ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំពង្រឹងកិច្ចការជំនាញស្រាវជ្រាវនិងបង្រ្កាបបទល្មើស

ដោយ : បន្ទាយ
ភ្នំពេញ : លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំចង្អៀត ជំនាញស្រាវជ្រាវនិងបង្រ្កាបបទល្មើស កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។

សមាសភាពចូលរួមមានលោកមេបញ្ជាការរងទទួលជំនាញ នាយសេនាធិការ ប្រធាន-អនុប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស នាយការិយាល័យប្រឆាំងគ្រឿងញៀន នាយការិយាល័យព្រហ្មទណ្ឌ និងនាយការិយាល័យប្រឆាំងការជួញដូរមនុស្ស ក្នុងគោលបំណងសំដៅបង្កើនការរក្សាសន្តិសុខជូនប្រជាពលរដ្ឋតាមមូលដ្ឋានឲ្យមានសុវត្ថិភាពខ្ពស់បំផុត និងជំរុញការផ្សព្វផ្សាយលេខទូរសព្ទបន្ទាន់១២៩១ ដែលមានអាវុធហត្ថរាជធានីភ្នំពេញរង់ចាំទទួលនិងចេញអន្តរាគមន៍ ២៤/២៤ ម៉ោង។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ថា : កិច្ចការចំពោះមុខដែលជំនាញត្រូវយកចិត្តទុកដាក់បំផុត គឺការបង្រ្កាបបទល្មើសគ្រឿងញៀនជាអាទិភាព ចោរលួច ចោរឆក់ ក៏ដូចជាបទល្មើសផ្សេងៗទៀត ដែលបង្កចលាចលដល់សង្គម។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តថា: ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបង្ក្រាបបទល្មើសទាំងនេះ បានទាន់ពេលវេលា កម្លាំងជំនាញទាំងអស់ត្រូវជំរុញការស្វែងរកនិងទទួលព័ត៌មានឲ្យបានឆាប់រហ័សតាមរយៈការទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាពលរដ្ឋតាមមូលដ្ឋាន ។
ជាពិសេស​ជំរុញការផ្សព្វផ្សាយលេខទូរសព្ទអន្តរាគមន៍បន្ទាន់២៤/២៤ម៉ោង គឺលេខ១២៩១ ដល់ប្រជាពលរដ្ឋបានជ្រួតជ្រាបឲ្យកាន់តែច្រើនបំផុត៕