សន្ដិសុខសង្គម

កម្ពុជាថាមិនអាចទប់ស្កាត់លំហូរពលករឆ្លងដែនបានទេ ប៉ុន្តែខិតខំឲ្យវាស្របច្បាប់និងមានសុវត្ថិភាពដល់ពលករកម្ពុជា

ដោយ : បន្ទាយ
បន្ទាយមានជ័យ:នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរ​មនុស្ស (គ.ខ.ប.ជ)នៃខេត្តជាប់ព្រំដែនថៃស្ដីពីការគ្រប់គ្រងលំហូរពលករ​ទេសន្តរប្រវេសន៍ឆ្លងកាត់​ព្រំដែននាថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ មន្ត្រីថ្នាក់ដឹកនាំ មន្ត្រីអ្នកអនុវត្តច្បាប់របស់កម្ពុជាទាំងថ្នាក់ជាតិនិងថ្នាក់​ក្រោមជាតិទទួលស្គាល់ថា ដូចនៅក្នុងតំបន់និងពិភពលោកដែរ គ្មានប្រទេសណា​មួយអាចទប់ស្កាត់នូវលំហូរពលករឆ្លងដែនបានទេ។ប៉ុន្តែសំខាន់គឺ​ខិតខំ​​អោយ​លំហូរនេះស្របច្បាប់ មានការគោរពសិទ្ធិមនុស្ស លក្ខខណ្ឌការងារនិងមានសុវត្ថិភាព ហើយជួយអោយជីវភាព សុខុមាលភាពដល់ពលករកម្ពុជាយើង ។

សូមបញ្ជាក់ថា កិច្ចប្រជុំនោះមានគោលបំណងដើម្បីស្វែងយល់អំពី៖
-ការគ្រប់គ្រងលំហូរឆ្លងកាត់ព្រំដែន ។
-របៀបនៃការគ្រប់គ្រងស្ថានភាពពាក់ព័ន្ធនឹងអ្នកត្រៀមចាកចេញ ការចាកចេញ។
-បទពិសោធន៍ និងលទ្ធផលនៃការគ្រប់គ្រងការចេញចូលជនបរទេស ។
-លំហូរពេលករឆ្លងកាត់ព្រំដែនទៅប្រទេសជិតខាង ជាពិសេស ទៅប្រទេសថៃ ។

សូមរំលឹកដែរថា កាលពីឆ្នាំ២០០០ ជំរឿនពលករកម្ពុជានៅប្រទេសថៃ មានប្រមាណជា១០៥.៣០០នាក់ ។ ភាគច្រើនធ្វើការនៅក្នុងវិស័យនេសាទ ហើយមានប្រភពពីខេត្តព្រៃវែងប្រមាណ ៣៦% ។ (ទិន្នន័យ អង្គការ PATH ថៃ សហការដែលសហការជាមួយសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ធ្វើការសិក្សាពីទេសន្តប្រវេសន៍ឆ្នាំ២០០១ ) ហើយលទ្ធផលរំពឹងទុក ចំណុចល្អដែលបានអនុវត្តកន្លងមកត្រូវបានចែករំលែក និងប្រមូលផ្តុំទិន្នន័យ ដើម្បីសិក្សាអំពីចំណុច ល្អ ឬមេរៀនដែលទទួលបានលើ ។

ការប៉ាន់ប្រមាណអំពីកិច្ចសហការ ជាមួយភាគីនៃប្រទេសពាក់ព័ន្ធ ជាពិសេស ប្រទេសថៃ ដែលនៅតែមានឱកាសបង្កបញ្ហាឱ្យពលករជួបការលំបាកនិងមិនមាន​ភាពជឿជាក់លើមន្ត្រីរដ្ឋាភិបាលដដែលនៅឡើយ ។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ-អនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ បានថ្លែងថា :សព្វថ្ងៃនេះកម្ពុជា បានពង្រឹងវិធានការទប់ស្កាត់ និងការគ្រប់គ្រងការ​ឆ្លងដែនខុសច្បាប់របស់ពលករយ៉ាងខ្លាំង និងយកចិត្តទុកដាក់ ដោយបាន​សហការយ៉ាងជិតស្និទ្ធ ជាមួយមន្ត្រីមូលដ្ឋានដើម្បីការពារខឿនសន្តិសុខជាតិ ប្រយុទ្ធប្រឆាំងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន អំពើជួយដូរមនុស្ស ការប្រយុទ្ធប្រឆាំងការសំអាតប្រាក់និងការជួញដូរគ្រឿងញៀនជាដើម។

លោកស្រីបានបន្តទៀតថា : ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងក្រោមម្លប់​ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ កម្ពុជាបានចាប់ផ្តើម ការពង្រឹងការ អនុវត្តច្បាប់អន្តោប្រវេសន៍ ដើម្បីធានាក្នុងការគ្រប់គ្រងការចេញ-ចូល របស់ជនបរទេស និងការប្រកបរបររបស់ជនបរទេសនៅកម្ពុជា ជាពិសេសការធ្វើទំនើបកម្មប្រព័ន្ធទិន្នន័យអន្តោប្រវេសន៍ ទប់ស្កាត់មិនឲ្យមានកំណើន ជនបរទេសស្នាក់នៅខុសច្បាប់ ឬជនបរទេសមករស់នៅក្នុងកម្ពុជា ត្រូវស្ថិតក្រោមដំបូលច្បាប់ ដោយត្រូវគ្រប់គ្រងឲ្យបានម៉ត់ចត់ជាទីបំផុត។

លោកស្រី ក៏បានណែនាំឲ្យយកចិត្តទុកដាក់ក្នុងការបម្រើសេវាជូនភ្ញៀវ​ទេសចរអន្តរជាតិ ដែលបានធ្វើដំណើរតាមច្រកទ្វារ ប្រកបដោយវិជ្ជាជីវៈ និងកត់ត្រាឲ្យបានច្បាស់លាស់ដំណើរចេញ-ចូលរបស់ភ្ញៀវទេសចរ ទោះបីចូលមកក្នុងរយៈពេលខ្លីក៏ដោយ។

ក្នុងកិច្ចប្រជុំមានបទបង្ហាញសង្ខេបស្តីពីលទ្ធផលនៃការអនុវត្តសកម្មភាពរបស់គណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ​និងបទអន្តរាគមន៍ខ្លីៗរបស់អភិបាលខេត្តពោធិសាត់ កោះកុង ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងារទី២ គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូល​របស់ពលករខ្មែរតាមព្រំដែនកម្ពុជា ជាដើម ។

ក្នុងកិច្ចប្រជុំនោះ លោកអភិសន្តិបណ្ឌិត ស សុខា បានសំយោគខ្លឹមសារដែរថា :បំណងនៃកិច្ចប្រជុំនេះ គឺចង់សិក្សាស្វែងយល់អំពីស្ថានភាពលំហូរពលករ​ឆ្លងកាត់ព្រំដែនរបៀបគ្រប់គ្រង ភាពប្រឈម ផលវិបាក និងដើម្បីស្វែងរក ដំណោះស្រាយ ដោយរបៀបយុទ្ធសាស្ត្រ និងគោលនយោបាយ ដើម្បីឆ្លើយតបនឹងភាពរងគ្រោះរបស់ពលករ និងពង្រឹងការគ្រប់គ្រង​ឲ្យមានប្រសិទ្ធភាពល្អជាងមុនផងដែរ។

ហេតុនេះ បញ្ហាជួញដូរមនុស្សនេះជាប្រធានបទដ៏សំខាន់ក្នុងការពិភាក្សានិងរកគនឹ្លះ ដោះស្រាយព្រោះវាធ្វើឲ្យមានការប៉ះពាល់ដល់សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ​របស់មនុស្សនិងធ្វើឲ្យមានការប្រែប្រួលនៃស្ថានភាពសេដ្ឋកិច្ច សង្គម និងនយោបាយ យ៉ាងធ្ងន់ធ្ងរទៀតផង។

បច្ចុប្បន្នពលករចំណាកស្រុកឆ្លងកាត់ព្រំដែនឬទេសសន្តរប្រវេសន៍ដើម្បីស្វែងរកការងារធ្វើនៅក្រៅប្រទេសបានកើនឡើងគួរឲ្យកត់សំគាល់ ជាពិសេសការចេញតាម​ច្រករបៀងមិនស្របច្បាប់ និងតាមវិធីស្របច្បាប់នានាដែលមិនធានា​ដល់សុវត្ថិភាពក្នុងការស្នាក់នៅឡើយ។

លោកថា ជនជាតិខ្មែរដែលត្រូវបានជួយសង្គ្រោះនៅក្នុងប្រទេសផ្សេងៗ បានរកឃើញថា : ជនរងគ្រោះទាំងនោះ ជួបប្រទះនូវបញ្ហាអំពើរត់ពន្ធមនុស្ស អំពើជួញដូរមនុស្ស អំពើកេងប្រវ័ញ្ចពលកម្ម អំពើហិង្សាលើផ្លូវកាយ ផ្លូវភេទជាដើម។

លោកអភិសន្តិបណ្ឌិត ស សុខា សុំឲ្យមន្ត្រីសមត្ថកិច្ចទាំងអស់ ត្រូវចុះឃ្លាំ​មើលរាល់សកម្មភាពជនខិលខូច ដែលជាមេខ្យល់នៅក្នុងតំបន់ដែលមានការសង្ស័យ និងបន្តអប់រំផ្សព្វផ្សាយដល់ពលករឲ្យកាន់តែទូលំទូលាយ ដើម្បីឲ្យពលករទាំងអស់ ងាកមករកការងារធ្វើនៅក្នុងស្រុកខ្មែរវិញវាល្អប្រសើរជាង ៕