សន្ដិសុខសង្គម

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ប្រើឯកសណ្ឋានប្រហែលគ្នានឹងឬយោធា និងប្រើប្រាស់សារធាតុញៀន

ដោយ : បន្ទាយ

បន្ទាយមានជ័យ ÷កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាល ឬយោធានិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងភូមិតេជោភ្នំឆត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកអនុសេនីយ៍ឯក ភិន ចេតនា មេបញ្ជាការស្ដីទីមូលដ្ឋានកងរាជអាវុធហត្ថស្រុក ស្វាយចេកអោយដឹង កាលពីថ្ងៃទី១៨ខែកុម្ភ:ឆ្នាំ២០២៤ថា: កម្លាំងបានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គុជ វិតី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
ព្រមទាំងដកហូតវត្ថុតាងរួមមាន ÷ ឯកសណ្ឋានពណ៌ទឹកប៊ិក មានដេរស្លាកសញ្ញាឡូហ្គោ អ.ហ ចំនួន០១កំប្លេ, ស្បែកជើងកវែងចំនួន០១គូ, ស្បែកជើងកខ្លី ០១គូ, មួកឆាងពណ៌ទឹកប៊ិ ចំនួន១, មួកប៉េរ៉េ ចំនួន០១, ខ្សែក្រវាត់ពណ៌ខ្មៅចំនួន០១, ខ្សែក្រវាត់ធំ(ស៊ិនណារ៉ុង)ចំនួន០១, វិទ្យុទាក់ទងម៉ាក ម៉ូតូរ៉ូឡា ចំនួន០១, អាវកាក់មានស្លាកសញ្ញា អ.ហ ចំនួន០១, -ពិលពណ៌ខ្មៅ ចំនួន០១, -ខ្សែបន្តោងសម្រាប់ដាក់កាតចំនួន០១, កាបូបស្ពាយពណ៌ខ្មៅចំនួន០១, កាបូបដាក់ប្រាក់ ចំនួន០១, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០១សន្លឹក។

លោកអនុសេនីយ៍ឯក ភិន ចេតនា បានឱ្យដឹងបន្តថា : កាលពីថ្ងៃទី១៦ ខែកុម្ភៈ កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថស្រុកស្វាយចេក បានទទួលព័ត៌មានពីប្រធានមណ្ឌលអភិវឌ្ឍយោធិនពិការ ៣១៧ តេជោភ្នំឆត្រ ថា មានករណីប្រើប្រាស់ឯកសណ្ឋាន កងរាជអាវុធហត្ថនៅចំណុចខាងលេី និងបា នស្នេីសុំឱ្យមន្ត្រីកងរាជអាវុធហត្ថស្រុកស្វាយចេក ដេីម្បីចុះទៅពិនិត្យមើល។

ក្រោយពីទទួលបានព័ត៌មានភ្លាម លោកបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ និងបាននាំឈ្មោះ គុជ វិតី មកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុក ដេីម្បីសួរនាំ ។

ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើប្រាស់ឯកសណ្ឋាន កងរាជអាវុធហត្ថ ពិតប្រាកដមែន ទោះបីជាខ្លួនមិនមែនជាមន្ត្រីកងរាជអាវុធហត្ថក៏ដោយ។
បន្ទាប់មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក បានធ្វើតេស្តទឹកនោម រកឃើញមាន​សារធាតុញៀនផងដែរ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការ​អនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការ​សម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕