ព័ត៌មានជាតិ

ទិវានៃក្តីស្រឡាញ់១៤កុម្ភៈមន្ទីរពេទ្យខេត្តកំពង់ចាមទទួលបានឈាមជាង២០០សាក់ពីសប្បុរសជន

ដោយ៖គង់ហេង
កំពង់ចាម៖ ទិវា នៃក្តីស្រឡាញ់ គឺថ្ងៃទី ១៤ កុម្ភៈ ម្សិលមិញ នៅមន្ទីរពេទ្យ ខេត្តកំពង់ចាម ទទួលបានឈាមសរុបចំនួន ២១៣ សាក់ពីសប្បុរសជនភាគច្រើនជាយុវជន បានចូលរួមស្ម័គ្រចិត្តផ្តល់ឈាម ដើម្បីតម្កល់ទុកនៅផ្នែកផ្តល់ឈាមសម្រាប់ជួយជីវិតអ្នកជំងឺ ដែលត្រូវការការឈាម។ នេះបើតាមការឱ្យដឹងពីលោក យិន ស៊ីណាត ជាប្រធានមន្ទីរពេទ្យ នៅថ្ងៃទី ១៥ កុម្ភៈ។

លោកប្រធានមន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាមបានឱ្យដឹងថា៖ ចំនួនការផ្តល់់ឈាម ២១៣ សាក់នេះបានកើនឡើងចន្លោះពី ៥០ ទៅ ៦០ កាលពីទិវា នៃក្តីស្រឡាញ់ ១៤ កុម្ភៈ ២០២៣ ឆ្នាំមុន។ ការកើនឡើងនេះ ដោយសារយើងបង្កើតកន្លែងផ្តល់ឈាមចំនួន ពីរ កន្លែង គឺកន្លែងផ្តល់ឈាមជាប្រចាំនោះ នៅមជ្ឈមណ្ឌលផ្តល់ឈាម ខេត្តកំពង់ចាម និងមួយកន្លែងទៀតដែលរៀបចំដោយក្រុមគ្រូពេទ្យរបស់លោក ហ៊ុន ម៉ានី នៅសកលវិទ្យាល័យ និងសេដ្ឋកិច្ច UME សាខាខេត្តកំពង់ចាម។ ជាពិសេសតាមរយៈស.ស.យ.ក មានយុវជនច្រើននាក់បានស្ម័គ្រចិត្តចូលរួមផ្តល់ឈាម។

លោក យិន ស៊ីណាត បានបន្តថា៖ ជារៀងរាល់ឆ្នាំ មន្ទីរពេទ្យ ខេត្តកំពង់ចាម តែងតែរៀបចំនូវព្រឹត្តិការណ៍ ថ្ងៃ ១៤ កុម្ភៈ គឺដើម្បីប្រែក្លាយពីការស្រឡាញ់ មិនសមរម្យ របស់យុវវ័យមួយចំនួន ឱ្យក្លាយទៅជាទិវា នៃក្តីស្រឡាញ់ ក្រោមប្រធានបទការផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់៕