សន្ដិសុខសង្គម

ករណីចាក់ថ្មចូលក្នុងទន្លេមេគង្គនៅស្រុកស្រីសន្ធរក្រសួងថាជាបទល្មើសមានចែងក្នុងមាត្រា៣៦នៃច្បាប់

ដោយ៖ គង់ហេង
កំពង់ចាម៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ករណីចាក់ថ្មចូលក្នុងផ្ទៃទន្លេមេគង្គ ដើម្បីចាក់លុបខ្សាច់ គឺនឹងបង្កឧបសគ្គ ឬធ្វើឱ្យមានការរាំងស្ទះដល់លំហូរធម្មជាតិ នៃទន្លេនោះ គឺជាបទល្មើស ដែលមានបញ្ញត្តិនៅក្នុងមាត្រា ៣៦ នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក ក្នុងព្រះរាជាណាចក្រកម្ពុជា។

នេះតាមសេចក្តីប្រកាសព័ត៌មាន ពីការទប់ស្កាត់សកម្មភាពចាក់ថ្ម​ចូលផ្ទៃទន្លេ ដែលមានទីតាំងស្ថិតនៅ ភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក៏ដូចជានៅតាមបណ្តាទីតាំងផ្សេងៗទៀត របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ២៣ កុម្ភៈ ម្សិលមិញ ដែលបានផ្សព្វផ្សាយបន្តនៅក្នុងប្រព័ន្ធតេឡេក្រាមរបស់លោក ស្រី សុភ័ក្រ្ត ជាអភិបាលរង ខត្តកំពង់ចាមនៅថ្ងៃទី ២៤ កុម្ភៈនេះ។

ក្នុងនោះក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា៖ មាត្រា ៣៦ នៃច្បាប់នេះបានចែងថា៖”ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀល ដល់ ដប់លាន និង/ឬដាក់ពន្ធនាគារពីមួយឆ្នាំ ដល់ប្រាំឆ្នាំ ចំពោះបុគ្គល​ដែលបង្ក ឧបសគ្គ ឬធ្វើឱ្យរាំងស្ទះដល់ លំហូរទឹកធម្មជាតិនៃទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ ដោយគ្មានការអនុញ្ញាត។ គ្រប់ករណីមិនរាងចាល ត្រូវផ្តន្ទាទោសទ្វេមួយជាពីរ”។


ជាមួយនោះក្រសួងធនធានទឹក និងឧតុនិយមបាន សូមថ្លែងអំណរគុណ​ដល់សាធារណជន អ្នកសារព័ត៌មាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសរដ្ឋបាលខេត្តកំពង់ចាមដែលបានចាត់វិធានការបន្ទាន់ក្នុងការ ទប់ស្កាត់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ស្ថិតនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលបានចូលរួមថែរក្សាការពារធនធានទឹក ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ ក្នុងន័យនេះ ក្រសួងនឹង បន្តតាមដានវិធានការកំណត់ដែលដាក់ចេញដោយរដ្ឋបាលខេត្តចំពោះភាគីម្ចាស់ដី។

សូមបញ្ជាក់ថា ក្រោយពីបានទទួលព័ត៌មានបទល្មើសដឹកថ្មចាក់ក្នុង​ផ្ទៃទន្លេមេគង្គ លោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាមកាលពីថ្ងៃទី ២២ កុម្ភៈ បានចាត់ក្រុមការងារ ដើម្បីពិនិត្យ និងទប់ស្កាត់សកម្មភាពចាក់ថ្ម ចូលផ្ទៃទន្លេ ស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ។ ដោយលោក ទន់ ឆៃអ៊ាង ជាភាគីម្ចាស់ដីអ្នកចាក់ថ្មចូលទន្លេបាន​ចាត់តំណាង គឺលោក វង្ស សំអាង និង លោក កៅ ម៉េងសៀង មកចូលរួម។
ជុំវិញករណីនេះ រដ្ឋបាលខេត្តកំពង់ចាមបានតម្រូវឱ្យភាគីអ្នកចាក់ដីចូល​ក្នុងផ្ទៃទន្លេៈ១.បញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដោយគ្មានច្បាប់​អនុញ្ញាត ទោះក្នុងហេតុផលណាមួយក៏ដោយ,២-ត្រូវធ្វើការកាយ និងយកថ្ម ដែលបានចាក់រួចហើយនេះចេញវិញឲ្យអស់ យ៉ាងយូរក្នុងរយៈពេល ៧០ថ្ងៃ ជាកំណត់ និងមិនត្រូវកាយពង្រាយទម្លាក់ចូលក្នុងទឹកទន្លេឡើយ ដើម្បីបញ្ចៀសផលប៉ះពាល់ទៅថ្ងៃក្រោយសម្រាប់ការធ្វើចរាចរណ៍តាមផ្លូវ​ទឹក និង ៣-ភាគីម្ចាស់ដី ត្រូវធ្វើសេចក្តីរាយការណ៍មករដ្ឋបាល​ខេត្តកំពង់ចាម ក្នុងរយៈពេល០១ខែម្តង (រៀងរាល់ចុងខែនីមួយៗ) ពីវឌ្ឍនៈភាពនៃការកាយថ្មចេញពីទន្លេ ។

ក្រុមការងាររបស់រដ្ឋបាលខេត្តកំពង់ចាម នឹងចុះធ្វើការពិនិត្យ តាមដាន ការអនុវត្តវិធានការនេះ នៅរៀងរាល់មួយសប្តាហ៍ម្ដង ឬពេលវេលា​ជាក់ស្តែង៕