដ្បិតដីឡូតិ៍នោះមានរបងបាំងតែ៣ជ្រុងប៉ុណ្ណោះ។ ម្យ៉ាងទៀត លោកបានទំនាក់ទំនងជាមួយខាងឧទ្យានុរក្សភ្នំតាម៉ៅរួចហើយដើម្បីឱ្យមន្ត្រីជំនាញមកបាញ់ថ្នាំសន្លប់នាំយកទៅលែងទីនោះនៅព្រឹកថ្ងៃទី២៦ ខែកុម្ភ:នេះ៕