ព័ត៌មានជាតិ

ស្នើឱ្យតាមបណ្តារោងចក្រសហគ្រាសមានរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងយ៉ាងតិច

ដោយ៖ គង់ហេង
កំពង់ចាម៖ នៅក្នុងពិធីអបអរសាទរទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ នៅព្រឹកថ្ងៃទី ២១ កុម្ភៈ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានស្នើ ដល់បណ្តារោងចក្រសហគ្រាសនានា គឺធ្វើយ៉ាងណាមានរថយន្តពន្លត់អគ្គិភ័យចំនួន មួយ គ្រឿងយ៉ាងតិច ដើម្បីចូលរួមទប់ស្កាត់ ឬពន្យារពេល នៃការឆាបឆេះនៅពេលមានគ្រោះថ្នាក់នោះ។

ពិធីនេះបានរៀបចំឡើងក្នុងទីលានព្រលានយន្តហោះ ក្នុងភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ដែលមានអ្នកចូលរួមប្រមាណជាង ១.០០០ នាក់ លោកអភិបាលខេត្តកំពង់ចាមបានស្នើថា៖ ក្នុងនោះម្ចាស់រោងចក្រសហគ្រាស ក៏បំពាក់ផងដែរនៅខាងក្នុងរោងចក្រ សហគ្រាសនូវបំពង់ពន្លត់អគ្គិភ័យ សម្ភារបរិក្ខារពន្លត់អគ្គិភ័យ។ ជាពិសេសត្រូវឱ្យមន្រ្តីរបស់ខ្លួនចេះប្រើឧបករណ៍ទាំងនោះ គឺដើម្បីអាចជួយពន្យារពេល ក្នុងករណីគ្រោះថ្នាក់ជាយថាហេតុ មានគ្រោះអគ្គិភ័យភ្លើងឆេះមកដល់។

លោកបានបន្តថា៖ សម្រាប់បងប្អូនប្រជាពលរដ្ឋ បងប្អូនជានិយោជិត និយោជក និងយុវជនគ្រប់រូប ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្នុងការចូលរួមបង្ការទប់ស្កាត់គ្រោះអគ្គិភ័យ ព្រោះការងារ បង្ការទប់ស្កាត់គ្រោះអគ្គិភ័យមិនមែនជាកាតព្វកិច្ចរបស់នរណរម្នាក់នោះទេ ប៉ុន្តែវាគឺជា កាតព្វកិច្ចរបស់យើងទាំអស់គ្នា។ នៅគ្រប់លំនៅដ្ឋានរបស់បងប្អូនទាំងអស់គ្នា គួរតែមានឧបករណ៍បង្ការពន្លត់ អគ្គិភ័យ និងត្រូវត្រៀមឧបករណ៍សម្ភារសាមញ្ញៗដូចជាភួយ ខ្សាច់ មានទឹកបម្រុងទុកពេញពាង បើមានទុយោទឹក ម៉ូទ័របូមទឹក ម៉ាស៊ីនបូមបាញ់ទឹកកាន់តែប្រសើរ សម្រាប់ពន្លត់នៅ ពេលដែលមានភ្លើងឆេះគ្រាដំបូង និង សូមបងប្អូនមានការប្រុងប្រយ័ត្ននូវបញ្ហាភ្លើងផ្សែង តាមរយៈការប្រើប្រាស់ភ្លើង ចង្ក្រាន ការដុតទៀន ធូប ចរន្តអគ្គិសនី ជាតិគីមី ឧស្ម័នផ្ទុះ (ចង្ក្រានហ្គាស និងកំប៉ុងហ្គាស) ជាដើម ។

លោកបានរំលឹកថា៖ អគ្គិភ័យក្នុងឆ្នាំ២០២៣ កន្លងមក ដែលមានរហូតដល់ទៅ ២៧លើក បើធៀបក្នុងឆ្នាំ ២០២២ កន្លងមក មានការថយចុះពីរលើក បណ្តាលឱមានការស្លាប់មនុស្សចំនួន ៣ នាក់ របួសមនុស្សចំនួន ០៥នាក់ ឆេះផ្ទះ ២៥ខ្នង និងខូចខាតជាទឹកប្រាក់សរុបចំនួន ៣៨៣.៤០០.០០០ រៀល ។

ក្នុងឆ្នាំកន្លងមកនេះ ក្នុងចំណោមក្រុង-ស្រុកទាំង១០ ស្រុកកំពង់សៀម មានអត្រាគ្រោះថ្នាក់អគ្គិភ័យច្រើនជាងបណ្តាក្រុង-ស្រុកដទៃ ដែលមានអត្រាគ្រោះថ្នាក់អគ្គិភ័យចំនួន ៧លើក កើន៣លើកបើធៀបក្នុងឆ្នាំ២០២២ ដែលជាអត្រាមួយខ្ពស់ជាងបណ្ដាក្រុង ស្រុកដទៃ នេះបានសរបញ្ជាក់ឲ្យឃើញថា បណ្តាលមកពីកត្តាធ្វេសប្រហែស និងការយល់ដឹងនៅមានកម្រិត ប៉ុន្តែករណីខាងលើនេះពុំបណ្តាលឲ្យមានការស្លាប់ និងរបួសមនុស្សឡើយ។ ផ្ទុយទៅវិញបើធៀបជាមួយស្រុកកងមាស ដែលមានអត្រាអគ្គិភ័យចំនួនតែ ៤លើក ប៉ុន្តែបណ្ដាលឲ្យបាត់បង់មនុស្សចំនួន៣នាក់ និងរបួស២នាក់ យើងសូមចូលរួមចំណែក សោកស្ដាយចំពោះការបាត់បង់ជីវិត និងរបួសមនុស្សព្រមទាំងបាត់បង់នូវទ្រព្យសម្បត្តិ និង សម្ភារផ្សេងៗទៀតជាមួយគ្រួសារជនរងគ្រោះ៕