ព័ត៌មានជាតិ

ប្រសិទ្ធភាពនៃច្បាប់មិនមែនផ្តើមចេញពីការផាកពិន័យឬដាក់ទោសទណ្ឌនោះឡើយ

ដោយ៖កំចាយ

កំពត÷ ដើម្បីទទួលជោគជ័យសម្រាប់ច្បាប់ទាំងអស់គឺតម្រូវឱ្យមានកិច្ចចូលរួមអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធ ពោលគឺមិនផ្អែកទាំងស្រុងលើការផាកពិន័យឬដាក់ទោសទណ្ឌឡើយ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានមានប្រសាសន៍ថា ភាពជោគជ័យនៃច្បាប់ ពិសេសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដែលបានបង្កើតឡើងក្នុងបំណងកាត់បន្ថយករណីគ្រោះថ្នាក់មកនៅកម្រិតអប្បបរមានោះ គឺតម្រូវឱ្យគ្រប់អ្នកពាក់ព័ន្ធចូលរួមគោរពទាំងអស់គ្នា។ សកម្មភាពអនុវត្តច្បាប់ចរាចរណ៍នៅទូទាំងប្រទេសគឺដើម្បីលុបបំបាត់ការស្លាប់ របួសពិការ ក៏ដូចជាកំហាតបង់ទ្រព្យសម្បត្តិដោយសារគ្រោះថ្នាក់នៅលើដងផ្លូវស្របតាមការចង់បានរបស់ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ក៏ដូចជាឯកឧត្តអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិសេសសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី។

លោកស្នងការបានបន្តថា សម្រាប់ខេត្តកំពត ការត្រួតពិនិត្យច្បាប់ចរាចរណ៍គឺសមត្ថកិច្ចប្រកាន់យកជាចម្បងនូវការអប់រំណែនាំ និងផ្សព្វផ្សាយដល់អ្នកប្រើប្រាស់ផ្លូវឱ្យចងចាំ ហើយអនុវត្តរាល់ពេលធ្វើដំណើរគ្រប់វិនាទីទោះនៅទីណាក៏ដោយ។ ជាបទពិសោធន៍ទូទៅ ការផាកពិន័យ ឬដាក់ទោសទណ្ឌចំពោះអ្នកប្រព្រឹត្តខុសឆ្គងមិនបានធ្វើឱ្យករណីគ្រោះថ្នាក់ចរាចរថមថយឡើយ។ ចំណែកការត្រួតពិនិត្យល្បឿនយានយន្តគឺសមត្ថកិច្ចដាក់ទីតាំងជាចំហដោយមិនអនុញ្ញាតឱ្យធ្វើតាមរបៀបបិទបាំងទេ។ រីឯចំណុចឈរជើងបាញ់ល្បឿន យ៉ាងហោចណាស់ក៏មានចម្ងាយ៤០០ម៉ែត្រពីផ្លាកសញ្ញាបង្ហាញកំណត់ល្បឿនដែរ។

លោកឧត្តមសេនីយ៍ទោបានបញ្ជាក់ថា ដោយសារមានសំណូមពររបស់អ្នកដំណើរអំពីផ្លាកសញ្ញាប្រើកន្លងមកតូចពេក ទើបនៅថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២៤នេះ លោកបានប្តូរផ្ទាំងថ្មីដែលមានទំហំ១,៥០ម៉ែត្រគុណនឹង១,៥០ម៉ែត្រដើម្បីងាយស្រួលមើលឃើញច្បាស់។ ផ្លាកទាំងនេះត្រូវបានដាក់ត្រង់ក្បែរចំណុចដែលឧស្សាហ៍កើតហេតុការណ៍ជាញឹកញយនោះ។ តទៅ មុន១ថ្ងៃនៃការចុះអនុវត្តបាញ់ល្បឿនយានយន្ត លោកនឹងប្រកាសឱ្យដឹងដើម្បីបងប្អូនជិតឆ្ងាយបានជ្រាប។ ការធ្វើបែបនេះបំណងឱ្យភ្ញៀវដែលចូលមកលេងក្នុងខេត្តកំពតមិនធុញថប់អារម្មណ៍ភ័យ និងបង្កើនការចងចាំ ហើយមានទម្លាប់គោរពច្បាប់បានខ្ជាប់ខ្ជួន៕