សន្ដិសុខសង្គម

មន្រ្តីអាវុធហត្ថខេត្តរតនគិរីម្នាក់ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅស្រុកបាធាយ

ដោយ៖ គង់ហេង
កំពង់ចាម៖ មន្រ្តីកងរាជអាវុធហត្ថខេត្តរតនគិរីម្នាក់បានស្លាប់ ខណៈ ជនរងគ្រោះម្នាក់នេះបានធ្វើដំណើរតាមម៉ូតូម្នាក់ឯងយ៉ាងលឿន ក៏ប្រទះនឹងរថយន្តមួយគ្រឿងបានបត់ឆ្វេងឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន បានបង្កបុកប៉ះគ្នាដួលបណ្តាលឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ និងបានស្លាប់ នៅពេលបញ្ជូនដល់មន្ទីរពេទ្យ នៅម៉ោង១១ ថ្ងៃត្រង់ថ្ងៃទី ២៦ កុម្ភៈនេះ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅលើកំណាត់ផ្លូវ ជាតិលេខ ៦ ស្ថិតក្នុងភូមិបាកាល ឃុំផ្អាវ ស្រុកបាធាយ។

ប្រភពព័ត៌មានពីស្រុកបាធាយបានឱ្យដឹងថា៖ ជនរងគ្រោះដែលបានស្លាប់ ជាបុរសឈ្មោះ គង់ សារ៉ាក់ អាយុ ៤៣ ឆ្នាំ នៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបាលុង ខេត្តរតនគិរី និងមានឋានន្តរសក្តិ វរសេនីយ៍ទោ មុខតំណែងជានាយរងសេនាធិការ នៃកងរាជអាវុធហត្ថ ខេត្តរតនគិរី ពាក់មួកសុវត្ថិភាព បើកបរម៉ូតូម៉ាកBMW GSA R1200 ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 1IZ-4689។

ប្រភពព័ត៌មានបានឱ្យដឹងទៀតថា៖ ចំណែកអ្នកបើកបររថយន្ត​ម៉ាកSANGYONG SPORT ពណ៌ប្រផេះ ជាបុរសឈ្មោះ នូ សុវណ្ណ អាយុ ៥១ ឆ្នាំ​​ នៅផ្ទះលេខ ៣៥Eo ផ្លូវប៉េ១ ភូមិបឹងឈូកសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពបានបន្តថា៖ ក្នុងនោះម៉ូតូបើកបរពីទិសខាងកើតសំដៅទិសខាងលិច និងរថយន្តពីទិសខាងលិច ទៅទិសខាងកើត ហើយបានបត់ឆ្វេងឆ្លងផ្លូវ​ពីត្បូងទៅជើង ដោយខ្វះការប្រុងប្រយ័ត្នរបស់អ្នកបើកបររថយន្ត និងខាងម៉ូតូបើកបរប្រើប្រាស់ល្បឿនលឿន ក៏ជួបគ្រោះថ្នាក់បាត់បង់ជីវិត​បែបនេះ៕