សន្ដិសុខសង្គម

ទប់ស្កាត់មេឈ្មួញនាំវល្លិរមៀតពីស្រុកសៀមប៉ាងចូលទៅឡាវ

ដោយ៖សុខុម
ស្ទឹងត្រែង៖មានមេឈ្មួញធំៗប្រចាំស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងគប់គិតជាមួយសមត្ថកិច្ចមួយចំនួនប្រមូលទិញវល្លិរមៀតពីគ្រប់ទិសទីក្នុងតំបន់ស្រុកសៀមប៉ាងដើម្បីយកទៅលក់បន្តឲ្យឈ្មួញនៅក្នុងប្រទេសឡាវអស់រយៈ​ពេលជាច្រើនខែទើបសមត្ថកិច្ចធ្វើការចុះបង្ក្រាបបានមួយចំនួន។

សមត្ថកិច្ចបានឱ្យដឹងនៅថ្ងៃទី២២កុម្ភៈ ២០២៤ ថា​មន្រ្តីបរិស្ថានការពារ​ឧទ្យានជាតិវរជ័យសហការជាមួយមន្រ្តីដែនជម្រកសត្វព្រៃសៀម
ប៉ាង​បង្រ្កាបបានវល្លិរមៀតជិត៤តោនហើយយកមករក្សាទុកនៅ​កន្លែងសមត្ថកិច្ចនិងកំពុងស្វែងរកមេឈ្មួញនៅក្នុងស្រុកសៀមប៉ាងដើម្បី​ចាត់វិធានការតាមផ្លូវច្បាប់។

មន្ត្រីបរិស្ថានបានឲ្យដឹងថា បទល្មើសដឹកជញ្ជូនវល្លិរមៀត​ឈ្មួញច្រក​តាមការុងដឹកតាមគោយន្តសមត្ថកិច្ចបង្ក្រាបបានកាលពីយប់ថ្ងៃទី ២០​ខែកុម្ភៈឆ្នាំ២០២៤ នៅក្រោយភូមិសាម៉ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ពេលសមត្ថកិច្ចចុះទៅបង្កាបនោះពុំមានអ្នកចេញមុខទទួល​ខុសត្រូវ​ឡើយ។

ដោយសារភូមិសាស្ត្រជួបការលំបាកតម្រូវឲ្យដឹកជញ្ជូនចេញពីព្រៃតាម​គោយន្តនិងបន្តឆ្លងតាមផ្លូវទឹកទើបតែយកមកដល់ស្នាក់ការបរិស្ថាន។

បើតាមការបញ្ជាក់ពីមន្ត្រីបានឲ្យដឹងថា វល្លិរមៀតដែលបង្ក្រាបមានចំនួន​៦៥ការុង ប្រហែលជិត៤០០០គីឡូក្រាម។

សូមបញ្ជាក់ថា កាលពីកន្លងទៅថ្មីនេះ កម្លាំងសមត្ថកិច្ចនគរបាល​បង្ក្រាបបាននិងឃាត់ខ្លួនជនសង្ស័យពីរនាក់ដឹកវល្លិរមៀតតាមរថយន្ត​សាំយ៉ុងចំនួន២គ្រឿងផងដែរ៕