ព័ត៌មានជាតិ

លទ្ធផលបឋមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅបន្ទាយមានជ័យ

ដោយ : បន្ទាយ
បន្ទាយមានជ័យ៖ដំណើរការការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ខេត្តបន្ទាយមានជ័យនាថ្ងៃអាទិត្យទី២៥ខែកុម្ភៈឆ្នាំ២០២៤ បានបង្ហាញលទ្ធផលបឋមថា គណបក្សប្រជាជនកម្ពុជាទទួលបាន ៤៦៦សំឡេង, គណបក្សឆន្ទៈខ្មែរ ទទួលបាន៦៩សំឡេង និងគណបក្សកម្លាំងជាតិ ទទួលបាន៤សំឡេង។

នេះបើតាមការបញ្ជាក់ របស់លោក អ៊ុំ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យនិងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យប្រាប់សារព័ត៌មាននៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។

លោក អ៊ុំ រាត្រី បានបន្តថា : ដំណើរការបោះឆ្នោតនេះ មានសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ធានាបានល្អ ហើយបិទបញ្ចប់ការបោះឆ្នោត ដោយរលូន ក្នុងបរិយាកាសប្រជាធិបតេយ្យល្អ។
ពុំមានព័ត៌មានពីគណបក្សណាមួយជំទាស់ តវ៉ាឬក៏មានការគំរាមកំហែង ឬបង្កអំពើហិង្សាអ្វីនោះឡើយ។

លោកលោកយ៉ង់ ស័ក្តិ ប្រធានគណ:កម្មាធិការខេត្តរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ(គជខ)​ប្រាប់នៅថ្ងៃទី២៥ខែកុម្ភ:ឆ្នាំ២០២៤ថា : ក្នុងខេត្តនេះ មានអង្គបោះឆ្នោតសរុប ៥៣៩នាក់ ក្នុងនោះសមាជិកក្រុមប្រឹក្សាឃុំសង្កាត់៥៣៣នាក់ អ្នកតំណាងរាស្ត្រ៦នាក់ ។

លោកបន្តថា​ សមាសភាពសមាជិកអង្គបោះឆ្នោតរួមមាន : ១-ជាសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន៤២៩នាក់ រួមទាំងអ្នកតំណាងរាស្ត្រ ៦រូប ។២- សមាជិកគណបក្សភ្លើងទៀនចំនួន៩៦នាក់។៣-ខ្មែររួបរួម ៧នាក់ និងកម្ពុជានិយម១នាក់ ៕