ព័ត៌មានជាតិ

កម្ពុជាគ្រោងបន្តបោសសម្អាតគ្រាប់បែកចង្កោមច្រើនគីឡូម៉ែត្រក្រឡាក្រោយបោសសម្អាតមីនឲ្យអស់នៅឆ្នាំ ២០២៥

ដោយ: ព្រះអង្គខ្មៅ

បាត់ដំបង÷ កម្ពុជាគ្រោងបន្តយុទ្ធនាការបោសសម្អាតគ្រាប់បែកចង្កោមជាច្រើនគីឡូម៉ែតក្រឡាបន្ថែមទៀតដែលជាសំណល់សង្គ្រាមក្រោយបញ្ចប់យុទ្ធនាការបោសសម្អាតគ្រាប់មីនឲ្យអស់នៅដំណាច់ឆ្នាំ ២០២៥។

ក្នុងទិវាយល់ដឹងពីមីនខួបលើកទី ២៥ នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅលើទឹកដីអតីតសមរភូមិប្រយុទ្ធក្តៅខេត្តបាត់ដំបង ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី ១ អាជ្ញាធរមីនកម្ពុជាបានលើកឡើងថា÷ ក្រោយបញ្ចប់ការបោសសម្អាតគ្រាប់មីនឲ្យអស់នូវដំណាច់ឆ្នាំ ២០២៥ មន្ត្រីជំនាញពាក់ព័ន្ធកម្ពុជា ក្រោមកិច្ចសហការជំនួយពីបណ្តាប្រទេសជាមិត្តជាច្រើន នឹងបន្តយុទ្ធនាការបោសសម្អាតគ្រាប់បែកចង្កោម រួមទាំងសំណល់ពីសម័យសង្គ្រាមផ្សេងៗទៀតក្នុងទំហំផ្ទៃដី ១០០០គីឡូម៉ែត្រក្រឡាបន្ថែមទៀតដើម្បីទប់ស្កាត់បញ្ហាគ្រោះថ្នាក់នានារបស់ប្រជាពលរដ្ឋ ពិសេសនៅតំបន់ប្រឈម។

មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរមីនកម្ពុជាបន្តថា÷ កន្លងមកយុទ្ធភណ្ឌគ្រាប់មីនសល់ពីសម័យសង្រ្គាមបានបង្កការខូចខាតនូវទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ប្រជាពលរដ្ឋជាច្រើន គ្រាន់តែប្រជាជនក្នុងខេត្តបាត់ដំបង រងគ្រោះដោយសារគ្រាប់មីន និងសំណល់ពីសង្រ្គាមជាង ១៥០០០នាក់បានរងគ្រោះ ក្នុងចំណោម ៦៦០០០នាក់ប្រជាពលរដ្ឋរងគ្រោះនៅទូទាំងប្រទេស។

លោក សឿម ប៊ុនរឹទ្ធ អភិបាលរងខេត្តបាត់ដំបង បានបញ្ជាក់ដែរថា÷ ភូមិសាស្ត្រខេត្តបាត់ដំបង ផ្ទៃដីគ្របដណ្តប់ដោយគ្រាប់មីនមានទំហំធំ បច្ចុប្បន្នគ្រាប់មីន និងសំណល់សង្គ្រាមនៅតែបន្តគំរាមកំហែងជារឿយៗដល់អាយុជីវិត ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋនៅឡើយ។ ជនរងគ្រោះដោយសារគ្រាប់មីន និងសំណល់ពីសង្គ្រាមផ្សេងៗពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ២០២៤ មានចំនួន ១៥៣០០នាក់ ក្នុងនោះបានរងគ្រោះដោយសារមីនចំនួន ១២៣៥៥នាក់ ដោយសារសំណល់សង្គ្រាមផ្សេងៗចំនួន ២៩៩៥នាក់ និងបណ្តាលឲ្យស្លាប់មនុស្សចំនួន ៣៣៦៣នាក់ រងរបួសចំនួន ៨៧៩៩នាក់ និងពិការចំនួន ២៦៣៨នាក់៕