ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាមព្រមានដាក់ក្នុងបញ្ជីខ្មៅចំពោះក្រុមហ៊ុនអាជីវកម្មសត្តឃាតដ្ឋានដែលមិនអនុវត្តតាមកិច្ចសន្យាក្នុងសៀវភៅបន្ទុក

ដោយ៖ គង់ហេង
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានព្រមានចំពោះក្រុមហ៊ុនអាជីវកម្មសត្តឃាតដ្ឋាន ទាំងឡាយណាដែលធ្វើសកម្មភាពមិនគោរព តាមកិច្ចសន្យាក្នុងសៀវភៅបន្ទុក គឺនឹងដាក់ក្នុងបញ្ជីខ្មៅពោល គឺហាមឃាត់ការធ្វើអាជីវកម្មបន្តទៀតនៅឆ្នាំក្រោយ។

ការព្រមានរបស់លោកអភិបាលខេត្តកំពង់ចាមនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយដែលមានការអញ្ជើញចូលរួមពីបណ្តាអភិបាលស្រុក ក្រុង ទាំង ១០ និងមន្ទីរ អង្គភាពពាក់ព័ន្ធ ដែលបានរៀបចំឡើងនៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ១៦ កុម្ភៈនេះ។

លោក អ៊ុន ចាន់ដា បានថ្លែងថា៖ ករណីក្រុមហ៊ុនវិនិយោគសត្វឃាតដ្ឋាន ដែលអនុវត្តបានៈ បញ្ចុះតម្លៃសាច់សត្វឱ្យបានសមរម្យ និងមួយទៀត គុណភាពសាច់សត្វមានអនាម័យត្រឹមត្រូវនោះសកម្មភាពវិនិយោគ នឹងនៅតែបន្តសកម្មភាពបានជារៀងរហូតដល់បញ្ចប់កិច្ចសន្យា។

លោកបានបន្តថា៖ ប៉ុន្តែក្នុងករណីអ្នកវិនិយោគណា មិនអនុវត្តតាមកិច្ចសន្យាដែលមានចែងក្នុងសៀវភៅបន្ទុក គឺយើងនឹងឈានមួយជំហានទៀតកោះប្រជុំ អន្តរក្រសួង ដើម្បីសិក្សាពិនិត្យមើលក្នុងកិច្ចសន្យា បើរកឃើញថា មិនអនុវត្តតាមកិច្ចសន្យាទេនោះ នឹងដាក់ចូលក្នុងបញ្ជីខ្មៅ គឺនៅឆ្នាំក្រោយហាមឃាត់ការធ្វើអាជីវកម្មបន្តទៀត៕