ដោយ : បន្ទាយ
បន្ទាយមានជ័យ៖ការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២២ខែកុម្ភ:ឆ្នាំ២០២៤ បានកសាងសំណុំរឿងនិងបញ្ជូនជនសង្ស័យជនជាតិចិន០២នាក់ទៅសាលាដំបូងខេត្ត ករណីបង្កហិង្សាដោយចេតនារ,កាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតនិងរក្សាទុក ចែកចាយនូវសារធាតុញៀន។
![](https://cambodiaflashnews.com/wp-content/uploads/2021/06/top-banner.gif)
សូមបញ្ជាក់ថា មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នៅថ្ងៃទី២០ខែកុម្ភ: ឆ្នាំ២០២៤ បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ហ័ង ពូ ហៅ អាហៃ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិនដូចគ្នា បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ស្ដីពីករណីហិង្សាដោយចេតនា ដែលប្រព្រឹត្តកាលវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៤ នៅចំណុចបុរីដឺផាកស៊ីធី ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា : ក្រោយពីទទួលពាក្យបណ្ដឹងរួច លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន នៅវេលាម៉ោង១៥ ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៤ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ជាជនជាតិចិន តាមពាក្យបណ្ដឹងខាងលើ នៅចំណុច បុរីKN ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាមានជ័យ និងដកហូតវត្ថុតាងរួមមាន ៖អាវុធខ្លីចំនួន០៣ដើម ក្នុងនោះមានអាវុធម៉ាក G Lock 19 លេខBGDV859 ចំនួន០១ដើម, អាវុធម៉ាក ANSAR 17 លេខ2203516 ចំនួន០១ដើម, អាវុធម៉ាក G LOCK 17 លេខ2300617 ចំនួន០១ដើម, និងអាវុធវែងម៉ាក ESCORT MAGNUM លេខ5760359 ចំនួន០១ដើម និងគ្រាប់ចំនួន០២គ្រាប់, បង់អាវុធចំនួន០៣, ដំបងឆក់ ចំនួន០១ដើម, គ្រាប់អាវុធខ្លីចំនួន៦០គ្រាប់, ខ្នោះដៃចំនួន២គូ, គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លាចំនួន០៦កូនថង់កិប ស្មើនឹងទម្ងន់១២,៥៦ក្រាម, គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូល ពណ៌ក្រហមក្បឿង(WY)ចំនួន០១ថង់កិប ស្មើនឹង១៩៦គ្រាប់ ទម្ងន់២១,៥៩ក្រាម, គ្រឿងញៀនប្រភេទម្សៅពណ៌ស(កេតាមីន)ចំនួន០១កូនថង់កិប ទម្ងន់០,៦៦ក្រាម និងឧបករណ៍ប្រើប្រាស់គ្រឿងញៀននិងប័ណ្ណសំគាល់ខ្លួនជាច្រើនទៀត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ជនសង្ស័យ ១-ឈ្មោះ ជា ជីនហ្គ័រ ហៅកាំង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន បច្ចុប្បន្ន ស្នាក់នៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ២-ឈ្មោះ លី អ៊ីនឈុន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន បច្ចុប្បន្ន ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា កាលពីមួយឆ្នាំមុន ថៅកែរបស់ខ្លួនបានប្រគល់កាំភ្លើងខ្លីចំនួន០២ដើម និងកាំភ្លើងវែងចំនួន០១ដើម ព្រមទាំងគ្រាប់កាំភ្លើងមួយចំនួន ទុកសម្រាប់ការពារក្នុងហាង អេផ្លាស(Aplas) ហើយរូបខ្លួនបានយកកាំភ្លើងនោះមករក្សាទុកក្នុងបន្ទប់ជួលស្នាក់នៅរបស់ខ្លួន ។
បន្ទាប់មកនៅថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៤ ពួកខ្លួនខឹងនឹងឈ្មោះ ហ័ង ពូ ហៅអាហៃ ដោយពួកខ្លួនខ្ចីប្រាក់មិនបាន ទើបប្រើប្រាស់អាវុធវាយគំរាម អាហៃ និងប្រពន្ធរបស់វា ពិតមែន ។
ចំណែកគ្រឿងញៀនដែលសមត្ថកិច្ចដកហូតខាងលើ ជនសង្ស័យអោយដឹងថា : គឺពួកគេទិញមកសម្រាប់ប្រើប្រាស់ខ្លួនឯងតែប៉ុណ្ណោះ មិនមែនចែកឬលក់អោយនរណាឡើយ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា : មុនពេលបង្រ្កាបបទល្មើសខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធី ពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ៕