សន្ដិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យមេខ្លោងដឹកសត្វជ្រូករស់មកពីប្រទេសឡាវ

ដោយ:សុខុម
ព្រះវិហារ៖ សមត្ថកិច្ចបានឱ្យដឹងនៅរសៀលថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ ២០២៤ថា គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឆែប ខេត្តព្រះវិហារ ចុះស្ទាក់ចាប់បាន រថយន្តកូរ៉េ ទម្ងន់ ៥តោន ១គ្រឿង ដឹកសត្វជ្រូករស់ប្រមាណ ៩០ក្បាលពី ប្រទេសឡាវចូលមកកម្ពុជា។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅពេលឈ្មួញលួចនាំសត្វជ្រូកឆ្លងដែនពីប្រទេសឡាវ ចូលមកប្រទេសកម្ពុជា តាមផ្លូវទឹកនិងបន្តតាមរថយន្តមកដល់ត្រង់ចំណុច ផ្លូវបំបែកចូលឧទ្យានជាតិ តេជោសែន ឫស្សីត្រឹប ស្ថិតក្នុងភូមិសាស្ត្រ ភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ក៏ត្រូវសមត្ថកិច្ចចាប់បាន។

សមត្ថកិច្ចបានឲ្យដឹងបន្តទៀតថា រថយន្តម៉ាកកូរ៉េ ទម្ងន់ ៥តោន មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ព្រះវិហារ 3A-0177 បានផ្ទុកសត្វជ្រូករស់ប្រមាណ ៩០ក្បាល ឈ្មួញលួចនាំឆ្លងដែនដោយខុសច្បាប់ពីប្រទេសឡាវ ចូលមកកម្ពុជា តាមផ្លូវទឹក (ចំណុចកំពង់ទូកដកំពង់ស្រឡៅ) រួចដឹកជញ្ជូនតាមរថយន្តចេញពីស្រុកឆែប ឆ្លងកាត់ស្រុកជ័យសែន ស្រុករវៀង ខេត្តព្រះវិហារ ដើម្បីយកទៅលក់​ចែកចាយតាមគោលដៅជាបន្ត។

នៅរសៀលថ្ងៃដែលជនសង្ស័យមេឈ្មួញនាំសត្វជ្រូកទាំងពីរនាក់រួមទាំងសត្វជ្រូកនិងរថយន្តមួយគ្រឿងសមត្ថកិច្ចបានបញ្ជូនទៅជំនាញមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕