ព័ត៌មានជាតិ

ក្រុមកម្មករជួសជុលប្រាសាទបុរាណ បានបង្ហាញនូវទឹកចិត្តរីករាយ បន្ទាប់ពីបានបញ្ចប់ការជួសជុលប្រាង្គកណ្តាលនៃប្រាសាទតាព្រហ្មកិលរួចរាល់

អត្ថបទ៖ លោក យី សុថា

សៀមរាប៖ ប្រាសាទតាព្រហ្មកិល ដែលជាអតីតមន្ទីរពេទ្យបុរាណសម័យអង្គរ​ធ្លាប់តែរង​ការខូចខាតធ្ងន់ធ្ងរជាយូរមកហើយ។ ប៉ុន្តែពេលនេះ បានវិលត្រឡប់មក​រកស្ថានភាពរឹងមាំ និងមានរូបរាងស្ទើរតែពេញលេញដូចកាលពីសម័យដើមឡើង​វិញហើយ។ ក្រុមកម្មករជួសជុលប្រាសាទបុរាណ បានបង្ហាញនូវទឹកចិត្តរីករាយ បន្ទាប់ពីបានបញ្ចប់ការជួសជុលប្រាង្គកណ្តាល ដែលជាហោរបន់ស្រន់របស់​ប្រាសាទនេះរួចមក។


                           (រូបភាព៖ លោក ភោគ ជា)

រស់នៅភូមិតាត្រៃ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ដែលបម្រើការងារជាកម្មករ​ជួសជុលនៅប្រាសាទតាព្រហ្មកិល លោកតា សេង ស៊ន់ អាយុ៦៩ឆ្នាំ ឱ្យដឹងថា ស្ថានភាពប្រាសាទតាព្រហ្មកិលកាលពីមុនពេលជួសជុល មានការធ្លាក់រលុះថ្ម ប្រាសាទមិនមានលំនឹងព្រមទាំងមានសភាពទ្រុឌទ្រោមខ្លាំង ដោយមានការ​ទល់ទ្រស្ទើរតែគ្រប់កន្លែង។ លោកតា សេង ស៊ន់ បានចូលរួមជួសជុលប្រាសាទ​តាព្រហ្មកិលនេះ ដោយមានតួនាទីជាអ្នកដាប់ឆ្លាក់ទាំងថ្មភក់ និងថ្មបាយក្រៀម​បានបង្ហាញក្តីរំភើបថា រូបលោកមិនខ្ចិលឡើយ ចំពោះការងារជួសជុលប្រាសាទ។ លោកចូលចិត្ត ដោយមិននឿយហត់ ហើយមួយថ្ងៃៗចង់តែមក ចង់តែឃើញ និងនៅតែចង់ធ្វើការងារជួសជុលប្រាសាទបុរាណ។ ប្រសិនបើលោកនៅតែ​មានសុខភាពល្អ គឺលោកនឹងនៅតែមកចូលរួមធ្វើការងារជួសជុលប្រាសាទ​បុរាណបន្តទៀត។

អ្នកភូមិវាល ឃុំគោកចក ក្រុងសៀមរាបលោកតា ឡៃ ឡន អាយុ៦០ឆ្នាំ ជាអ្នកដាប់ឆ្លាក់ថ្មនៅការដ្ឋានជួសជុលប្រាសាទតាព្រហ្មកិលម្នាក់ទៀត មានប្រសាសន៍ថា លោកពិតជាសប្បាយចិត្តដែលបានចូលរួមជួសជុល​ប្រាសាទបុរាណរបស់ដូនតាខ្មែរ។ លោកយល់ថា ការជួសជុលឡើងវិញនេះ នឹងធ្វើឱ្យប្រាសាទរបស់ដូនតាខ្មែរ មានសភាពរឹងមាំបន្តទៀត ដើម្បីបន្សល់ទុក​ឱ្យកូនចៅជំនាន់ក្រោយបានឃើញ និងស្គាល់យូរអង្វែង។ ថ្វីត្បិតតែការងារ​ជួសជុលអភិរក្ស និងថែរក្សាប្រាសាទបុរាណ ឱ្យបានរឹងមាំគង់នៅយូរ​អង្វែងបន្តទៅទៀត គឺជាតួនាទីនិងកាតព្វកិច្ចរបស់អាជ្ញាធរជាតិអប្សរា ក៏ប៉ុន្តែនៅក្នុងនោះ ក៏ត្រូវការប្រជាពលរដ្ឋជាច្រើនបានចូលរួមនៅ​ក្នុងការងារជាច្រើនផ្នែកដែរ។

លោក សេង ស៊ន់ និងលោក ឡៃ ឡន សំណូមពរដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ទាំងឡាយសូមជួយចូលរួមថែរក្សា អភិរក្សប្រាសាទបុរាណរបស់ដូនតាខ្មែរ តាមគ្រប់រូបភាព ចៀសវាងការប្រើសកម្មភាពណាមួយមិនសមរម្យ​ចំពោះប្រាង្គប្រាសាទ នាំឱ្យខូចខាតដល់ថ្មប្រាសាទ និងធ្វើឱ្យបាត់បង់តម្លៃរបស់​សម្បត្តិបេតិកភណ្ឌដែលមិនអាចកាត់ថ្លៃបាននេះ៕


                                (រូបភាព៖ លោក ភោគ ជា)