ព័ត៌មានជាតិ

ទិវាសុខភាព មាតា កុមារនិងទារកនៅបន្ទាយមានជ័យ

ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖” សូមឲ្យស្ត្រី ដែលមានផ្ទៃពោះទៅពិនិត្យសុខភាពយ៉ាងតិចបួនដង តាមពេលវេលាកំណត់ក្រោលពេលសម្រាល សុំឲ្យស្ត្រីដែលជាមាតាទៅពិនិត្យសុខភាពយកទារកទៅចាក់វ៉ាក់សាំងបង្ការជំងឺ ១១មុខតាមពេលវេលាកំណត់” ។

នេះគឺជាខ្លឹមសារសារលិខិតដ៏មានសារសំខាន់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានិងជាឥស្សរជនដ៏ឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ក្នុងឱកាសទិវាជាតិ សុខភាពមាតាទារកនិងកុមារនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមប្រធានបទ ពង្រឹងគុណភាពសេវា ទាំសុខភាពមាតាទារកនិងកុមារ ដើម្បីឆ្ពោះទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។

លោកអ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យនាំសារនេះមកអានក្នុងកម្មវិធីរបស់សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យដែលបានប្រារព្ធធ្វើឡើងនៅស្រុកថ្មពួកកាលពីថ្ងៃទី២១ខែកុម្ភ:ឆ្នាំ២០២៤ ។

លោកបានមានប្រសាសន៍បន្តថា : ដើម្បីពង្រឹងថែទាំសុខភាពឆ្ពោះទៅ ដណ្តប់សុខភាពជាសកល ក៏បានគូសបញ្ជាក់ឲ្យឃើញនូវសមត្ថភាពយ៉ាងធំធេង ដែលរាជរដ្ឋាភិបាលនីតិកាលទី៦ ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត បាននិងកំពុងបន្តអនុវត្ត នូវគោលនយោបាយជាតិគាំពារសង្គមឆ្នាំ ២០១៦ ២០២៥ និងការឆ្លើយតបទៅនឹងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍ជាតិអន្តរជាតិ អាចឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងបញ្ហាដទៃទៀតបានយ៉ាងល្អប្រសើរ។
គឺតាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីដែលមានផ្ទៃពោះនិងកុមារដែលមានអាយុក្រោម២ឆ្នាំ កម្មវិធីផ្ដល់អាហារតាមសាលារៀន។

លោកអ៊ុំ រាត្រី បានបន្តថា: ការបន្តអភិវឌ្ឍប្រព័ន្ធសុខាភិបាលនិងអភិវឌ្ឍន៍ធនធានមនុស្សវិស័យសុខាភិបាល ឆ្លេីយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ នឹងនាំទៅដល់ការទទួលបានសេវាថែទាំសុខភាពនិងការព្យាបាលប្រកបដោយគុណភាពជាពិសេសការថែទាំសុខភាព ភាពមាតាទារកនិងកុមារនៅកម្ពុជាក្នុងបរិបទនេះ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិប្តេជ្ញាចិត្តចូលរួមគាំទ្រនឹងខិតខំបន្តអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងរបស់ស្ត្រីក្នុងការថែទាំសុខភាពមុនពេលរៀបការនិងពេលមានផ្ទៃពោះពេលសម្រាលការថែទាំសុខភាពដល់ កុមារការ ទប់ស្កាត់ជំងឺឆ្លងដូចជាការចម្លងនូវមេរោគអេដស៍សើស្បែកនិងថ្លើមប្រភេទបB ពីម្តាយមកកូនដើម្បីសម្រេចបាននូវគោលដៅក្រោម៥ ភាគរយនៅឆ្នាំ២០២៥ខាងមុខនេះ។

គួរបញ្ជាក់ថា ក្នុងទិវាសុខភាពមាតាទារកនិងកុមារនេះផងដែរ សាខាកាកបាទក្រហមខេត្ត បានចែកជូននូវ អំណោយមនុស្សធម៍ដល់ស្ត្រីដែលមានផ្ទៃពោះទារកកុមារតូចតូចចំនួន៤០នាក់។
ម្នាក់ៗទទួលបាន មីជាតិ១កេស ត្រីខ១០កំប៉ុង ទឹកដោះគោឆៅ១ឡូត៍ ទឹកសណ្តែក១យួរ នំប្រៃ១ថង់ ទឹកដោះគោខាប់២កំប៉ុង កន្សែងពោះគោធំចំនួន១ សាប៊ូកក់សក់កូនង៉ា១ ម្សៅលាប១ដបនិងថវិកាមួយចំនួន ៕