ព័ត៌មានជាតិ

កម្ពុជា ថៃជួបពិភាក្សាស្តីពីបញ្ហាកិច្ចសហប្រតិបត្តិការក្នុងការប្រមូលដោះមីននៅតាមតំបន់ព្រំដែនខេត្តស្រះកែវ -បន្ទាយមានជ័យ

ដោយ : បន្ទាយ
ស្រះកែវ -ថៃ៖ ការិយាល័យកិច្ចការព្រំដែនជាមួយប្រទេសជិតខាងនៃនាយកដ្ឋានកិច្ចការព្រំដែនយោធាក្រសួងការពារជាតិថៃបានអញ្ជើញ អភិបាលខេត្តបន្ទាយមានជ័យនិងមន្ត្រីស៊ីវិលដែនដី កងកម្លាំង សមត្ថកិច្ចជំនាញពាក់ព័ន្ធចូលរួមកិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យតំបន់ព្រំដែនស្តីពីបញ្ហាកិច្ចសហប្រតិបត្តិការក្នុងការប្រមូលដោះមីននៅតាមតំបន់ព្រំដែនខេត្តស្រះកែវ -ខេត្តបន្ទាយមានជ័យ ។

កិច្ចពិភាក្សាធ្វើនៅសាលប្រជុំទាហាន «១២១០» ស្រុកអារញ្ញប្រាថេតខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ។ដែលព្រឹត្តការណ៍កើតឡើងបន្ទាប់ពីកាលពីនៅម៉ោង ៩និ៣០នាទីព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ ពលរដ្ឋខ្មែរឈ្មោះវ៉ាន់ កំសត់ ភេទប្រុស អាយុ៣៤ ឆ្នាំ ទីលំនៅក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូជ្រៅ បានដើររកបេះបន្លែព្រៃនៅចំណុចទំនប់ក៥ មាត់អូរជាប់ព្រំដែនកម្ពុជា -ថៃ ក្នុងភូមិសិលាខ្មែរ ទល់មុខភូមិសិលាថៃឃុំប៉ារ៉ៃស្រុកអារញ្ញប្រាថេតស្រះកែវប្រទេសថៃ ក៏បានជាន់មីនប្រឆាំងមនុស្សបណ្តាលរបួសធ្ងន់ដាច់ជើងទាំងពីរ ។

មន្ត្រីកងកម្លាំងអោយដឹងនៅថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០២៤ ថា : ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានទទួលស្វាគមន៍ប្រតិភូខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការទិសទី១ ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី មូល សុភី នាយសេនាធិការយោធភូមិភាគទី៥ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត លោកអភិបាលស្រុកអូរជ្រៅ ស្រុកម៉ាឡៃ ស្រុកស្វាយចេក ស្រុកថ្មពួក និងស្ថាប័នពាក់ព័ន្ធមួយចំនួន ដែលបានអញ្ជើញទៅចូលរួមប្រជុំពិភាក្សាការងារស្ដីពីការត្រួតពិនិត្យតំបន់ព្រំដែន និងកិច្ចសហប្រតិបត្តិការក្នុងការប្រមូលដោះមីននៅតាមតំបន់ព្រំដែនខេត្តស្រះកែវ ។ឯភាគីថៃដឹកនាំប្រជុំដោយលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋានកិច្ចការព្រំដែនយោធាក្រសួងការពារជាតិនិងមន្ត្រីអាជ្ញាធរ កងកម្លាំង អ្នកមានសមត្ថកិច្ចពាក់ព័ន្ធ ។

លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតប្រាប់សារព័ត៌មាននាថ្ងៃទី១៤ខែកុម្ភ: ឆ្នាំ២០២៤ថា : “ក្នុងកិច្ចប្រជុំនោះ មន្ត្រីពីភាគីកម្ពុជា បានស្តាប់និងកត់ត្រា ប៉ុន្តែមិនបាននិយាយឬឯកភាពអ្វីជាមួយភាគីថៃឡើយ ព្រោះដែនសមត្ថកិច្ចករណីព្រំដែននិងការបោសសម្អាតមីននោះ ជាដែនសមត្ថកិច្ចរបស់ថ្នាក់ជាតិ “៕