សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តករណីហិង្សាដោយចេតនានិងកាន់កាប់អាវុធគ្មានការអនុញ្ញាត 

ដោយ : បន្ទាយ

បន្ទាយមានជ័យ ÷ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ចុះល្បាតការពារសណ្ដាប់ធ្នាប់ និងរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តក្រុង នៅវេលាម៉ោង១៤ និង៥៨នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ពេលល្បាតដល់​ចំណុចភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ បានប្រទះឃើញមាន​ក្មេងទំនើងចំនួន០២ក្រុម មានគ្នាប្រហែល០៨នាក់ បានធ្វើសកម្មភាពដេញកាប់គ្នា។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ក្រុងសិរីសោភ័ណឲ្យដឹងថា : កម្លាំងបានធ្វើកាបង្រ្កាបនិងឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងចាប់យកវត្ថុតាង កាំបិតខ្វែវដងឈើប្រវែង៨៤សង់ទីម៉ែត្រ ចំនួន០១ដើម ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំតាមនីតិវិធី។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ជនសង្ស័យឈ្មោះចាន់ ពិសិដ្ឋ (ហៅជុយ) ភេទប្រុស អាយុ១៦ឆ្នាំរស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យបានឆ្លើយសារ ភាពថា ខ្លួនពិតជាជាប់ពាក់ព័ន្ធក្នុងករណីដេញកាប់គ្នា​ពិតប្រាកដមែន។ តែខ្លួនមានគ្នាជាច្រើននាក់ទៀត មិនមែនតែឯងទេ ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត​ផងដែរ ។

កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅព្រឹកថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕