ព័ត៌មានជាតិ

គណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យរៀបចំដំណើរការជ្រើសតាំងសមាជិកព្រឹទ្ធសភា

ដោយ : បន្ទាយ

បន្ទាយមានជ័យ : គណៈកម្មាធិការខេត្តរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យរៀបចំដំណើរការបោះឆ្នោតអសកលជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលត្រូវប្រព្រឹត្តទៅនាថ្ងៃអាទិត្យថ្ងៃទី២៥ខែកុម្ភ:ឆ្នាំ២០២៤ (៧:០០ព្រឹក ដល់ ៣:០០រសៀល)។

លោកលោកយ៉ង់ ស័ក្តិ ប្រធានគណ:កម្មាធិការខេត្តរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យប្រាប់សារព័ត៏មានCFN ថ្ងៃទី២៤ខែកុម្ភ:ឆ្នាំ២០២៤ថា : ក្នុងខេត្តនេះ មានអង្គបោះឆ្នោតសរុប ៥៣៩នាក់ ក្នុងនោះសមាជិកក្រុមប្រឹក្សាឃុំសង្កាត់៥៣៣នាក់ អ្នកតំណាងរាស្ត្រ៦នាក់  ។

ការបោះឆ្នោតនេះ ក្នុងខេត្តនៃភូមិភាគទី៤នៃព្រឹទ្ធសភា (បាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យនិងប៉ៃលិន)មានគណបក្ស៤ បានចុះឈ្មោះបោះឆ្នោត។ក្នុងនោះមានគណបក្សប្រជាជនកម្ពុជា   ឆន្ទ:ខ្មែរ  ហ្វ៊ុនស៊ីនប៉ិច និងកម្លាំងជាតិ ។

រីឯសមាសភាពសមាជិកអង្គបោះឆ្នោតរួមមាន : ១-ជាសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន៤២៩នាក់ ក្នុងនោះអ្នកតំណាងរាស្ត្រ ៦រូប ។ ២- សមាជិកគណបក្សភ្លើងទៀនចំនួន៩៦នាក់។៣-ខ្មែររួបរួម ៧នាក់ និងកម្ពុជា ១នាក់ ។

លោកយ៉ង់ សក្តិ បានបន្តថា : ចំពោះការឃោសនា និងហែក្បួនឃោសនា កន្លងមកមាន៣គណបក្ស ។

ក្នុងនោះគណបក្សប្រជាជនកម្ពុជាបានចុះឃោសនាគ្រប់ឃុំ សង្កាត់ ជួបសមាជិកតាមគោលដៅឬផ្ទះនិងជួបជុំធំ២លើកនៅទីស្នាក់ការគណបក្សខេត្ត គឺនៅថ្ងៃបើក ថ្ងៃទី១០ខែកុម្ភ:និងបិទនៅថ្ងៃទី២៣ខែកុម្ភ: ។

គណបក្សឆន្ទ:ខ្មែរបានធ្វើនៅ៧ស្រុកក្រុងនិងជួបជុំដង្ហែនៅថ្ងៃទី២៣ខែកុម្ភ:(ពីក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យទៅស្រុកថ្មគោលខេត្តបាត់ដំបង) ។

ចំពោះគណបក្សកម្លាំងជាតិធ្វើ១ថ្ងៃនៅពេលបើកទីស្នាក់ការថ្មីនៃគណបក្សថ្មីនេះនាសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ ។ មន្ត្រីការិយាល័យ ឧបករណ៍ សម្ភារ:បោះឆ្នោតនិងអ្នកសង្កេតការណ៍បាននឹងកំពុងបំពេញការងារដ៏មមាញឹក ។

សូមបញ្ជាក់ថា ដូចការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភាលើកមុនៗដែរ ការិយាល័យបោះឆ្នោតតែ១គត់លេខ៤០០១ នាសាលគរុកោសល្យនិងវិក្រឹត្យការខេត្តបន្ទាយមានជ័យនាភូមិ៣សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕