ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាមអំពាវនាវដល់លោកគ្រូអ្នកគ្រូរួមសហការបង្រ្កាប«ក្រុមទំនើង»

ដោយ៖ គង់ហេង
កំពង់ចាម៖ ថ្លែងចេញពីក្នុងមន្ទីរអប់រំ យុវជន និងកីឡា ខេត្ត នារសៀលថ្ងៃទី ២៣ កុម្ភៈ ម្សិលមិញ ក្នុងពិធីបិទសន្និបាតបូកសរុបការងារ នៃមន្ទីរមួយនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបាន អំពាវនាវដល់លោកគ្រូ អ្នកគ្រូ ចូលរួមសហការបង្រ្កាប «ក្រុមទំនើង»។


លោកអភិបាលខេត្តកំពង់ចាមបានថ្លែងថា៖ លោកសូមធ្វើការអំពាវនាវដល់ លោកគ្រូ អ្នកគ្រូ អ្នកពាក់ព័ន្ធជាមួយ ការងារអប់រំទាំងអស់ សូមធ្វើការ​ផ្សព្វផ្សាយរាល់សារាចរ សេចក្តី ណែនាំផ្សេងៗ ពិសេសគឺការងារ​ទាក់ទងនឹងវិធានការបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាព «ក្រុមទំនើង» ការអនុវត្តបទបញ្ញតិ នៃច្បាប់ចរាចរផ្លូវគោកថ្មី ការជួញដូរកុមារ និងការប្រើប្រាស់គ្រឿងញៀន ការលុបបំបាត់ពលកម្មកុមារ​ទម្រង់ធ្ងន់ធ្ងរបំផុត។

លោកបានបន្តថា៖ ការគោរពបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន និងការទប់ស្កាត់ជំងឺ កូវីដ-១៩ ឱ្យបានទូលំទូលាយ និងយល់​ជ្រួតជ្រាបដល់សិស្សានុសិស្សទាំងអស់ ដើម្បីឱ្យពួកគេមានទុន មានគ្រឹះក្នុងការកសាង និងអភិវឌ្ឍខ្លួនឱ្យក្លាយទៅជា “កូនល្អ សិស្សល្អ មិត្តល្អ” នៅថ្ងៃអនាគត៕