អន្តរជាតិ

ស្ត្រីអ្នកធ្វើដំណើរតាមនាវាទេសចរណ៍ Norwegian Cruise Line បានប្តឹងចោទប្រកាន់ថានាងត្រូវបានមេសន្តិសុខនាវានោះចាប់រំលោភ

ប្រែសម្រួល៖ ស-សម្បត្តិ
ស្ត្រីជាអ្នកដំណើរម្នាក់នៅលើនាវទេសចរណ៍ Cruise Line របស់ប្រទេស​ន័រវេស​បានដាក់ពាក្យបណ្តឹងចោទប្រកាន់ មេសន្តិសុខបម្រើការនៅលើនាវាថា បានចាប់រំលោភនាងនៅក្នុងអំឡុង​ពេលធ្វើដំណើរកម្សាន្តក្នងថ្ងៃខួបកំណើត។

ស្ត្រីម្នាក់មកពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលត្រូវបានកំណត់​អត្តសញ្ញាណនៅក្នុងឯកសារតុលាការដែលទទួលបានដោយសារព័ត៌មាន ប៉ុស្តិ៍ ឈ្មោះ Jane Doe បាននិយាយថា​នាងកំពុងប្រារព្ធខួបកំណើតគម្រប់​អាយុ ៣៣ ឆ្នាំរបស់នាងនៅក្នុងកម្មវិធី Summer Cruise Fest នៅលើនាវា​ទេសចរណ៏ Norwegian Sky នៅក្នុងឆ្នាំ ២០២៣ ។

នាងបានចូលរួម​ការសម្តែងដោយ Young Jeezy ហើយបន្ទាប់មកបាន​ចូលរួមក្នុងកម្មវិធីកំប្លែង Hip-Hop នៅម៉ោងប្រហែល ៩:៣០ យប់ នៅថ្ងៃទី ៣ ខែកក្កដា។

ពាក្យបណ្តឹងបញ្ជាក់ថា ស្ត្រីរូបនេះបាននិយាយថា​នាងបានផឹកស្រាជោកជាំ​ពេញពោះ ។នៅពេលដែលនាងត្រឡប់ទៅកាប៊ីន​របស់នាងវិញ ស្ត្រីនោះ “ត្រូវបានសន្តិសុខម្នាក់ឈ្មោះ John Roe ចូលទៅជិត ហើយក៏បានសួរថា​តើនាងត្រូវការឲ្យគាត់ជួយគ្រាហ៍នាងទៅបន្ទប់ទេ”?​ នាងក៏បានតប​ទៅ​បុរសឈ្នោះ Roe ដែលជាសន្តិសុខការពារសុវត្ថិភាពនៅលើនាវានោះថា​នាងស្រវឹងស្រាឡើងវង្វេងវង្វាន់អស់ហើយ នៅក្នុងពេលនោះដែរគាត់​ក៏បាន​គ្រាហ៍នាងទៅកាន់កាប៊ីនមួយផ្សេងទៀត គឺជាកន្លែងដែលគាត់បាន​ប៉ះពាល់និងចាប់រំលោភលើរូបរាងកាយរបស់នាង។

ពាក្យបណ្តឹងបាននិយាយថា ជនរងគ្រោះបាន “ព្យាយាមរើបំរះចេញពី​កណ្តាប់ដៃជនល្មើស John Roe ប៉ុន្តែជនល្មើស John Roe បានប្រើកម្លាំង​ចាប់នាងជាប់” មិនឲ្យនាងរត់ចេញបានឡើយ។

ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះបានដើរឆ្លងមកកាន់កាប៊ីន​របស់នាងដោយមានអ្នកយាមម្នាក់ទៀត នាំនាងទៅកាន់ទីនោះ ។

បើយោងទៅតាមពាក្យបណ្តឹង នៅថ្ងៃបន្ទាប់នាងបានរាយការណ៏ទៅ​អាជ្ញាធរគ្រប់គ្រងនាវា Norwegian Sky ហើយបានដាក់ពាក្យ​ប្តឹងចោទប្រកាន់ជនល្មើស John Roe ពីបទរំលោភផ្លូវភេទ។

នៅពេលដែលនាវាទេសចរណ៏បានត្រឡប់ទៅ Miami វិញ នាងបាន​ទូរសព្ទទៅប៉ូលិស។

ស្ត្រីរូបនេះបាននិយាយថា​ក្រោយមកនាងបានទៅមន្ទីរពេទ្យ Highland ក្នុងទីក្រុង Oakland រដ្ឋ California ដើម្បីពិនិត្យនិងព្យាបាល។

ខ្លឹមសារនៅក្នុងពាក្យបណ្តឹងនេះបានបំភ្លឺថានាង “បានទទួលការ​ប្រឹក្សាផ្លូវចិត្តនិងការព្យាបាលផ្លូវភេទសម្រាប់ជំងឺបាក់ទឹកចិត្តនិងការធុញ​ថប់ព្រួយបារម្ភដែលបណ្តាលមកពីការចាប់រំលោភបំពានដែលនាងបានរងគ្រោះ” ដោយបានបន្ថែមថានាង “បន្តទទួលរងការវាយប្រហារ​បំភិតបំភ័យយ៉ាងស្រួចស្រាវនិងមានការធុញថប់អារម្ភដោយសារជំងឺបាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរពីការចាប់រំលោភផ្លូវភេទ” ។

អង្គភាព ផ្តល់សេវាគាំពារហៅថា ( Almighty Protection Services) ដែលត្រូវបានចុះកិច្ចសន្យាបន្តដោយ NCL បានដឹងអំពីឧបទ្ទវហេតុនេះ​នៅថ្ងៃទី ៥ ខែកក្កដា ប៉ុន្តែនៅមិនទាន់បានចាត់វិធានការអ្វីនៅឡើយទេ នេះបើយោងតាមពាក្យបណ្តឹងដែលត្រូវបានដាក់នៅតុលាការសហព័ន្ធ Florida សហរដ្ឋអាមេរិកកាលពីថ្ងៃទី ៣១ ខែតុលាឆ្នាំ២០២៣កន្លងទៅ។

មានអ្នកដែលជាប់ពាក់ព័ន្ធដែលមានបង្ហាញឈ្មោះនៅក្នុងពាក្យបណ្ដឹងពី​បទធ្វេសប្រហែសផងដែរគឺ Khaled Mohammed Khaled ជាតារារ៉េប​ដែលគេស្គាល់ថាគាត់ជា DJ Khaled មានអាយុ ៤៨ ឆ្នាំដែលត្រូវបាន​ចុះបញ្ជីជាអ្នក “ផ្សាយពាណិជ្ជកម្មសប្បាយនិងកម្សាន្ត” នៅក្នុងពេល​ជិះទូកកម្សាន្ត។

មេធាវីរបស់ Khaled Mohammed Khaled បានដាក់សំណើជាច្រើនដង​ដើម្បី​ច្រានចោលសំណុំរឿងចោទប្រកាន់លើរូបគាត់ “ព្រោះវាមិនមាន​ភ័ស្តុតាងដែលបានបញ្ជាក់ដូចការអះអាងដែលអាចជឿជាក់បានប្រឆាំងនឹងលោក Khaled និងអង្គហេតុទាក់ទងនឹងសកម្មភាពរបស់គាត់ឃើញថា​មិនត្រឹមត្រូវនោះទេ” នេះបើយោងប្រភពពីមន្រ្តីតុលាការ។

មេធាវីរបស់ NCL ក៏បានដាក់សំណើសុំច្រានចោលករណីនេះផងដែរ ដោយបានហៅការចោទប្រកាន់នេះថាជា “ការភ្ជង់កាំភ្លើងលើកូនក្តី​របស់គាត់” ដែលមានន័យថា ពួកគេមានភាពមិនច្បាស់លាស់​ក្នុងការសន្និដ្ឋាន ឬមិនមានខ្លឹមសារត្រឹមត្រូវស្របតាមគតិយុត្តដែល​មានស្ថានទម្ងន់ក្នុងការដាក់បន្ទុកលើការចោទប្រកាន់ឲ្យបានត្រឹមត្រូវតាមច្បាប់នោះទេ។

ស្ត្រីរូបនេះកំពុងស្វែងរកការជំរះក្តីពីគណៈវិនិច្ឆ័យដោយទាទារជំងឺចិត្ត​ចំពោះការខូចខាតជាទឹកប្រាក់ចំនួន ៧៥,០០០ ដុល្លារ និងកំណត់​ទោសទណ្ឌស្របតាមបទចោទប្រកាន់លើចុងចោទថា “មានការធ្វេស​ប្រហែស និងមានចេតនា កៀបសង្កត់ និងតាមព្យាបាទយ៉ាងធ្ងន់ធ្ងរបំផុត”។
តំណាងក្រុមហ៊ុននាវាទេសចរណ៍ សេវាការពារ និង DJ Khaled មិនបាន​ឆ្លើយតបភ្លាមៗចំពោះសំណើសុំការធ្វើអត្ថាធិប្បាយពីសារព័ត៌មានប៉ុស្តិ៍នោះទេ៕