អន្តរជាតិ

ចាប់អ្នកដំណើរនៅលើជើងហោះហើរ Alaska Airlines ពីបទចាក់អ្នកជិះយន្តហោះដូចគ្នា

ប្រែសម្រួល៖ ស-សម្បត្តិ
អ្នកដំណើរនៅលើជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines ម្នាក់ត្រូវបានតុលាការចោទប្រកាន់ថាមានគម្រោងចង់សម្លាប់​អ្នកដំណើរម្នាក់ទៀតនៅលើយន្តហោះដោយប្រើប៊ិកកែច្នៃជាអាវុធនៅ​អំឡុងពេលមានជម្លោះពាក្យសម្តីលើយន្តហោះនៅកណ្តាលអាកាសខណៈដែលយន្តហោះកំពុងធ្វើដំណើរពីទីក្រុង Seattle ទៅកាន់ Las Vegas,សហរដ្ឋអាមេរិក កាលពីខែមុន។

បើយោងតាមប្រភពពីសារព័ត៌មាន 8 News Now ដែលបានដកស្រង់​កំណត់ត្រា​របស់តុលាការសហព័ន្ធបានឲ្យដឹងថាជនល្មើសឈ្មោះ Julio Alvarez Lopez ត្រូវបានចោទប្រកាន់ពីបទប្រើប៊ិកកែច្នៃជាអាវុធដ៏មាន​គ្រោះថ្នាក់ចាក់ទៅលើអ្នករួមដំណើរលើយន្តហោះក្រោយមកគាត់ត្រូវបានចាប់ខ្លួននៅឯអាកាសយានដ្ឋានអន្តរជាតិ Harry Reid ក្នុងទីក្រុង Las Vegas កាលពីថ្ងៃទី ២៤ ខែមករា ។

ជនល្មើសLopez ដែលត្រូវបានគេប្រាប់ថាជាមនុស្សដែលមាន ” ស្មារតី​មិនប្រក្រតី” បានដើរពេញយន្តហោះហើយគេឃើញគាត់ដោះស្រោមដៃ​ដើរចូលទៅក្នុងបន្ទប់ទឹកអស់ពេលយ៉ាងយូរ។

យោងតាមសារព័ត៌មានបានឲ្យដឹងថា ពេលគាត់ត្រឡប់មកកន្លែង​អង្គុយវិញ Lopez ក៏ចាប់ផ្តើមដាល់បុរសដែលអង្គុយឆ្លងផ្លូវដើរ ហើយព្យាយាមចាក់ភ្នែកជនរងគ្រោះ។

ភ្នាក់ងារ FBI ម្នាក់បានបង្ហោះសារដែលដកស្រង់ពីឯកសារតុលាការ​នៅលើគេហទំព័រនោះថា “ក្នុងអំឡុងពេលឈ្លោះប្រកែកគ្នា ប្រពន្ធរបស់​ជនរងគ្រោះបានស្រែកដាក់ជនល្មើសឲ្យឈប់វាយប្តីរបស់នាង ហើយបានដោះខ្សែក្រវាត់សុវត្ថិភាពរបស់នាងរួចស្រែកដាក់ជនល្មើសឲ្យឈប់វាយប្តីរបស់នាងទៀត។

តាមប្រភពដដែលនោះបានបន្តថា បុរសរងគ្រោះបានរួចជីវិត​តែបានរងរបួសធ្ងន់ធ្ងរ។

បន្ទាប់ពីមានការឈ្លោះប្រកែកគ្នាជនល្មើស Lopez បានធ្វើដំណើរ​ទៅមុខយន្តហោះដោយស្រែកថា “ខ្ញុំចង់និយាយតែជាមួយ FBI”។

ក្រោយមកមន្ត្រីអនុវត្តច្បាប់ម្នាក់នៅលើយន្តហោះបានបញ្ជាឲ្យ Lopez អង្គុយចុះ ខណៈដែលអ្នកបម្រើការលើយន្តហោះ “បានផ្តល់ខ្សែសម្រាប់​ដាក់ខ្នោះដៃហើយបញ្ឈប់ជនល្មើសមិនឲ្យបន្តដំណើរទៅតាមគោលដៅ” ។

មន្ត្រីអនុវត្តច្បាប់ទីក្រុង Las Vegas Metropolitan បានចាប់ខ្លួនជនល្មើស Lopez បន្ទាប់ពីយន្តហោះបានចុះចតនៅម៉ោងប្រហែល 8:37 ព្រឹក ហើយបានឃុំខ្លួនគាត់នៅស្ថានីយរងនៅ Terminal 3 ជាកន្លែងដែលពួកគេ​បានសួរចម្លើយជនល្មើស។

ជនល្មើសLopez បានសារភាពនៅចំពោះមុខមន្ត្រីថា គាត់បានរៀបគម្រោង​វាយប្រហារមួយនេះឡើងដោយសារគាត់មានអារម្មណ៍ថាហាក់ដូចជាមានក្រុមម៉ាហ្វីយ៉ាកំពុងតាមចាប់គាត់។

ជនល្មើសLopez បានអះអាងថា គាត់មិនដែលស្គាល់ជនរងគ្រោះទេ “ប៉ុន្តែជនល្មើសមានគម្រោងចង់សម្លាប់ជនរងគ្រោះ”។

បើយោង​តាមសារព័ត៌មាន FOX 5 Vegas បានឲ្យដឹងថាជនល្មើសក៏បាន​និយាយផងដែរថាគាត់បានរុំប៊ិកនឹងកៅស៊ូនៅមុនពេលយន្តហោះចេញ​ដំណើរ ។

លោកចៅក្រម Nancy Koppe បានបញ្ជាឲ្យឃុំខ្លួនជនល្មើស Lopez ដើម្បីរង់ចាំការកាត់ក្តីនៅថ្ងៃបន្ទាប់។គាត់ត្រូវបានចោទ​ប្រកាន់នៅក្នុងសវនាការពេញអង្គរបស់តុលាការសហព័ន្ធពីបទបង្ករបួសស្នាមធ្ងន់ធ្ងរកាលពីថ្ងៃពុធកន្លងទៅនេះ។ Lopez នឹងត្រូវបញ្ជូនមក​កាន់តុលាការវិញនៅថ្ងៃទី ១ ខែមីនា២០២៤៕