អន្តរជាតិ

អ្នកយកព័ត៌មានឯករាជ្យនៅអាមេរិកគំរាមសម្លាប់ជនជាតិជ្វីហ្វគ្រប់រូបនិងបាញ់សម្លាប់មន្ត្រីអាមេរិកដែលគាំទ្រអ៊ីស្រាអែល

ប្រែសម្រួល៖ ស-សម្បត្តិ
យោងតាមលិខិតបញ្ជាក់របស់មន្រ្តីសហព័ន្ធដែលបានដាក់នៅតុលាការកាលពីសប្តាហ៍មុនបានបង្ហាញថាអ្នកយកព័ត៌មានឯករាជ្យមានមូលដ្ឋាននៅទីក្រុង Fort Wayne រដ្ឋ Indiana សហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងការជាប់ពន្ធនាគារសហព័ន្ធរហូតដល់ប្រាំឆ្នាំ បន្ទាប់ពីមានការចោទប្រកាន់ថាបានគំរាមកំហែងថានឹង “សម្លាប់ជនជាតិជ្វីហ្វគ្រប់រូប” នៅក្នុងទីក្រុង និង “បាញ់សម្លាប់មន្ត្រីអាមេរិកដែលគាំទ្រអ៊ីស្រាអែល” ។

លិខិតបញ្ជាក់របស់មន្រ្តីសហព័ន្ធបានឲ្យដឹងថាលោក Jeffrey Stevens អាយុ ៤១ ឆ្នាំរងការចោទប្រកាន់ពីបទបង្ហោះសារគំរាមកំហែងតូវប្រឈមនឹងជាប់ពន្ធនាគារសហព័ន្ធរហូតដល់ប្រាំឆ្នាំ។
គាត់ត្រូវបានគេរាយការណ៍ជាលើកដំបូងទៅកាន់ FBI បន្ទាប់ពី “បានបង្ហោះសារជាច្រើននៅក្នុង Facebook” ទាក់ទងនឹងការវាយប្រហាររបស់ពួកហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា លើអ៊ីស្រាអែល នេះបើយោងតាមការបញ្ជាក់របស់មន្រ្តីសហព័ន្ធ។

បើយោងតាមការបញ្ជាក់របស់ FBI បានឲ្យដឹងថានៅក្នុងការសួរចម្លើយរបស់ FBI កាលពីថ្ងៃទី ២ ខែកុម្ភៈ Stevens គាត់បានសារភាពថាពិតជាបានបង្ហោះសារនៅលើគេហទំព័ររបស់ CIA ថាគាត់នឹងបាញ់សម្លាប់មន្ត្រីរដ្ឋាភិបាលអាមេរិកដែលគាំទ្រអ៊ីស្រាអែល ។

គាត់ក៏បានសារភាពថាបានផ្ញើសារទៅកាន់នាយកដ្ឋានប៉ូលិស Fort Wayne នៅលើ Facebook ដោយនិយាយថាគាត់នឹង “សម្លាប់ជនជាតិជ្វីហ្វគ្រប់រូប” ។

គាត់បាននិយាយក្នុងពេលសួចម្លើយរបស់ FBថា គាត់ស្រវឹងស្រាខ្លាំងពេកនៅពេលបង្ហោះសារនោះ លិខិតរបស់តុលាការសហព័ន្ធបានបញ្ជាក់យ៉ាងដូចនេះ។

មន្រ្តីសហព័ន្ធបានបញ្ជាក់ថា Stevens ក៏ត្រូវបានគេចោទប្រកាន់ថាបានបង្ហោះសារថានឹង “ធ្វើឲ្យរាល់សមាជិក CIA ដែលគាំទ្រអ៊ីស្រាអែលត្រូវវិនាសអស់”។

សារព័ត៌មាន Detroit News បានរាយការណ៍ជាលើកដំបូងនូវលិខិតបញ្ជាក់កាលពីថ្ងៃចន្ទ។
លិខិតបញ្ជាក់នេះត្រូវបានដាក់នៅថ្ងៃទី ១២ ខែកុម្ភៈនៅក្នុងតុលាការស្រុកសហរដ្ឋអាមេរិកនៃសង្កាត់ភាគខាងជើងនៃរដ្ឋ Indiana ។

កាលពីសប្តាហ៍មុន Stevens ត្រូវបានចាប់ខ្លួនហើយស្ថិតនៅក្នុងការឃុំឃាំងដោយយោងទៅតាមការបញ្ជាពីចៅក្រមសហព័ន្ធកាលពីថ្ងៃទី ១៦ ខែកុម្ភៈ ។ ចំណែកមេធាវីរបស់ Stevens មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន Detroit News ទេ។

បើយោងតាមការស្ទង់មតិមួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារដោយគណៈកម្មាធិការជនជាតិជ្វីហ្វអាមេរិកបានរកឃើញថា មួយភាគបួននៃជនជាតិជ្វីហ្វអាមេរិកបាននិយាយថា ពួកគេគឺជាគោលដៅនៃការប្រឆាំងតាមផ្លូវសាសនា។

ចំណែកការស្ទង់មតិថ្នាក់ជាតិបានរកឃើញថា ជិត ២ ភាគ ៣ នៃជនជាតិជ្វីហ្វអាមេរិកបារម្ភថាពួកគេមិនសូវមានសុវត្ថិភាពសម្រាប់ការរស់នៅក្នុងសហរដ្ឋអាមេរិកជាងកាលពីមុន៕