ព័ត៌មានជាតិ

វត្តស្ទឹងបត់មានចៅអធិការថ្មីបន្ទាប់ពីចៅអធិការចាស់និងជាអនុគណមានរឿងអាស្រូវត្រូវផ្សឹក

ដោយ : ប.ន្ទាយ

បន្ទាយមានជ័យ:មានព្រះពិធីប្រកាសសេចក្តីសម្រេចស្តីពីការតែងតាំងគណៈសង្ឃវត្តពុទ្ធសាសនាកម្ពុជា ត្រូវបានប្រគេនភារកិច្ច ភិក្ខុសុមនធម្មោ ចាន់ សុគា (ងារដើមជាជំនួយការព្រះគ្រូអនុគណក្រុងប៉ោយប៉ែត) ឱ្យឡើងទៅជាព្រះចៅអធិការ វត្តសិរីមង្គលសុទ្ធារាម(ស្ទឹងបត់) សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ព្រះមន្ត្រីសង្ឃនិងមន្ត្រីមន្ទីរធម្មការខេត្តបានអោយដឹងកាលពីថ្ងៃទី១៧ខែកុម្ភ:ឆ្នាំ២០២៤ថា : ពិធីកាលពីម្សិលមិញនោះ ក្រោមអធិបតីព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយសនិងជាព្រះវិជ័យមុនីមេគណខេត្តបន្ទាយមានជ័យ។ព្រះរមន្រ្តីសង្ឃសាលាគណខេត្ត និងក្រុង ។លោកយឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ  លោកបៀវ ថាន ប្រធានមន្ទីរ ធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ លោកអភិបាលរងក្រុងប៉ោយប៉ែតនិងមន្ត្រី ព្រះសង្ឃ ពុទ្ធបរិស័ទ យុវជនយុវនារីជាច្រើននាក់។

ថេរសភា គណៈសាលាគណខេត្ត មន្ទីរធម្មការនិងកិច្ចការសាសនាខេត្ត និងវត្តធ្លាប់បានការរៀបចំជ្រើសរើសរចនាសម្ព័ន្ធដឹកនាំព្រះមន្ត្រីសង្ឃសាលាអនុគគណនៅក្រុងប៉ោយប៉ែត ដោយធ្វើទៅតាមឋានានុក្រម គឺព្រះសមណៈភីរ័ត ប៉ោ សុខឿន បច្ចុប្បន្នជាព្រះគ្រូចៅអធិការវត្តនិមិត្តសុធីរាមហៅវត្តកូនដំរី នាផ្លូវជាតិលេខ៥ភូមិកូនដំរីសង្កាត់និមិត្តក្រុងប៉ោយប៉ែត-ជាព្រះវិន័យធរអនុគណក្រុង អោយឡើងឋាន:ទៅជាព្រះគ្រូអនុគណស្តីទីក្រុងប៉ោយប៉ែតពីថ្ងៃទី២៣ខែមករាមក ។

សូមរំលឹកដែរថា អតីតព្រះគ្រូប៉ុក ចំរើន អនុគណក្រុងប៉ោយប៉ែត និងជាព្រះគ្រូចៅអធិការវត្តសិរីមង្គលសុទ្ធារាមស្ទឹងបត់នៅភូមិស្ទឹងបត់ភូមិស្ទឹងបត់សង្កាត់ផ្សារកណ្តាលបានលាចាកសិក្ខាបទឬសឹកដោយមួយ ដែលត្រូវធ្វើពិយប់ថ្ងៃទី១៩ខែមករាឆ្នាំ២០២៤ កន្លងមក ក្រោមព្រះវត្តមានដឹកនាំរបស់ព្រះគ្រូណាប់ ម៉ឺន ព្រះបល្ល័ដ្ឋសាលាគណខេត្តនិងវត្តមានព្រះមន្ត្រីសង្ឃ ។

ប៉ុក ចំរើន មានរឿងអាស្រូវផ្លូវភេទជាមួយស្ត្រីវ័យក្មេងអាយុ២២ឆ្នាំម្នាក់និងករណីបទល្មើសហិង្សារដោយចេតនាមានស្ថានទម្ងន់(វាយអោយរងរបួស)១ករណីទៀតលើនេនសង្ឃតូចនៅក្នុងវត្តនេះ ដែលសំណុំរឿងនេះជាប់ក្នុងបណ្តឹងនៅតុលាការខេត្តបន្ទាយមានជ័យ។

បន្ទាប់ពីអនុគណចាស់សឹក  ក៏មានរឿងចម្រូងចម្រាស បាតុភាពខ្លះកើតឡើងដូចជា : កុដិធំដែលអតីតចៅអធិការនិងជាអតីតអនុគណប៉ុកចម្រើនធ្លាប់គង់នៅត្រូវចាក់សោរ មិនអោយមនុស្សនិងព្រះសង្ឃចេញ ចូល។មិនអោយសឹង្ហ ហើយនេនតូចតូចៗត្រូវទៅសឹង្ហនៅរោងតង់របស់ជាង។ បន្ថែមលើករណីនេះ  ព្រះតេជគណមុត សាម៉ន ព្រះគ្រូចៅអធិការវត្តរស្មីរតនារាមអូរនាង(ត្រូវជាក្មួយរបស់អតីតអនុគណប៉ុក ចំរើន)បានចេញវិដេអូរូបភាពនិងសម្លេងរិះគន់ដល់ថ្នាក់ដឹកនាំជាព្រះមន្ត្រីសង្ឃខេត្ត ក្រុងនិងមន្ទីរធម្មការផងដែរ។

ប៉ុន្តែនៅ១ថ្ងៃបន្ទាប់ព្រះតេជគណមុត សាម៉ន បានចេញវិដេអូរូបភាពនិងសម្លេងសុំទោស សុំការអនុគ្រោះនិងបញ្ជាក់ថា នោះជាការយល់ច្រឡំនិងមួលបង្កាច់ខុសពីការពិតទេ ។

ចំណែកព្រះមន្ត្រីសង្ឃនិងមន្ទីរធម្មការក៏បានបំភ្លឺដែរថា : ការចាក់សោកុដិធំកាលណោះ ដោយសារវត្ត ស្ថិតក្នុងអន្តរកាល មិនទាន់មានអ្នកគ្រប់គ្រង ហើយធ្វើបែបនេះដើម្បីសន្តិសុខ សុវត្ថិភាព បង្ការបាត់ទ្រព្យវត្ត។ចំណែកនេនតូចៗត្រូវបាន អោយនិមន្តទៅសឹង្ហបណ្តោះអាសន្នក្នុងសាលាឆាន់ មិនមែនអោយសឹង្ហក្រោមរោងតង់របស់ជាងឡើយ ។

បន្ទាប់មក មន្ត្រីធម្មការនិងព្រះមន្ត្រីសង្ឃអនុគណក្រុងបានខិតខំយ៉ាងខ្លាំងលើការដោះស្រាយបញ្ហាផ្សេង ការព្យាបាលស្នាមរបួសនិងការស្តារជំនឿទុកចិត្តពីញោមញាតិ ពុទ្ធបរិស័ទឡើងវិញលើវត្តស្ទឹងបត់នោះ។

ក្នុងនោះ មានការនាំចង្ហាន់ពីវត្តនានាទៅផ្គត់ផ្គង់នៅវត្តនោះ  ការរៀបចំពិធីប្រគេនចង្ហាន់ទ្រង់ទ្រាយធំដល់ព្រះសង្ឃក្នុងវត្តនិងការរៀបចំ ជ្រើសរើសព្រះសង្ឃដើម្បីទៅដឹកនាំ គ្រប់គ្រងវត្តឡើងវិញ ពោលគឺមកទល់ពេលនេះ អ្វីៗនៅវត្តស្ទឹងបត់ មានព្រះគ្រូចៅអធិការវត្តថ្មី និងរចនាសម្ព័ន្ធដឹកនាំ គ្រប់គ្រងនិងដំណើរការជាបណ្តើរៗឡើងវិញហើយ ៕