សន្ដិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនមនុស្ស៥នាក់ក្រោមបទសង្ស័យលួចកាត់យកខ្សែភ្លើងតាមដងផ្លូវ

ដោយ៖កំចាយ

កំពត÷ កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តកំពត នាល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានឃាត់ខ្លួនបុរសនិងយុវជន៥នាក់ក្រោមបទសង្ស័យលួចកាត់យកខ្សែភ្លើងតាមដងផ្លូវ និងទទួលទិញផលចោរកម្ម។

មន្ត្រីសមត្ថកិច្ចខេត្តកំពតបានប្រាប់ឱ្យដឹងថា ជនសង្ស័យទាំង៥នាក់ រួមមាន ១. ឈ្មោះ នី យ៉ាឌី អាយុ ៣០ឆ្នាំ, ២. ឈ្មោះ សុខ សាន អាយុ ១៩ឆ្នាំ។ ទាំង២នាក់មានទីលំនៅក្នុងឃុំព្រែកព្នៅ ស្រុកពញាឮ ខេត្តកណ្ដាល។ ៣. ឈ្មោះ ផេង រ៉ុង អាយុ ៤២ឆ្នាំ រស់នៅឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។ ៤. ឈ្មោះ សុខ ចេង អាយុ ២៨ឆ្នាំ មានទីលំនៅឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។ ៥. ឈ្មោះ អ៊ុក ម៉ូដែន អាយុ ៣២ឆ្នាំ រស់នៅសង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ជាអ្នកទទួលទិញផលចោរកម្ម។

ប្រភពដដែលបានរៀបរាប់ថា កាលពីម៉ោង១ និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ កុម្ភ: មានករណីដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតក្នុងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត​ព្រោះតែក្រុមចោរបានលួចកាត់ខ្សែភ្លើងត្រង់ចំណុចមុខសាលាបឋមសិក្សាហ៊ុន សែន១មករា។ ជាមួយហេតុការណ៍ខាងលើ លោកស្នងការខេត្តកំពតបានណែនាំដល់លោកឧត្តមសេនីយ៍ត្រី លក ញ៉ាវ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌបន្តដឹកនាំកម្លាំងបង្កើនការ​ស្រាវជ្រាវព្រោះករណីស្រដៀងគ្នានោះបានកើតឡើង៣លើកមកហើយក្នុងរយ:ពេល១សប្តាហ៍នេះ។

សមត្ថកិច្ចបានបន្តថា ក្រោមកិច្ចសហការរវាងកម្លាំងអធិការដ្ឋានក្រុងកំពត ស្រុកទឹកឈូ និងស្រុកដងទង់ រហូតដល់វេលាម៉ោង៥ និង១០នាទីល្ងាចថ្ងៃទី២០ ខែកុម្ភ: សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ៥នាក់បន្តបន្ទាប់ រួមជាមួយវត្ថុតាងជាច្រើន រួចនាំមកកាន់ស្នងការដ្ឋានក្រុងកំពតដើម្បីសាកសួរ និងកសាងរបាយការណ៍​ជូនស្នងការដ្ឋានចាត់ការបន្ត៕