អន្តរជាតិ

អ្នកជំនាញថាការរំពឹងទុកថានឹងទទួលបានមកវិញនូវប្រាក់រាប់ពាន់លានដុល្លារតាមរយៈកញ្ចប់ជំនួយអ៊ុយក្រែនគឺជារឿងយល់ច្រឡំ

ប្រែសម្រួល៖ ស-សម្បត្តិ
មន្ត្រីអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកឈរលើគោលការណ៏ប្រមូលប្រាក់រាប់ពាន់លានដុល្លារ មកវិញប្រសិនបើកញ្ចប់ជំនួយចំនួន ៩៥ ពាន់លានដុល្លារដែលបានស្នើឡើងរួមបញ្ចូលទាំងការផ្តល់មូលនិធិសម្រាប់អ៊ុយក្រែនត្រូវបានឆ្លងសភារួចរាល់នោះ។

ក្នុងខណ:ពេលដែលសមាជិកសភាអាមេរិកកំពុងពិចារណាលើគុណសម្បត្តិនៃកញ្ចប់ជំនួយដ៏មានមហិច្ឆតាសម្រាប់អ៊ុយក្រែន អ៊ីស្រាអែល និងតៃវ៉ាន់ រដ្ឋបាលលោក Biden បានអះអាងថាផែនការនេះយើងនឹងឃើញលំហូរសាច់ប្រាក់វិលត្រឡប់ទៅឧស្សាហកម្មការពារជាតិរបស់សហរដ្ឋអាមេរិកយើងវិញ ដែលក្នងនោះយើងទំនងជាអាចទទួលបានរហូតដល់ ៣៨.៨ ពាន់លានដុល្លារអាមេរិក។

នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិរបស់សេតវិមានលោក Lael Brainard បានមានប្រសាសន៍ថា “នោះជារឿងមួយដែលត្រូវបានគេយល់ច្រឡំទេសូមសួរថាតើការផ្តល់មូលនិធិមានសារៈសំខាន់យ៉ាងណាសម្រាប់ការងារ និងផលិតកម្មនៅទូទាំងប្រទេសអាមេរិក។

ចាប់តាំងពីរុស្ស៊ីបានចូលលុកលុយអ៊ុយក្រែនក្នុងឆ្នាំ ២០២២ ឧស្សាហកម្មការពារជាតិរបស់សហរដ្ឋអាមេរិកបានប្រឹងប្រែងបន្ថែមទៀតដើម្បីបង្កើនផលិតកម្មដ៏ធំសម្រាប់សព្វាវុធ និងគ្រាប់រំសេវរបស់ខ្លួន ខណៈដែលសម្ព័ន្ធមិត្តអឺរ៉ុបក៏បង្កើតការការពារប្រឆាំងនឹងទីក្រុងម៉ូស្គូផងដែរ។

ការជំរុញផលិតកម្មដ៏ធំសម្រាប់សព្វាវុធនៅក្នុងសម័យសង្រ្គាមបានជំនះលើការធ្លាក់ចុះផលិតកម្មដែលបណ្តាលមកពីជំងឺរាតត្បាត ដោយមានការបញ្ជាទិញយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក និងឧបករណ៍យោធាផ្សេងៗទៀតដែលលក់ក្នុងរយៈពេលត្រឹមតែពីរបីឆ្នាំប៉ុណ្ណោះ។

ក្រសួងការបរទេសបានកត់សម្គាល់ឃើញនៅក្នុងពេលថ្មីៗនេះថា សហរដ្ឋអាមេរិកបានធានាកិច្ចព្រមព្រៀងលក់អាវុធក្នុងតម្លៃជាង ៨០ ពាន់លានដុល្លារនៅក្នុងរយៈពេលមួយឆ្នាំកន្លងមក ដោយជាងពាក់កណ្តាលមកពីសម្ព័ន្ធមិត្តអឺរ៉ុប។

កាលពីខែសីហា សហរដ្ឋអាមេរិកបានលក់ឧទ្ធម្ភាគចក្រ Apache ប្រព័ន្ធរ៉ុក្កែត រថក្រោះ និងសម្ភារយោធាផ្សេងទៀតក្នុងតម្លៃ ៣០ ពាន់លានដុល្លារទៅឲ្យប៉ូឡូញ ដែលរដ្ឋមន្ត្រីការបរទេសបានអំពាវនាវឲ្យសហរដ្ឋអាមេរិកកុំបោះបង់ចោលអ៊ុយក្រែន និងអឺរ៉ុប។

អ្នកវិភាគឧស្សាហកម្មយោធានៅ Wolfe Research លោក Myles Walton បានប្រាប់ WSJ អំពីការលក់ និងផលិតអាវុធរបស់អាមេរិកថា “ការលក់អាវុធរបស់អាមេរិកនៅប៉ុន្មានឆ្នាំកន្លងមកគឺស្មើនឹងការលក់អាវុធកាលពី ២០ ឆ្នាំមុន” ។

សហរដ្ឋអាមេរិកក៏ទទួលបានផលិតកម្មឧស្ម័នធម្មជាតិរាវ (LNG) របស់ខ្លួនផងដែរ បន្ទាប់ពីការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីត្រូវបានកាត់ផ្តាច់ ហើយអតិផរណាបានធ្វើឲ្យតម្លៃថាមពលកើនឡើង។
សហរដ្ឋអាមេរិកបានក្លាយជាអ្នកនាំចេញ LNG ដ៏ធំបំផុតរបស់ពិភពលោកកាលពីឆ្នាំមុន ប្រហែលពីរភាគបីនៃការនាំចេញគឺទៅអឺរ៉ុប។ ការនាំចេញទាំងនោះត្រូវបានគេរំពឹងថានឹងកើនឡើងជិតទ្វេដងនៅឆ្នាំ ២០៣០ ប៉ុន្តែអ្នកប្រឆាំងនិងច្បាប់ផ្តល់មូលនិធិបានចង្អុលបង្ហាញថាអត្ថប្រយោជន៍និងលំហូរសាច់ប្រាក់ត្រឡប់មកវិញត្រូវការពេលវេលា ច្រើនឆ្នាំដើម្បីទូទាត់ត្រឡប់មកវិញ។

ស្ថាប័នWSJ បាននិយាយថាគេក៏មិនច្បាស់ដែរថា តើជនជាតិអាមេរិកប៉ុន្មាននាក់នឹងទទួលបានផលប្រយោជន៍ពីការរីកចំរើននៃផលិតកម្មទាំងនេះ ដោយសារការងារដែលជាប់ទាក់ទងនឹងអ៊ុយក្រែន គ្រាន់តែជាចំណែកតូចមួយនៃការងារទាំងនេះប៉ុណ្ណោះបើធៀបនឹងប្រាក់ចំណូលរបស់ជាតិ ។

សមាជិកសភាមកពីគណបក្សសាធារណរដ្ឋជាច្រើននាក់បានរិះគន់ច្បាប់នេះ ដោយអះអាងថា សហរដ្ឋអាមេរិកមិនអាចមានលទ្ធភាពបន្តគាំទ្រទីក្រុង Kyiv បានទេ ជាមួយនឹងប្រាក់ដែលបានចំណាយកាន់តែច្រើនឡើងលើការពង្រឹងសន្តិសុខនៅតាមព្រំដែនរបស់អាមេរិក។

វាគ្មិន Mike Johnson (R-La.) ថា “មិនប្រញាប់ប្រញាល់” ដើម្បីជំរុញកញ្ចប់ជំនួយសម្រាប់សភាបោះឆ្នោតសម្រេចនោះទេហើយបាននិយាយថាយោងតាមទម្រង់ការច្បាប់នេះនឹងមិនឆ្លងផុតសភានោះទេ៕