សន្ដិសុខសង្គម

ផ្អើលទាំងយប់តារាល្បីTik tok ចិនបើករថយន្តទំនើបបុកអ្នកជិះម៉ូតូស្លាប់ហើយរត់គេច

ដោយ:សុខុម
ភ្នំពេញ:សមត្ថកិច្ចតាមឃាត់ខ្លួនបានតារាល្បីតាម​tik tok ម្នាក់បើករថយន្ត​ទំនើបម៉ាកLamborghiniបុកម៉ូតូបណ្ដាលឱ្យបុរសម្នាក់បែកក្បាល​ស្លាប់​នៅលើដងផ្លូវ។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចមុខ​ធនាគារអេស៊ីលីដា ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបាននិយាយឲ្យដឹងថា រថយន្តបង្កបានបុកម៉ូតូពីក្រោយ​មនុស្សផ្លោងដល់ទៅ៦០ម៉ែត្រនិងម៉ូតូអូសចម្ងាយជាង ១០០ម៉ែត្រ​ទើបរបូតចេញពីរថយន្ត។

បន្ទាប់មកតៃកុងព្យាយាមបើក​រថយន្តគេចចេញពីកន្លែងកើតហេតុ​មិនទទួលខុសត្រូវឡើយ។ប៉ុន្តែ ពេលនោះប្រជាពលរដ្ឋនិងកម្លាំង​សមត្ថកិច្ចខណ្ឌពោធិសែនជ័យសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌ​មានជ័យ ដេញតាមរហូតដល់មុខរោងចក្រមួយកន្លែង តាមបណ្តោយផ្លូវ​បេតុងប្រឡាយលូ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ។

ពេលសមត្ថកិច្ចទៅដល់ឃើញមានរថយន្តស៊េរីទំនើបម៉ាកBMWមួយគ្រឿង​ពាក់ផ្លាកលេខកម្ពុជា MR-TOMI មកដឹកអ្នកបើកបររថយន្តបង្ក​និងបក្ខពួកពីរនាក់ទៀតរួមដំណើរបម្រុងជម្លៀសចេញ តែត្រូវកម្លាំង​សមត្ថកិច្ចឃាត់ខ្លួនបាន។

សមត្ថកិច្ចបានបញ្ជាក់ថា សពជនរងគ្រោះឈ្មោះ សោន សឺត អាយុ ២៨ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិគោកក្រោល ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។

ដោយឡែកតារា tik tokជាក្រុមជនជាតិចិនចំនួន៣នាក់រួមទាំងម៉ូតូ​ជនរងគ្រោះនិងរថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការដោះស្រាយតាមផ្លូវច្បាប់៕