ព័ត៌មានជាតិ

សាលាស្រុកមង្គលបុរីនិងសាលាក្រុងសិរីសោភ័ណក៏នឹងត្រូវកសាងអគាររដ្ឋបាលថ្មីតាមស្តង់ដារជំនួសអគារចាស់ទោះជានៅប្រើការបាន

ដោយ : បន្ទាយ
បន្ទាយមានជ័យ៖សាលាស្រុកមង្គលបុរីនិងសាលាក្រុងសិរីសោភ័ណក៏នឹងត្រូវកសាងអគាររដ្ឋបាលថ្មីតាមស្តង់ដារក្រសួងមហាផ្ទៃនិងរាជរដ្ឋាភិបាល​ជំនួសអគារចាស់ ទោះបីជានៅប្រើការបាន តែវាចាស់ដែលបានកសាង​អំឡុងទសវត្សរ៍ទី៩០ ហើយដែលត្រូវវាយចោល។

នេះ បើតាមការថ្លែងរបស់លោក អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ និងក្រុមការងាររបស់កាលពីថ្មីៗក្នុងខែកុម្ភៈ ២០២៤ នេះ ខណៈបាន​ចុះសិក្សា គម្រោង សាងសង់ អគាររដ្ឋបាល ក្រុង ស្រុក ចំនួន ២ ដូចខាងលើ ។

អគារថ្មីទាំងនោះនឹងជួយអោយមន្ត្រីរដ្ឋបាលស្រុកមានការិយាល័យធ្វើការសមរម្យ បានប្រសើរឡើង ហើយសង្ឃឹមថានឹងជួយបម្រើសេវារដ្ឋបាលជូន​ប្រជាពលរដ្ឋនិងសាធារណជនអោយរហ័ស រលូនបន្ថែមទៀត ។

សូមបញ្ជាក់ថា ស្រុកទី ១/ស្រុកមង្គលបូរី ទី ២/ក្រុង សិរីសោភ័ណ ត្រូវបានសាងសង់អគាររដ្ឋបាលថ្មី មានទំហំ ១៣ម៉ែត្រ គុណ២៨ម៉ែត្រ ហើយបើអោយត្រូវសំណុំរបស់វា អគាររដ្ឋបាលសាលាស្រុក ក្រុងថ្មីតាមស្តង់ដារខ្មែរនិងជំនួយបច្ចេកទេសពីដៃគូអភិវឌ្ឍន៍បរទេសខាងប្រទេសប្រជាធិបតេយ្យនោះ រួមមាន៣អគារដោយឡែកពីគ្នា៖​ទី១-អគារសាលាស្រុក ដែលក្នុងនោះមានការិយាល័យធ្វើការ​របស់អភិបាល អភិបាលរង ការិយាល័យចំណុះ៤ និងបញ្ជរសេវានានា។ទី២- អគារសាលប្រជុំ ។ទី៣-អគារច្រកចេញ-ចូលតែមួយនិងបន្ទប់​ការិយាល័យប្រជាពលរដ្ឋ ដែលផ្តល់សេវារដ្ឋបាលដល់សាធារណជន ។

កន្លងមក អគារទាំងនោះ ទៅតាមលក្ខណ:អំណោយផលនៃផ្ទៃដី ទីតាំងបានសាងសង់មួយជាន់ផ្ទាល់ដីនិង២ជាន់ ធ្វើពីបេតុង​ប្រក់ក្បឿងក្បាច់ ពណ៌ត្នោត ឬលឿង ៕