សន្ដិសុខសង្គម

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ករណីលួចម៉ូតូទៅសាលាដំបូងខេត្ត

ដោយ : បន្ទាយ
បន្ទាយមានជ័យ៖  កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យម្នាក់ករណីលួចម៉ូតូទៅសាលាដំបូងខេត្តហើយកាលពីទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ដើមបណ្ដឹងបានឱ្យដឹងថា : ខ្លួនបានបើកហាងលក់បាយមួយកន្លែងនៅម្តុំក្រោយសាលារៀនមនោរម្យ ស្ថិតក្នុងក្រុងប៉ោយប៉ែត ហើយនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ជនសង្ស័យបានមកសុំការងារធ្វេី។
ពេលនោះខ្លួនក៏ទទួល ពេលចូលធ្វើការរហូតដល់ថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៥និង៣០នាទី ជនសង្ស័យ បានសុំខ្ចីម៉ូតូរបស់ខ្លួន ម៉ាកZoomerX ពណ៌ក្រហម ផលិតឆ្នាំ២០១៦ ពាក់ផ្លាកលេខ ភ្នំពេញ1HG-3749 ដោយគេប្រាប់ថាទៅទិញម្ហូបមួយភ្លែត តែរូបគាត់មិនបានឱ្យទេ ។មួយសន្ទុះក្រោយមកស្រាប់តែជនសង្ស័យលួចយកម៉ូតូជិះទៅបាត់ ហើយមិនឃើញត្រឡប់មកវិញ ហើយខ្លួនព្យាយាមទាក់ទងតាមទូរសព្ទក៏មិនចូលដែរ ទើបខ្លួនសម្រេចមកដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្ដង។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា បន្ទាប់ពីទទួលបានពាក្យបណ្តឹង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឈានដល់ការឃាត់ខ្លួនជនម្នាក់ឈ្មោះ ជ្រុន សុផាត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិរស្មីសាមគ្គី ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ   ព្រមទាំងដកហូតវត្ថុតាងរួមមាន÷ ១.ម៉ូតូម៉ាកហុងដា ZoomerX ពណ៌ក្រហម ផលិតឆ្នាំ២០១៦ ពាក់ផ្លាកលេខ ភ្នំពេញ1HG-3749 ចំនួន០១គ្រឿង ដែលជាម៉ូតូរបស់ជនរងគ្រោះ។ ២.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ គ្មានផ្លាកលេខ ចំនួន០១គ្រឿង (រក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត) ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យបានសារភាពដូចដែលចោទប្រកាន់ ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ៕