អន្តរជាតិ

ចាប់ខ្លួនគ្រូបង្រៀនអាមេរិកម្នាក់ដែលយកសិស្សទៅដកពិសោធន៍ពីវិធីសម្លាប់មនុស្ស

ប្រែសម្រួល៖ សហការី
គ្រូបង្រៀននៅនៅអនុវិទ្យាល័យ Crestwood រដ្ឋ Virginia សហរដ្ឋអាមេរិកម្នាក់ត្រូវបានចាប់ខ្លួនហើយត្រូវបានដកហូតអាជ្ញាប័ណ្ណគ្រូបង្រៀនរបស់គាត់ បន្ទាប់ពីគាត់បានផ្តល់លំហាត់ដល់សិស្សក្នុងថ្នាក់រៀនឲ្យបង្កើត “វិធីសម្លាប់មនុស្សតាមរបៀបផ្សេងៗ”។

បើយោងតាមឯកសាររបស់តុលាការដែលដកស្រង់ដោយទីភ្នាក់ងារ WTKR កាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថាកាលពីខែមករា ឆ្នាំ ២០២២ គ្រូបង្រៀននៅអនុវិទ្យាល័យ Crestwood ក្នុងរដ្ឋ Virginia ដែលគេមិនបញ្ចេញឲ្យស្គាល់អត្តសញ្ញាណបានណែនាំសិស្សរបស់គាត់ឲ្យធ្វើលំហាត់ពីរបៀបសម្លាប់មនុស្សតាមវិធីផ្សេងៗគ្នា។

យោងតាមឯកសាររបស់តុលាការបានបញ្ជាក់ថារបៀបសម្លាប់មនុស្សនេះគឺសិស្សនៅក្នុងថ្នាក់ម្នាក់ជាអ្នកបង្កើតឡើងក៏ប៉ុន្តែគ្រូជាអ្នកផ្តល់លំហាត់នេះឲ្យសិស្សគ្រប់គ្នានៅក្នុងថ្នាក់។

ក្រោយមកថេប្លេតរបស់សិស្សត្រូវបានគ្រូប្រមូលយកចេញពីពួកគេហើយលំហាត់អំពីវិធីសម្លាប់មនុស្សដែលបានធ្វើរួចរាល់ហើយនោះត្រូវបានគ្រូធ្វើកំណត់ត្រាអំពីវិធីសម្លាប់ទាំងនោះតាមលេខរៀងយ៉ាងត្រឹមត្រូវបន្ទាប់មកគ្រូបានជ្រើសរើសយកសិស្សម្នាក់ក្នុងចំណោមសិស្សទាំងអស់ដែលជាមិត្តរួមថ្នាក់សម្រាប់ធ្វើជាតួអង្គកំរូក្នុងការដកពិសោធន៏អំពីវិធីសម្លាប់មនុស្សនេះ។ បើយោងតាមឯកសារតុលាការដែលបានបង្ហាញអំពីវិធីដែលសិស្សបានបង្កើតគំនិតសម្លាប់មនុស្សនោះហើយវិធីដែលគ្រូបានសម្រេចយកមកដកពិសោធន៏នោះគឺដូចជាកាប់ហើយចាប់បោះតាមបង្អួចរួចដុតបន្ទាប់មកបោះឲ្យឆ្កែស៊ី។

បើយោងតាមទីភ្នាក់ WTKR បានឲ្យដឹងថា ប៉ូលីសបានដឹងពីរឿងហេតុទាំងនេះនៅក្រោយពេលដែលសិស្សម្នាក់ដែលត្រូវគ្រូជ្រើសរើសយកមកធ្វើជាគំរូសម្រាប់ដកពិសោធន៏អំពីវិធីសម្លាប់មនុស្សនោះបានត្រឡប់ទៅផ្ទះវិញនៅយប់នោះ ហើយបានប្រាប់ឪពុកម្តាយរបស់គាត់អំពីរឿងហេតុការណ៏ឆ្កួតៗទាំងនេះ។

ខណ:ពេលបើកការស៊ើបអង្កេតជាបន្តបន្ទាប់ ប៉ូលិសបានរាយការណ៍ថាបានសាកសួរអំពីមូលហេតុថាតើមកពីហេតុអ្វីដែលជំរុញឲ្យគ្រូម្នាក់នេះបញ្ជាឲ្យសិស្សធ្វើលំហាត់ពីវិធីសម្លាប់មនុស្សបែបឆ្កួតៗ ដែលគាត់និយាយថាវាពិបាកឲ្យសិស្សចូលរួមហើយសិស្សដែលត្រូវគេជ្រើសរើសសម្រាប់ធ្វើការដកពិសោធកិច្ចការនេះក៏ហាក់ដូចជាមិនមានការតូចចិត្តឬខឹងសម្បាអ្វីនោះទេនេះបើយោងតាមកំណត់ត្រាដែបានបង្ហាញអំពីហេតុការណ៏ដែលបានកើតឡើងនៅក្នុងពេលនោះ។

បើយោងតាមទីភ្នាក់ងារ WTKR បានឲ្យដឹងថាគ្រូបង្រៀនបានទទួលស្គាល់នូវកំហុសរបស់ខ្លួនថាជាលំហាត់ដែលមិនសមរម្យ ហើយបាននិយាយថាវាផ្ទុយពីវិធីសាស្ត្រគរុកោសល។

ក្រោយមកគាត់បាន​សារភាពថាពិតជាបានប្រព្រឹត្តខុសដែលតុលាការបានរកឃើញថាមានពិរុទ្ធភាពក្នុងស្ថានទម្ងន់ទោសកម្រឹតបទមជ្ឈិមពីបទរំលោភលើសិទ្ធអនីតិជន ហើយត្រូវបានដកហូតអាជ្ញាប័ណ្ណគ្រូបង្រៀននោះ។
មន្ត្រីសាលាស្រុកក្នុងរដ្ឋ Virginia សហរដ្ឋអេមេរិកបានធ្វើការបញ្ជាក់ថា គ្រូបង្រៀនម្នាក់នេះត្រូវបានជួលឲ្យបង្រៀនសិស្សនៅអនុវិទ្យាល័យ Crestwood ក្នុងរដ្ឋ Virginia ចាប់ពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងស្រុក មន្ត្រីសាលាស្រុកបាននិយាយថា ពួកគេនឹងមិនធ្វើអត្ថាធិប្បាយអំពីរឿងដែលពាក់ព័ន្ធនឹងបុគ្គលិកបន្ថែមទៀតនោះទេ។”សុវត្ថិភាពរបស់សិស្សយើងគឺជា​អាទិភាពចម្បងរបស់យើង ហើយសាលាសាធារណៈ Chesapeake រំពឹងថាបុគ្គលិកទាំងអស់នឹងធ្វើការប្រកបដោយវិជ្ជាជីវៈខ្ពស់បំផុតដើម្បីផ្តល់នូវបរិយាកាសសិក្សាជាវិជ្ជមានសម្រាប់សិស្សទាំងអស់នៅក្នុងសាលា”៕