សន្ដិសុខសង្គម

ករណីចាក់ថ្មចូលក្នុងផ្ទៃទន្លេនៅស្រុកស្រីសន្ធរអ្នកប្រព្រឹត្តចេញមុខសារភាពកំហុសប៉ុន្តែវិធានការច្បាប់នៅបន្តនីតិវិធី

ដោយ៖ គង់ហេង
កំពង់ចាម៖ ករណីចាក់ថ្មចូលក្នុងផ្ទៃទន្លេមេគង្គបំណងធ្វើជាកម្មសិទ្ធិ នៅស្រុកស្រីសន្ធរ ដោយខុសច្បាប់បង្កឡើងដោយឧកញ៉ា ទន់ ឆៃអ៊ាង គឺលោកឧកញ៉ាម្នាក់នេះបានចេញមុខសារភាពកំហុស នៅចំពោះមុខអាជ្ញាធរ និងក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី ២៦ កុម្ភៈនេះ។ប៉ុន្តែលោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាមថា ករណីនេះវិធានការច្បាប់នៅតែបន្ត តាមនីតិវិធី។

លោកឧកញ៉ា ទន់ ឆៃអ៊ាង បានឆ្លើយប្រាប់នៅនឹងទីតាំងចាក់ថ្មចូលទន្លេមេគង្គ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរថា៖ ខាងខ្លួននឹងខិតខំប្រឹងប្រែងអនុវត្តទៅតាមការណែនាំរបស់រដ្ឋបាលខេត្តកំពង់ចាម ដោយកាយយកថ្មចេញពីក្នុងផ្ទៃទន្លេ ដែលចាក់កន្លងមកឲ្យអស់យ៉ាងយូរជាង ១០ ថ្ងៃ ។ ដោយអនុវត្តទាំងយប់ទាំងថ្ងៃតែម្ដង ហើយបច្ចុប្បន្នកាយបានប្រមាណជា ១០ភាគរយ។

ឧកញ៉ាម្នាក់នេះបានរំលឹកថា៖ កាលឆ្នាំ ២០២១ កន្លងទៅ ច្រាំងទន្លេនៅចំណុចដែលបានចាក់ថ្មនេះ បានបាក់ស្រុតជាបន្តបន្ទាប់ ទើបខ្លួនបានចាក់ថ្ម ដើម្បីទប់កុំឲ្យបាក់ច្រាំងបន្តទៀត ។ ប៉ុន្តែជាកំហុសនោះ គឺខ្លួនមិនបានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរ មុនពេលធ្វើសកម្មភាព ដែលបង្កឲ្យកើតមានករណីនេះ ។

លោកបានបន្តថា៖ ដូច្នេះលោកសូមទទួលកំហុសនេះ និងអនុវត្តទៅតាមវិធានការ របស់រដ្ឋបាលខេត្តកំពង់ចាម យល់ព្រមបញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ និងខិតខំធ្វើការកាយយកថ្មដែលបានចាក់រួចហើយនោះចេញវិញឲ្យអស់ មុនពេលកំណត់ ៧០ថ្ងៃ។

ជាមួយនោះលោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ នេះគ្រាន់តែជាវិធានការបឋម និងជាបន្ទាន់របស់រដ្ឋបាលខេត្តប៉ុណ្ណោះ ហើយវិធានការតាមផ្លូវច្បាប់ គឺនៅតែបន្តនីតិវិធី។

គួររំលឹកថា កាលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលខត្តកំពង់ចាម បានចាត់វិធានការជាបន្ទាន់ករណី លោក ទន់ ឆៃអ៊ាង បានចាក់ថ្មចូលទន្លេមេគង្គប្រុងយកធ្វើជាកម្មសិទ្ធិ ស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយអាជ្ញាធរបានហៅលោក ទន់ ឆៃអ៊ាង មកផ្តិតមេដៃ ឲ្យបញ្ឈប់ជាបន្ទាន់ និងកាយថ្មចេញវិញក្នុងរយៈពេល៧០ថ្ងៃ។

ក្នុងនោះ រដ្ឋបាលខេត្តកំពង់ចាម បានតម្រូវឱ្យភាគីអ្នកប្រព្រឹត្ត ដែលកំពុងធ្វើសកម្មភាពចាក់ថ្មចូលទន្លេនេះអនុវត្តៈ ១.បញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដោយគ្មានច្បាប់អនុញ្ញាត ទោះក្នុងហេតុផលណាមួយក៏ដោយ, ២.ត្រូវធ្វើការកាយ និងយកថ្ម ដែលបានចាក់រួចហើយនេះចេញវិញឲ្យអស់យ៉ាងយូរក្នុងរយៈពេល ៧០ថ្ងៃកំណត់ និងមិនត្រូវកាយពង្រាយទម្លាក់ចូលក្នុងទឹកទន្លេឡើយ ដើម្បីបញ្ចៀសផលប៉ះពាល់ទៅថ្ងៃក្រោយ សម្រាប់ការធ្វើចរាចរណ៍តាមផ្លូវទឹកនិង៣. ភាគីម្ចាស់ដី ត្រូវធ្វើសេចក្តីរាយការណ៍មករដ្ឋបាលខេត្តកំពង់ចាម ក្នុងរយៈពេល០១ខែម្តង (រៀងរាល់ចុងខែនីមួយៗ) ពីវឌ្ឍនភាពនៃការកាយថ្មចេញពីទន្លេ។ ក្រុមការងាររបស់រដ្ឋបាលខេត្តកំពង់ចាម នឹងចុះធ្វើការពិនិត្យ តាមដានការអនុវត្តវិធានការនេះ នៅរៀងរាល់មួយសប្តាហ៍ម្ដង ឬពេលវេលាជាក់ស្តែង៕