សន្ដិសុខសង្គម

រថយន្តចង្កូតស្តាំបើកលឿនជ្រុលបុកពីខាងក្រោយរថយន្តមួយគ្រឿងទៀតកំពុងឈប់ស្លាប់អ្នកបើកបរម្នាក់

ដោយ៖ គង់ហេង
កំពង់ចាម៖ រថយន្តចង្កូតស្តាំដែលដឹកទំនិញពេញព្រៀបមួយគ្រឿង បានបើកបោះពួយយ៉ាងលឿនបានទៅបុករថយន្តមួយគ្រឿងទៀត ដែលកំពុងឈប់ស្ងៀមបានបណ្តាលឱ្យស្លាប់បុរសជាអ្នកបើកបរម្នាក់​អាយុ ២៤ ឆ្នាំ នៅលើកំណាត់ជាតិលេខ៦ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦៦-៦៧ ស្ថិតក្នុងភូមិឈូក ឃុំគោករវៀង ស្រុកជើងព្រៃ នៅវេលាម៉ោង ៥ ទៀបភ្លឺថ្ងៃទី ២៣ កុម្ភៈនេះ។


ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា៖ បុរសជាជនរងគ្រោះ​ដែលស្លាប់ឈ្មោះ មឿន សំនាត់ មានទីលំនៅភូមិអូរសំរិលលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ដែលជាអ្នកបើកបររថយន្តម៉ាក​ហ៊ីយិនដាយពណ៌ស ពាក់ផ្លាកលេខ KCH-0215 ចង្កូតស្តាំ ដែលមានរ៉ឺម៉ក​សណ្តោងពាក់ផ្លាកលេខ 4A-2157 ។រថយន្តនេះបានបើកទៅបុក​រថយន្តម៉ាកហ៊ីយិនដែរពណ៌ខៀវ និងមាន​សណ្តោងរ៉ឺម៉កដូចគ្នា និងពាក់ផ្លាកលេខភ្នំពេញ3A-7128 ដែលកំពុង​ឈប់ស្ងៀម។ ប៉ុន្តែក្រោយកើតហេតុអ្នកបើកបរបានគេចខ្លួន។

ប្រភពព័ត៌មាននោះបានឱ្យដឹងទៀតថា៖ នៅមុនមានករណីគ្រោះថ្នាក់ស្លាប់​តៃកុងរថយន្តកើតឡើង រថយន្តចង្កូតស្តាំមួយគ្រឿងនេះ ដែលដឹកទំនិញ​ពេញខាងលើបានបើកបរលឿនពីទិសខាងលិចសំដៅទិសខាងកើតបាន​បុករថយន្តមួយទៀតឈប់ស្ងៀមលើចិញ្ចើមផ្លូវ យ៉ាងពេញទំហឹង​បង្កឱ្យរួញកាប៊ីនរថយន្តនោះ ជាមួយអ្នកបើកបរស្លាប់ភ្លាមៗមួយរំពេច៕