សន្ដិសុខសង្គម

រថយន្តដឹកខ្សាច់បើកបរធ្វេសប្រហែសបុកអ្នកជិះម៉ូតូពីក្រោយស្លាប់ម្នាក់

ដោយ៖ គង់ហេង
ត្បូងឃ្មុំ៖ បុរសអាយុ ៦០ ឆ្នាំម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម នៅពេលកំពុងធ្វើដំណើរតាមម៉ូតូមួយគ្រឿង ត្រូវបានរថយន្តដឹកខ្សាច់មកបុកពីខាងក្រោយកិនពីលើ ស្ថិតនៅកំណាត់ផ្លូវបេតុងមួយកន្លែងក្នុងភូមិថ្មីសំលៀង ឃុំមៀន ស្រុកអូរាំងឪ កាលពីព្រឹកថ្ងៃទី ១៤ កុម្ភៈ ម្សិលមិញ។ ប៉ុន្តែក្រោយហេតុការណ៍គ្រោះថ្នាក់បុកមនុស្សស្លាប់អ្នកបើកបររថយន្តបានគេចខ្លួន។

ប្រភពព័ត៌មានពីស្រុកអូរាំងឪបានឱ្យដឹងថា៖ ជនរងគ្រោះដែលរថយន្តបុក និងកិនស្លាប់ឈ្មោះ លឹម សុភា មានទីលំនៅភូមិថ្មសំលៀង ឃុំមៀន ស្រុកអូរាំងឪ បើកបរម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅគ្មានផ្លាកលេខ។ ចំណែកអ្នកបើកបររថយន្តដឹកខ្សាច់ម៉ាកហ៊ីយិនដាយពណ៌ស ទឹកប្រាក់ ពាក់ផ្លាកលេខត្បូងឃ្មុំ 3A-4494 មិនត្រូវបានស្គាល់ឈ្មោះបានគេចខ្លួនក្រោយកើតហេតុ។

ប្រភពព័ត៌មាននោះបានបន្តថា៖ នៅមុនករណីនេះកើតឡើង ខាងម៉ូតូជាជនរងគ្រោះបានជិះចេញពីផ្ទះឈ្មោះ សែ ធី សំដៅទៅទិសខាងកើតស្របពេលនោះ ក៏មានរថយន្តដឹកខ្សាច់ខាងលើបានបើកបរយ៉ាងលឿនពីខាងក្រោយ បានបុកម៉ូតូចំពីក្រោយ ក៏ដួលជាប់ក្រោមរថយន្តកិនស្លាប់នៅខាងក្រោមរថយន្តតែម្តង៕