ព័ត៌មានជាតិ

មន្ត្រីសង្ឃនិងមន្ត្រីធម្មការថា ការរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងនឹងបញ្ចៀសអធិករណ៍ក្នុងវត្ត

ដោយ៖បន្ទាយ

បន្ទាយមានជ័យ :ថេរសភាសង្ឃ គណៈមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ទាំងគណៈមហានិកាយទាំងគណៈធម្មយុត្តិកនិកាយ នៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវពង្រឹងយន្តការដែលមានស្រាប់ និងកែលម្អបន្ថែមលើការដឹកនាំបព្វជិត ភិក្ខុ សាមណេរ  ស្ថិតនៅក្នុងវិន័យសីលធម៌និងអភិសមាចារ  ស័ក្ដិសមជាសាមណៈជាមន្ត្រីសង្ឃ   ។

នេះគឺជាការលើកឡើងរបស់លោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យនិងព្រះមុនីរក្ខិតរង្សី សៀង  សុង ព្រះអនុគណស្រុកមង្គលបូរីនៅក្នុងពិធីប្រកាសតែងតាំងព្រះគ្រូចៅអធិការវត្តសុវណ្ណគិរី ព្រះនាមព្រះភិក្ខុសុរិយប្បញ្ញោ ធូ  ប្រុញ ងារដើមជាព្រះចៅអធិការស្ដីទីស្ថិតនៅក្នុងឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃប្រថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២៤ ។

លោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តនិងព្រអនុគណស្រុកបានមានប្រសាសន៍និងសង្ឃដីកាថា : ការប្រកាសតែងតាំងជាអ្នកដឹកនាំក្នុងវត្តសុវណ្ណគិរីនាថ្ងៃនេះ ពេលបានតួនាទីហើយត្រូវរួមសហការ ឯកភាព សាមគ្គីផ្ទៃក្នុងឲ្យបានខ្ជាប់ខ្ជួន។ជាពិសេសចំពោះករណីអធិករណ៍ដែលកើតឡើងក្នុងជួរគណៈសង្ឃគ្រប់ឋានានុក្រមត្រូវយកចិត្តទុកដាក់ដោះស្រាយជាអាទិភាពនិងឆាប់រហ័សមិនត្រូវធ្វេសប្រហែសទុកចោលយូររហូតដល់ក្លាយទៅជាបញ្ហាធំបណ្ដាលឲ្យមានភាពអាស្រូវប៉ះពាល់ដល់កិត្យានុភាពនិងសក្ដានុពល ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនិងជីវិតសាសនានៃសុខសន្តិភាព។

ក្នុងឱកាសនេះផងដែរ លោកប្រធានមន្ទីរ ព្រះមន្ត្រីបានធ្វើការកោតសរសើរដោយស្មោះចំពោះវត្តសុវណ្ណគិរីដែលបានបង្កលក្ខណៈឲ្យសមណសិស្សបានរៀនសូត្រពុទ្ធិកសិក្សាជាច្រើនអង្គ  ។បច្ចុប្បន្នវត្តនេះ ជាវត្តគំរូគេក្នុងស្រុកមង្គលបូរី ។សាមណៈសិស្សបានរៀនសូត្រនូវការអប់រំលើមុខវិជ្ជាផ្សេងៗជាទីកន្លែងបណ្តុះបណ្តាលនូវបញ្ញាញាណ ទីកន្លែងបង្កើននូវធនធានមនុស្សសម្រាប់អនាគតខ្លួនឯងគ្រួសារនិងសង្គមជាតិ។

ចុងក្រោយ មានធ្វើការស្រោចស្រពសុគន្ធវារី  ដល់ព្រះគ្រូចៅអធិការថ្មីនាថ្ងៃនេះផងដែរ៕