សន្ដិសុខសង្គម

ឆេះហាងលក់សំបកកង់ឡានរៀលឆេះហាងកាហ្វេនិងហាងគុយទាវបំផ្លាញទ្រព្យសម្បត្ដិជាង១០ម៉ឺនដុល្លារ

ដោយ ៖ សុវណ្ណ

រតនគិរី៖អគ្គិភ័យបានឆាបឆេះហាងលក់សំបកកង់ឡាន ហើយរៀលបន្តឆេះហាងលក់កាហ្វេនិងហាងគុយទាវដែលនៅជាប់គ្នាបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ជាង១០ម៉ឺនដុល្លារអាមេរិក។

ហេតុការណ៍នេះបានកើតឡើងកាលយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភ:ឆ្នាំ២០២៤ នៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី គេសង្ស័យឆេះចេញពីរោងសិប្បកម្មកែច្នៃឈើមួយកន្លែងនៅខាងក្រោយហាងនោះ តែអ្នកខ្លះសង្ស័យថាឆ្លងចរន្ធអគ្គិសនី។

កម្លាំងប៉ូលិសជំនាញនៃស្នងការដ្ឋាននរគបាលខេត្តរតនគិរីបានជួយធ្វើអន្ដរាគមន៍ដោយប្រើប្រាស់ទឹកអស់ចំនួន៣៦ឡានទើបគ្រប់គ្រងស្ថានភាពនោះបាន។

លោក ឃាង ហ៊ួរ ម្ចាស់ហាងលក់សំបកកង់ឡាននិងលក់កាហ្វេ បានឲ្យដឹងថា: យប់កើតហេតុនោះរូបលោកនិងភរិយាកំពុងនៅឯភ្នំពេញ ដោយទុកឲ្យកូនចៅមើលការខុសត្រូវលក់ដូរ។
លោកបានបញ្ជាក់ថា៖ ភ្លើងបានឆេះបំផ្លាញទ្រព្យសម្បត្ដិសរុបចំនួន១១១.៥០០ដុល្លារ ក្នុងនោះរួមមាន៖ សំបកកងឡានចំនួន៦៧២គ្រាប់ ម៉ាស៊ីនភ្លើង ២គ្រឿង ម៉ាសុីនដោះកង់ឡានចំនួន១គ្រឿង ម៉ាសុីនបូមខ្យល់ចំនួន១ ម៉ាសុីនកិនកាហ្វេចំនួន១និងឆេះផ្ទះអស់៣ល្វែងខាងក្រោមថ្ម ខាងលើធ្វើពីឈើ ប្រក់ស័ង្កសី ផ្ទះល្វែងនោះស្មើនឹង១០០ម៉ែត្រការ៉េ។
លោកឡាច ចាន់សុវ៉ាទ ម្ចាស់ហាងគុយទាវដែលភ្លើងបានរៀលឆ្លងឆេះអស់ដែរនោះ លោកបានប្រាប់ឲ្យដឹងថា៖ ហាងគុយទាវមានទំហំ៦ម៉ែត្រគុណ១២ម៉ែត្រ ប៉ុន្ដែលោកមិនបានបញ្ជាក់ពីទំហំទឹកប្រាក់ដែលបានខួចខាតនោះទេ លោកគ្រាន់តែប្រាប់ថា:ករណីនេះលោកបានប្ដឹងទៅមន្ត្រីប៉ូលិសជំនាញរួចហើយដើម្បីឲ្យជួយពិនិត្យនិងដោះស្រាយតាមច្បាប់។

លោកសួស ប៊ុនថន ប្រធានការិយាល័យអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីបានប្រាប់ថា៖ ករណីអគ្គិភ័យដែលឆាបឆេះហាងនៅចំណុចដូចខាងលើនោះមនុស្សភាគច្រើន គេសង្ស័យថាភ្លើងឆេះចេញពីរោងសិប្បកម្មកែច្នៃឈើមួយកន្លែងនៅជាប់ខាងក្រោយហាងលក់សំបកកង់ឡាននោះ។ប៉ុន្ដែសាក្សីមួយចំនួនតូចគេសង្ស័យថាភ្លើងដែលឆេះហាងនោះគឺឆ្លងចរន្តអគ្គិសនីទេ។
ទោះជាយ៉ាងនេះក្ដី លោកសួស ប៊ុនថន ប្រធានការិល័យអគ្គិភ័យនៃស្នងការដ្ឋានខេត្តរតនគិរីបានបញ្ជាក់ថា៖ លោកនឹងបន្តស្រាវជ្រាវករណីភ្លើងឆេះហាងខាងលើនោះនៅថ្ងៃបន្ទាប់ទៀតដើម្បីរកឲ្យឃើញពីមូលហេតុពិត៕