សន្ដិសុខសង្គម

ឃាត់ខ្លួនសន្តិសុខក្រុមហ៊ុនម្នាក់ប្រើប្រាស់អាវុធខុសច្បាប់

ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង៖ សមត្ថកិច្ចឃាត់ខ្លួនបុរសសន្តិសុខក្រុមហ៊ុនឯកជនម្នាក់ក្រោយឆែកឆេររកឃើញប្រើប្រាស់អាវុធខ្លីខុសច្បាប់មួយដើម។

នគរបាលបានប្រាប់ឲ្យដឹងថា÷ ការឃាត់ខ្លួនបុរសខាងលើធ្វើឡើងស្របពេលដែលកម្លាំងជំនាញចម្រុះចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះ ពិនិត្យជាតិអាល់កុល និងពិនិត្យគ្រឿងញៀនលើដងផ្លូវ នៅយប់ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៤ ក្នុងភូមិសាស្ត្រ ភូមិច្រនៀ ង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ការអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនេះ កម្លាំងនគរបាលបាននាំខ្លួនបុរសម្នាក់មានឈ្មោះយ៉ើន ថាវ័ន ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិរូងអំពិល ឃុំខ្នាចរមាស ខេត្តបាត់ដំបង ជាសន្តិសុខរបស់ក្រុមហ៊ុនឯកជនមួយកន្លែងនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរក្សាកាន់កាប់នូវអាវុធខ្លីមួយដើមដោយមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ។

វត្ថុតាងដែលកម្លាំងចម្រុះដកហូតបានរួមមាន: អាវុធម៉ាក ZORAKIM 906 -T ពណ៌ខ្មៅ មួយដើម និងបង់មួយមានគ្រាប់ចំនួន ០៥គ្រាប់ រួមទាំងប្រាក់បាតថៃចំនួន ១២.៦០០បាត(មួយម៉ឺន ពីរពាន់ប្រាំមួយរយ) បាតផងដែរ។

នគរបាលស្នងការខេត្តបាត់ដំបងបានបន្តថា÷ ក្រោយការនាំខ្លួន និងសាកសួរបុរសខាងលើបានឆ្លើយសារភាពថា៖ អាវុធដែលខ្លួនបានរក្សាទុកនេះ គឺជាអាវុធដែលរូបគេបានទិញពីជនជាតិថៃ នៅ ព្រំដែន ក្នុងតម្លៃមួយម៉ឺនបាត អំឡុងត្រឹម ៤ថ្ងៃមុនប៉ុណ្ណោះ។

ចំពោះមុខពេលនេះសមត្ថកិច្ចគោលដៅកំពុងកសាងសំណុំរឿងគ្រោងនឹងបញ្ជូនមកកាន់ផែនជំនាញដើម្បីអនុវត្តតាមនីតិវិធី៕