ព័ត៌មានជាតិ

អ្នករងគ្រោះដោយភ្លើងឆេះផ្ទះ២គ្រួសារទទួលអំណោយពីសាខាកាកបាទក្រហមខេត្ត

ដោយ :បន្ទាយ

បន្ទាយមានជ័យ :សាខាកាកបាទក្រហមកម្ពុជា(កក្រក) ខេត្តបន្ទាយមានជ័យកាលពីថ្ងៃសៅរ៍ទី១៧ ខែកុម្ភៈឆ្នាំ២០២៤  លោកអ៊ុំ  រាត្រីប្រធានគណៈកម្មាធិការសាខាបានដឹកនាំក្រុមការងារសាខា  និងមានការចូលរួមពីលោក ស្រេងសុផលប្រធានគណៈកម្មាធិការអនុសាខាក្រុងសិរីសោភ័ណ បាននាំយកអំអោយសាខាទៅសួរសុខទុក្ខគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះចំនួន២គ្រួសារ នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដោយហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃសុក្រទី១៦ខែកុម្ភៈឆ្នាំ២០២៤។

ដែលគ្រួសាររងគ្រោះទី១ :មានឈ្មោះស៊ុក  អ៊ឺមភេទប្រុសអាយុ៦៥ឆ្នាំមានបន្ទុកចំនួន៦នាក់ ស្រី៣នាក់ ។គ្រួសារទី២មានឈ្មោះប៉ុល  ស៊ីឡន ភេទស្រីអាយុ៣៦ឆ្នាំមានបន្ទុកចំនួន៤នាក់ ស្រី៣នាក់។

មន្ត្រីក្រុមការងារអោយដឹងថា :  អំណោយដែលសាខាបាននាំយកទៅចែកជូននៅពេលនេះក្នុងមួយគ្រួសារទទួលបានរួមមាន៖ អង្ករ ២៥ គីឡូក្រាម, មី១កេស,ត្រីខ១យួរ,ទឹកត្រី១យួរ,តង់ប្លាស្ទិក១ផ្ទាំង,កន្ទេលជ័រ២,ធុងទឹក៦០លីត្រ១, ឆ្នាំង២,ចាន៥,ស្លាបព្រា៥,ខ្ទះដែក១,វែក១ និងថវិការមួយចំនួន។

សូមរំលឹកដែរថា លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ ដឹកនាំយុវជនជួយសម្របសម្រួល ផ្តល់ភេសជ្ជៈ ជាអំណោយរបស់សប្បុរសជនជូនកងកម្លាំងដែលជួយបងប្អូនប្រជាពលរដ្ឋចំនួន២គ្រួសារឆេះផ្ទះ កងកម្លាំងរាជអាវុធហត្ថក្រុង កម្លាំងអធិការក្រុង លោកចៅសង្កាត់ លោកមេភូមិ ។

ដែលកងកម្លាំងបានជួយសម្របសម្រួល បងប្អូនប្រជាពលរដ្ឋចំនួន២គ្រួសារ ឆេះផ្ទះកាលពីយប់ម៉ោង២៣និង៣៥នាទី ថ្ងៃសុក្រ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕