ព័ត៌មានជាតិ

ការអនុវត្តច្បាប់ចរាចរណ៍របស់នគរបាលខេត្តកំពតមិនបានធ្វើក្នុងភាពលាក់បំពួនឡើយ

ដោយ៖កំចាយ

កំពត÷ កាលពីថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៤ គណនីហ្វេសប៊ុករបស់ស្នងការ នគរបាលខេត្តកំពតបានបង្ហោះរូបថត៤សន្លឹកស្តីពីសកម្មភាពអនុវត្តច្បាប់ ចរាចរណ៍របស់មន្ត្រីសមត្ថកិច្ចលើផ្នែកត្រួតពិនិត្យល្បឿនយានយន្តដែលធ្វើឡើងជាលក្ខណ:ចំហដោយមិនមានភាពលាក់បំបាំងឡើយ។

ជាមួយរូបភាពទាំងនោះ លោកស្នងការក៏បានសរសេរអមបញ្ជាក់ ក្នុងខ្លឹមសារថា ” ចំពោះការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពេលបាញ់ល្បឿនយានយន្តនៅលើដងផ្លូវជាតិលេខ៣ក្នុងភូមិសាស្ត្រខេត្ត កំពតគឺកម្លាំងចរាចរណ៍តែងអនុវត្តបែបនេះ។

បន្ទាប់ពីបានឃើញផ្លាកសញ្ញាកំណត់ល្បឿនប្រហែល៤០០ម៉ែត្រ នោះ​បងប្អូននឹងដល់កន្លែងបាញ់ល្បឿន, សូមមេត្តាជ្រាប “។

លោកស្នងការក៏បានក្រើនរម្លឹកផងដែរថា ” ការចូលរួមគោរពច្បាប់​ចរាចរណ៍គឺដើម្បីខ្លួន គ្រួសារ និងសង្គម​បំណងធ្វើឱ្យប្រទេសជាតិកាន់តែ​មានសណ្តាប់ធ្នាប់ល្អប្រសើរ ពិសេសកាត់បន្ថយនូវការបាត់បង់ជីវិត​ដោយសារគ្រោះថ្នាក់ចរាចរផ្សេងៗ។

សូមបញ្ជាក់ផងដែរថា មុន២ម៉ោងនៃការបង្ហោះរូបភាព និងសារខាងលើ លោកស្នងការខេត្តកំពតក៏បានជូនដំណឹងតាមគណនីហ្វេសប៊ុកដដែល​មានខ្លឹមសារថា ” ខេត្តកំពត សម្រាប់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ​មិនមានការត្រួតពិនិត្យបាញ់ល្បឿនយានយន្តទេ, សូមបងប្អូនធ្វើ​ដំណើរប្រកបដោយសុវត្ថិភាព ” ។ នេះជាចំណែកមួយ​ក្នុងការកាត់​បន្ថយអារម្មណ៍តានតឹងរបស់អ្នកដំណើរពេលចូលដល់ទឹកដីខេត្តកំពត។ អ្វីដែលសំខាន់គឺការគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួនដើម្បីបញ្ចៀសគ្រោះថ្នាក់​សម្រាប់ខ្លួនឯង និងអ្នកដទៃ។

គួររម្លឹកថា ក្រោមកិច្ចដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋានខេត្តកំពត ពិសេសមន្ត្រីនគរបាល​ចរាចរណ៍ផ្លូវគោកបានបំពេញការងារទាំងថ្ងៃទាំងយប់ដោយឥតសំចៃដើម្បីក្តីសុខសាន្តរបស់ប្រជាពលរដ្ឋពីទីជិតឆ្ងាយ៕