សន្ដិសុខសង្គម

មិនទាន់ចាប់បានអ្នកបើកបររថយន្តធំបុកម៉ូតូស្លាប់២នាក់នៅឡើយ

ដោយ:សុខុម
កំពង់ឆ្នាំង៖ តៃកុងរថយន្តធំបើកទ្វាររត់គេចខ្លួនបាត់ក្រោយបុកម៉ូតូបណ្តាលឲ្យស្ត្រីវ័យចំណាស់ម្នាក់និងអ្នកដើរម្នាក់សរុប២នាក់ស្លាប់នៅវេលាទៀបភ្លឺថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ លើកំណាត់ផ្លូវជាតិលេខ៥ ចំណុចមុខផ្សារព្រៃខ្មែរ ស្ថិតក្នុងភូមិស្តុករាជ្យ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្រោយមានហេតុការណ៍ សមត្ថកិច្ចចុះទៅពិនិត្យបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ព្រុំ ស៊ីថារី អាយុ៦៣ឆ្នាំ ជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ ទឹកសមុទ្រ គ្មានផ្លាកលេខ រស់នៅភូមិគ្រួស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ស្លាប់នៅកន្លែងកើតហេតុ។ជនរងគ្រោះម្នាក់ទៀតដើរថ្មើរជើងឈ្មោះ ឡាយ ម៉ៅ អាយុ៧១ឆ្នាំ រស់នៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា៖ រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខ ភព3E -0251បើកបរពីត្បូងទៅជើង ក្នុងទិសដៅខ្វែងគ្នា មកដល់ចំណុចខាងលើ បុកម៉ូតូពេញមួយទំហឹង និងបន្តបុកអ្នកថ្មើរជើងម្នាក់ទៀតបាត់បង់ជីវិតមនុស្សអស់២នាក់៕