ព័ត៌មានជាតិ

រថយន្តក្រុងអំណោយក្រុមហ៊ុនប៊ូយ៉ុងរបស់កូរ៉េប្រើជាសេវាដឹកអ្នកដំណើរឥតគិតថ្លៃពីក្រុងសៀមរាបទៅក្រុងរុនតាឯកតេជោសែន

ដោយ : បន្ទាយ
សៀមរាប : ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២៤នេះ តទៅរដ្ឋបាលខេត្តសៀមរាប បានចាប់ផ្តើមដំណើរការផ្តល់សេវារថយន្តក្រុងដឹកអ្នកដំណើរទៅមកដោយឥតគិតថ្លៃ រវាងក្រុងសៀមរាប និងក្រុងរុនតាឯកតេជោសែន ដែលមានរថយន្តក្រុងចំនួន១០គ្រឿងក្នុងការដឹកជញ្ជូនប្រចាំថ្ងៃ និងត្រៀមបម្រុងចំនួន៥គ្រឿងបន្ថែមទៀត។
នាយករងរដ្ឋបាលនៃសាលាខេត្តខេត្តសៀមរាបលោក អ៊ឹង សោភ័ណ បានឲ្យដឹងថា : ការដាក់ដំណើរការសេវារថយន្តក្រុងដឹកអ្នកដំណើរទៅមករវាងក្រុងសៀមរាប និងក្រុងរុនតាឯកតេជោសែន។

រថយន្តក្រុងចំនួន១០គ្រឿងលើ៥០គ្រឿងដែលខេត្តសៀមរាបទទួលបាន ជាអំណោយរបស់ក្រុមហ៊ុនប៊ូយ៉ុងរបស់កូរ៉េ ក្នុងចំណោមគម្រោងផ្តល់១.០០០គ្រឿងផ្តល់ដល់គ្រប់ខេត្តនៅទូទាំងប្រទេស។គឺផ្តល់អោយក្នុងរាជរដ្ឋាភិបាលអាណត្តិទី៦នៃរដ្ឋសភាដែលដឹកនាំដោយសម្តេចតេជោហ៊ុន សែន និងបន្តដោយរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ។

ក្នុងការសម្រួលដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋពីក្រុងទាំងពីរនេះ ដោយឥតគិតថ្លៃ ដើម្បីជាការសម្រួលនូវទុក្ខលំបាករបស់ពួកគាត់ដែលត្រូវធ្វើដំណើរទៅមកប្រកបរបរកិច្ចការងារប្រចាំថ្ងៃ ។

លោកបន្តថា ការផ្តល់ជូននេះ ក៏សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើដំណើរតាមខ្សែរត់ ដែលរដ្ឋបាលខេត្តបានកំណត់ក៏ទទួលបានការធ្វើដំណើរដោយឥតគិតថ្លៃផងដែរ ។
រដ្ឋបាលបានរៀបចំចំណតចំនួន១១ផ្សេងទៀតនៅតាមផ្លូវនៃខ្សែរត់ ប៉ុន្តែនៅថ្ងៃចាប់ផ្តើមនេះ យើងសង្កេតឃើញថា ប្រជាពលរដ្ឋហាក់មិនទាន់មកទទួលសេវាកម្មនេះនៅឡើយ ។តែទោះយ៉ាងនេះក្តី នៅឯក្រុងរុនតាឯក មានប្រជាពលរដ្ឋច្រើនបានមកសាកសួរអំពីព័ត៌មាននានា ដើម្បីពួកគាត់បានរៀបចំខ្លួនក្នុងការទទួលយកសេវាកម្មនេះ។

លោក នាង សុភី រស់នៅភូមិពោធិបុស្សសង្កាត់ស្វាយដង្គំក្រុងសៀមរាប បានឲ្យដឹងថា :បន្ទាប់ពីទទួលបានដំណឹងអំពីការផ្តល់ជូនរថយន្តជិះទៅកាន់ក្រុងរុនតាឯកតេជោសែនរបស់រដ្ឋបាលខេត្ត រូបលោកក៏បានធ្វើដំណើរដើម្បីទៅមើលការអភិវឌ្ឍនៅរុនតាឯក ។

អនុក្រឹត្យលេខ០៧អនក្រ.បកស្ដីពីការបង្កើតក្រុងរុនតាឯកតេជោសែន នៃខេត្តសៀមរាបចុះថ្ងៃទី១១ខែមករាឆ្នាំ២០២៤ ចុះហត្ថលេខាដោយសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាអាណត្តិទី៧ ។
ក្រុងនោះដោយកាត់យកឃុំរុនតាឯកពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ក្រុងថ្មីនេះ ជាតំបន់ជនបទដាច់ស្រយាលនិងមានផ្ទៃដីតូចមួយនៅម្តុំកូនភ្នំបូក ចម្ងាយប្រមាណ២០គីឡូម៉ែត្រពីក្រុងសៀមរាប ដែលស្ថិតនៅចន្លោះផ្លូវខេត្ត សៀមរាប-បន្ទាយស្រីនិងផ្លូវជាតិលេខ៦៨ឬឃុំព្រះដាកស្រុកបន្ទាយស្រីនិងឃុំបល្ល័ង្គស្រុកប្រាសាទបាគង ។

ជាភូមិសាស្ត្រដែលមានហេដ្ឋារចនាសម្ព័ន្ធកសាង អភិវឌ្ឍន៍ថ្មីៗ ហើយមានកំណើនពលរដ្ឋខ្លះ ដែលជាអតីតពលរដ្ឋរស់នៅក្នុងតំបន់អភិរក្សនៃប្រាសាទអង្គរវត្តនិងប្រាសាទឯទៀត ព្រមទាំងពីតំបន់សំណង់មិនរៀបរយនៃក្រុងសៀមរាបដែលជន្លៀសទៅទីនោះ ៕