អន្តរជាតិ

រុស្ស៊ីដាក់នាយករដ្ឋមន្ត្រីអេស្តូនីក្នុងបញ្ជីតាមរកចាប់ខ្លួនខ្លាំងបំផុត

ដោយ៖ស -សម្បត្តិ

កាលពីថ្ងៃអង្គារ រុស្ស៊ីបានបញ្ចូលឈ្មោះនាយករដ្ឋមន្ត្រីអេស្តូនី លោកស្រីKaja Kallas ទៅក្នុងបញ្ជីតាមរកចាប់ខ្លួនជាផ្លូវការ ខណៈដែលភាពតានតឹងរវាងរុស្សីជាមួយនឹងលោកខាងលិចជុំវិញបញ្ហាអ៊ុយក្រែនកាន់តែកើនឡើងខ្លាំង។
ឈ្មោះនាយករដ្ឋមន្ត្រីអេស្តូនីបានបង្ហាញនៅលើបញ្ជីឈ្មោះរបស់ក្រសួងមហាផ្ទៃជាមនុស្សដែលត្រូវតាមរកចាប់ខ្លួនទាក់ទងនឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌ។ ប៉ុន្តែមិនបានបញ្ជាក់ថាតើលោកស្រី កំពុងប្រឈមនឹងការចោទប្រកាន់ដោយសារមូលហេតុអ្វីទេ។ នេះជាលើកទីមួយហើយដែលក្រសួងមហាផ្ទៃរុស្សីបានដាក់មេដឹកនាំបរទេសនៅក្នុងបញ្ជីតាមរកចាប់ខ្លួន។

នាយករដ្ឋមន្ត្រីអេស្តូនីអ្នកស្រី Kallas គឺជាអ្នកគាំទ្រដ៏ខ្លាំងបំផុតមួយរបស់អ៊ុយក្រែន ដោយបានដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនជំនួយយោធាដល់ទីក្រុង Kyiv និងរឹតបន្តឹងទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។
លោកស្រីបានធ្វើឲ្យទីក្រុងមូស្គូខឹងសម្បាផងដែរ ដោយជំរុញឲ្យមានការដករូបសំណាកទាហានរុស្សីសម័យសង្គ្រាមលោកលើកទី២។ ប្រទេសរុស្ស៊ីមានច្បាប់ដាក់ទណ្ឌកម្មលើ “ការស្តារឡើងវិញនៃពួកណាស៊ី” ដែលរួមបញ្ចូលឃ្លាដាក់ទណ្ឌកម្មចំពោះការប្រមាថដល់អនុស្សាវរីយ៍សង្រ្គាម។រដ្ឋមន្ត្រីការបរទេសអេស្តូនីលោកTaimar Peterkop ក៏ត្រូវបានដាក់ក្នុងបញ្ជីតាមរកចាប់ខ្លួនផងដែរ។

រុស្សីធ្វើនេះទំនងចង់ឆ្លុះបញ្ចាំងពីការប៉ុនប៉ងរបស់ទីក្រុងមូស្គូដើម្បីឈានទៅមុខខណៈដែលខ្លួនប្រឈមមុខនឹងសម្ពាធពីសម្ព័ន្ធមិត្តណាតូ ចំណែកការប្រយុទ្ធនៅអ៊ុយក្រែនជិតដល់រយៈពេលពីរឆ្នាំ ក៏ប៉ុន្តែបានផលតិចតួចខណៈដែលទំនាក់ទំនងរុស្ស៊ីនិងលោកខាងលិចត្រូវជាប់គាំងក្នុងអំឡុងពេលមានជម្លោះ៕