ព័ត៌មានជាតិ

លទ្ធផលនៃការស្ថាបនាបណ្តាញលូ,ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់និងទីលានទុកសំរាមក្រុងកំពង់ចាម

ដោយ៖ គង់ហេង
កំពង់ចាម៖ លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន,លោក ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម តំណាងឱ្យលោក អ៊ុន ចាន់ដា ជាអភិបាលខេត្ត អមដោយសហការី បានធ្វើបទបង្ហាញអំពីលទ្ធផល នៃការស្ថាបនា បណ្តាញលូ,ស្ថានីយប្រព្រឹត្តកម្ម និងទីលានទុកសំរាម ក្រុងកំពង់ចាម ទៅកាន់ម្ចាស់ជំនួយ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។

ពិធីនេះបានរៀបចំឡើងនៅក្នុងសាលាខេត្តកំពង់ចាម នារសៀលថ្ងៃទី ១៤ កុម្ភៈ ក្រោយពីចុះពិនិត្យជាក់ស្តែងលើគម្រោងនីមួយ រយៈពេលពេញមួយព្រឹករួចមកនាថ្ងៃដដែលនោះ។ក្នុងនោះមន្រ្តីបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើបទបង្ហាញប្រាប់ឱ្យដឹងថា៖ គម្រោងស្ថាបនាប្រព័ន្ធបណ្តាញលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងកំពង់ចាម នៃគម្រោងអភិវឌ្ឍន៍ ក្រុងរបៀងបួន ចាប់ដំណើរការសាងសង់កាលពីចុងឆ្នាំ២០២២ ដោយក្រុមហ៊ុន ប៉េកាំង អឺបឹន ខន់ស្រ្តាក់សិន គ្រុម ខូលអិលធីឌី របស់ប្រទេសចិន លើផ្ទៃដីសរុប ៤៣៩,៤៥ ហិកតា ក្នុងសង្កាត់ចំនួន បួន៖ សង្កាត់កំពង់ចាម,សង្កាត់បឹងកុក,សង្កាត់សំបួរមាស និងសង្កាត់វាលវង់ ដែលនឹងត្រូវបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៥។

មន្រ្តីដដែលបានឱ្យដឹងទៀតថា៖ គិតត្រឹមថ្ងៃទី ១ ខែមករា ឆ្នាំ២០២៤នេះ ជាលទ្ធផលដំណើរការស្ថាបនាសម្រេចបានៈ ១.បណ្តាញលូ ទឹកភ្លៀងសរុប ៤២០០ម៉ែត្រសម្រេច បាន ៣៨,១៣ភាគរយ , ២. លូទឹកកខ្វក់ប្រវែងសរុប ៨៨ គីឡូម៉ែត្រ សម្រេចបាន ១០,៣២ ភាគរយ,៣.ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ មួយកន្លែង សម្រេចបាន ១៥,៦០ ភាគរយ និង៤.ការតភ្ជាប់បណ្តាញទឹកកខ្វក់តាមផ្ទះនៅមិនទាន់អនុវត្ត។

មន្រ្តីរូបនោះបានបន្តថា៖ ចំណែកឯគម្រោងទីលានទុកដាក់សំរាមក្រុងកំពង់ចាមវិញស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ ក្រុងរបៀងបួនដែរនោះមានចម្ងាយឃ្លាតពីក្រុងកំពង់ចាមប្រមាណ ១៥ គីឡូម៉ែត្រសាងសង់លើផ្ទៃដីជិត ២០ ហិកតា ស្ថិតឃុំកោះរកា ស្រុកកំពង់សៀម សាងសង់ដោយក្រុមហ៊ុន ប៊ីអិម ខនស្រ្តាក់ហ្សិន អេឡិចទ្រីកឯ.ក។ ដោយចាប់ផ្តើមស្ថាបនាកាលពីមករា ឆ្នាំ២០២៤នេះ ដែលនឹងបញ្ចប់ការស្ថាបនានៅខែឧសភា ឆ្នាំ២០២៥ ។ ជាលទ្ធផល នៃការសាងសង់សម្រេចបានៈ១.ផ្លូវចូលប្រភេទបេតុងប្រវែង ២.២១៨ ម៉ែត្រ សម្រេចបាន ៤០ភាគរយ, ២.កាត់ថ្នល់ចេញនិងលុបបំពេញនៅទីលានទី១ សម្រេចបាន ៦០ភាគរយ,៣. កាត់និងលុបបំពេញទីតាំងអគារ សម្រេចបាន ៤០ភាគរយ និង៣. សាងសង់កន្លែងស្នាក់នៅសំរាប់កម្មករ សម្រេចបាន ១០០ភាគរយ ជារួមសរុបភាគរយប្រចាំខែមករា កន្លងទៅបានចំនួន ៣,៣១ ភាគរយ៕