សន្ដិសុខសង្គម

មន្រ្តីនគរបាលខេត្តត្បូងឃ្មុំម្នាក់ស្លាប់ដោយសារជិះម៉ូតូបុកពីខាងក្រោយរថយន្តដែលឈប់ចតអត់ប្រើភ្លើងសញ្ញា

ដោយ៖ គង់ហេង
ត្បូងឃ្មុំ៖ មន្រ្តីនគរបាលខេត្តត្បូងឃ្មុំថ្នាក់នាយការិយាល័យម្នាក់ បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ខណៈដែលជនរងគ្រោះម្នាក់នេះបានបើកម៉ូតូទៅបុកពីខាងក្រោយរថយន្តដែលឈប់ចតលើចិញ្ជើមគ្មានប្រើប្រាស់ភ្លើងសញ្ញា ក្នុងភូមិសាស្រ្តភូមិជ្រោយ សង្កាត់វិហារហ្លូង ក្រុងសួង នៅម៉ោងជាង ៨ យប់ថ្ងៃទី ២០ កុម្ភៈ ម្សិលមិញ។

ប្រភពព័ត៌មានពីសមត្ថកិច្ច ខេត្តត្បូងឃ្មុំបានឱ្យដឹងថា៖ អ្នកស្លាប់មានឈ្មោះ ខែក ធីសែន អាយុ ៥៤ ឆ្នាំ មានទីលំនៅភូមិពោធិកិល សង្កាត់ ក្រុងសួង មានឋានៈវរសេនីយ៍ ជានាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តត្បូងឃ្មុំ។

ប្រភពព័ត៌មាននោះបានឱ្យដឹងទៀតថា៖ បើតាមកាមរ៉ាសុវត្ថិភាពថតបាននៅក្បែរកន្លែងកើតហេតុខាងលើ គឺបានបង្ហាញថានៅមុនជួបគ្រោះថ្នាក់ អ្នកបើកបរម៉ូតូមិនបានដឹងថាមានឧបសគ្គនៅបាំងរាំងខាងមុខ ដើម្បីប្រាប់ជាសញ្ញាឱ្យគេច ឬជាន់ហ្រ្វាំងទេ គឺជនរងគ្រោះបានបើកបរម៉ូតូបុករថយន្តពីខាង​ក្រោយបែកផ្កាភ្លើង ពីចំហៀងស្លាប់ភ្លាមតែម្តង។ មួយសន្ទុះឃើញអ្នកបើកបររថយន្តម៉ាកហ៊ីយុនដាយពណ៌ក្រហម ពាក់ផ្លាកលេខត្បូងឃ្មុំ 3A-6318 ដែលឈប់មិនប្រើប្រាស់ភ្លើងសញ្ញា បើកបររត់គេចចេញពីកន្លែងកើតហេតុ ក៏មិនត្រូវស្គាល់ឈ្មោះនៅឡើយទេ៕