សន្ដិសុខសង្គម

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានចាប់ខ្លួនបុរសម្នាក់ដែលធ្លាប់ជាប់គុកមុខដដែលៗចំនួន៥ដងរួចមកហើយ

ដោយ : បន្ទាយ

ភ្នំពេញ : ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចកាច់កម៉ូតូ០១គ្រឿងម៉ាក ស្កូពី ពណ៌ស ស្លាកលេខ កំពត 1P-7150  នៅចំណុច ផ្ទះលេខ 32E3 ផ្លូវ១០៩ ភូមិ២ សង្កាត់មនោរម្យ ខណ្ឌ៧មករា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់មកជនសង្ស័យបានយកម៉ូតូខាងលើទៅលក់នៅម្តុំតាន់ប៉ា ក្នុងភូមិសាស្រ្តខណ្ឌដូនពេញ ។ ប៉ុន្តែពុំមានអ្នកទិញឡើយ ហើយក៏ប្តឹងសមត្ថកិច្ចអោយចាត់ការ ។

កម្លាំងអាវុធហត្ថបានអោយដឹងថ្ងៃទី១៨ខែកុម្ភ:ថា :ទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា រាជធានីភ្នំពេញ បានចុះធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី១៧ខែកុម្ភៈបានឈានដល់ការឃាត់ជនសង្ស័យម្នាក់ ឈ្មោះ ផាត់ រដ្ឋា ហៅ ថៃ ភេទ ប្រុស អាយុ ៣៧ឆ្នាំ និងចាប់យកវត្ថុតាង ម៉ូតូ០១គ្រឿងភិនភាគខាងលើ ដើម្បីចាត់ការតាមផ្លូវច្បាប់។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព លួចម៉ូតូ០១គ្រឿងនៅទីតាំងខាងលើពិតប្រាកដមែន ។កន្លងមកខ្លួនធ្លាប់ជាប់ពន្ធនាគារ ចំនួន០៥លើកមកហើយ។

ដោយលើកទី១ :កាលពីអំឡុងឆ្នាំ២០០៥ ខ្លួននិងបក្សពួកមានគ្នាចំនួន ០៣នាក់ មានឈ្មោះ ជា ឈ្មោះ និត និង ឈ្មោះ មន ប្រដាប់ដោយអាវុធខ្លីម៉ាក K59 ចំនួន ០៤ដើម បានធ្វើសកម្មភាពប្លន់ម៉ូតូ០១គ្រឿងម៉ាកហុងដា សេ១២៥ ពីជនរងគ្រោះ បានសម្រេច ។ប៉ុន្តែបន្ទាប់ពីធ្វើសកម្មភាពបាន ១ថ្ងៃ ខ្លួន និងបក្សពួកត្រូវសមត្ថកិច្ចឃាត់ខ្លួន និងជាប់ពន្ធនាគាររយៈពេលជាង៨ឆ្នាំ រហូតដល់ឆ្នាំ២០១៣ ទើបខ្លួនចេញពីពន្ធនាគារវិញ។

លើកទី២ ក្នុងឆ្នាំ២០១៥ ខ្លួននិងបក្ខពួក ឈ្មោះ ប្លោក បានធ្វើសកម្មភាព ឆក់កាបូបដៃពីជនរងគ្រោះភេទស្រី នៅម្ដុំស្តុបពេទ្យចិនបានសម្រេច ក្រោយមកក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងជាប់ពន្ធនាគារ រយៈពេល១ឆ្នាំ។

លើកទី៣ នៅឆ្នាំ ២០១៨ ខ្លួនបានធ្វើសកម្មភាព ជួញដូរ ចែកចាយគ្រឿងញៀន ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយត្រូវជាប់ពន្ធនាគាររយៈពេល១ឆ្នាំ។

លើកទី៤ នៅឆ្នាំ២០២០ បន្ទាប់ពីខ្លួនចេញពីពន្ធនាគារ ខ្លួនបានបន្តធ្វើសកម្មភាព ជួញដូរ ចែកចាយគ្រឿងញៀនម្តងទៀត ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ហើយជាប់ពន្ធនាគាររយៈពេល ៩ខែ ១៥ថ្ងៃ។

លើកទី៥ នៅឆ្នាំ២០២២ ខ្លួនបានធ្វើសកម្មភាពលួចម៉ូតូ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ជាប់ព័ន្ធនាគារ១ឆ្នាំកន្លះ និងលើកទី៦ នេះ ខ្លួនបានលួចកាច់កយកម៉ូតូ០១គ្រឿង កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថខណ្ឌ៧មករា ឃាត់ខ្លួនបានម្តងទៀត ហើយកន្លងមកខ្លួនក៏បានប្រើប្រាស់ គ្រឿងញៀនយ៉ាងសកម្មផងដែរ។

កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃទី១៨ខែកុម្ភ: ដើម្បីចាត់ការតាមនីតិវិធី ៕